(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនស៊ីណូ​ អាហ្គ្រី​ប៉ូតាស​សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម​ តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស។

ការណែនាំនេះ ធ្វើឡើងនាឱកាសដែល លោករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីណូ​ អាហ្គ្រី​ប៉ូតាស​(Sino-Agri Potash Co.,Ltd) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះផងដែរ លោក ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានគោលបំណងវិនិយោគធាតុចូលកសិកម្ម ​ពីប្រទេសឡាវមកប្រទេសកម្ពុជា។ លើសពីនេះ​ លោករដ្ឋមន្ត្រី បាន «ផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន​ត្រូវចូលរួមសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម​ តេស្តគុណភាពធាតុចូលកសិកម្ម ជាពិសេសជី ឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស»​

បន្ថែមពីលើនេះ ក្រុមហ៊ុនត្រូវស្វែងយល់ពីនីតិវិធីច្បាប់​ និងនីតិវិធីការចុះបញ្ជីផលិតផលសម្រាប់ពាណិជ្ជកម្មឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ ពាក់ព័ន្ធនឹងការងារនេះទៀតសោត​ លោកបានណែនាំឱ្យក្រុមហ៊ុនស្វែងយល់ពីតម្រូវការទីផ្សារ​នៅកម្ពុជា ហើយត្រូវវិនិយោគជីកសិកម្មដែលមានគុណភាពល្អ​ មានតម្លៃសមរម្យ​ និងមានស្តង់ដាខ្ពស់៕