(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពពិធីបិទវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ព ដល់យោធិនទើបជ្រើសរើសថ្មី ចំនួន៤២នាក់។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីមេបញ្ជាការរង នាយសេនាធិការង ប្រធានមន្ទីរទាំង០៧, លោក លោកស្រី នាយការិយាល័យ, មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង០៩ ប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ (ធំ) ជាន់ទី២ អាគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់យោធិនទើបជ្រើសរើសថ្មី ដោយក្តីនឹករលឹក។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ក៏បានកោតសរសើរចំពោះយោធិនទើបជ្រើសរើសថ្មីដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់រយៈពេល៧២ថ្ងៃកន្លងមក ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យនៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។
ទន្ទឹមជាមួយគ្នានោះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានធ្វេីការផ្តាំផ្ញេីរដល់យោធិនទើបជ្រើសរើសថ្មី គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, គោរព និងអនុវត្តឱ្យបានបទបញ្ជា វិន័យ សីលធម៌របស់កងយោធពលខេមរភូមិន្ទ, ត្រូវមានក្រមសិលធម៌ល្អ គោរពថ្នាក់ដឹកនាំ, ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ។
ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺន, លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏សង្ឃឹមថា យោធិនទើបជ្រើសរើសថ្មីខិតខំធ្វើយ៉ាងណាប្រែក្លាយការអនុវត្តតួនាទីភារកិច្ច ឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីរួមចំណែកក្នុងការកសាងអង្គភាព ក៏ដូចជាស្ថាប័ន ឱ្យកាន់តែមានការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត៕