(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ថានៅថ្ងៃពុធទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «ពលរដ្ឋជាអ្នកព្រោះស្រូវបានផល ជំទាវម្នាក់នៅភ្នំពេញ ជាអ្នកច្រូតយកស្រូវរាប់តោនទៅវិញគ្មានដំណោះស្រាយ» ដែលបានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ច្រឡំមកលើ រដ្ឋបាលខេត្តកំពង់ស្ពឺ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺដូចតទៅ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ នៅសាលាស្រុកឱរ៉ាល់ មានកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយករណីសំណើសុំអន្តរាគមន៍របស់ឈ្មោះ សៅ ប៊ន, និងឈ្មោះ ជា ណក់ តំណាងឱ្យប្រជាពលរដ្ឋ ៣ភូមិ គឺភូមិក្រវៀក, ក្បាលដំរី, ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាលទ្ធផលមានដូចខាងក្រោម៖

១- ត្រូវធ្វើបច្ចុប្បន្នភាពនូវរាល់ឯកសារកាន់កាប់ដីទាំងប្លង់រឹង និងដីមានលិខិតបញ្ជាក់ភូមិ ឃុំ តាមការអះអាងរបស់ឈ្មោះ ជា ណក់ លើទំហំដី ២០ហិកតាឱ្យបានត្រឹមត្រូវច្បាស់លាស់ យ៉ាងយូរនៅមុនថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

២- ត្រូវចាត់តាំងក្រុមការងារចុះទៅវាស់ឃ្លុំដី ៦ហិកតា ជូនទៅឈ្មោះ សៅ ងិន តំណាងប្រជាពលំរដ្ឋចំនួន ០៧គ្រួសារ និងអនុញ្ញាតិឱ្យច្រូតយកផលស្រូវទាំងអស់។ ចុះវាស់ឃ្លុំដីទំហំ ២០ហិកតា តាមសំណើរបស់ឈ្មោះ ជា ណក់ គឺច្រូតស្រូវនៅនឹងកន្លែងលក់ស្រូវទូទាត់ថ្លៃម៉ាស៊ីនច្រូត ចំពោះលុយនៅសល់ចែកជា ២ចំណែក ៥០% ស្មើៗគ្នារវាងឈ្មោះ ជា ណក់ និង នាង ហ៊ាប។

៣- ត្រូវពង្រឹង និងផ្តល់តម្លៃការងារគ្រប់គ្រង ជូនទៅថ្នាក់ដឹកនាំភូមិ ឃុំ។ មានន័យថារាល់គ្រប់ សំណើ សំណូមពរ ក្តីកង្វល់របស់ប្រជាពលរដ្ឋ ទោះជាតាមទូរស័ព្ទ ឬផ្ទាល់មាត់ ឬមានលិខិតផ្លូវការ ត្រូវតែពន្លឿនការដោះស្រាយតាមយន្តការនៃអាជ្ញាធរមូលដ្ឋាន មិនគួរឱ្យបុគ្គល ជា ណក់ ឬបុគ្គលផ្សេងណាមួយ ធ្វើសកម្មភាពបែបនេះតទៅទៀតឡើយ។

៤- គូភាគីវិវាទឈ្មោះ លោក ជា ណក់, និងឈ្មោះ នាង ហ៊ាប ព្រមទទួលយកលទ្ធផលផ្សះផ្សាខាងលើ។ តាមរយៈដំណោះស្រាយខាងលើ ស្នើឱ្យគ្រប់បណ្តាញសង្គមធ្វើការកែតម្រូវឡើងវិញ ព្រោះករណីនេះរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកឱរ៉ាល់ បានដោះស្រាយចប់សព្វគ្រប់ហើយ៕