(ភ្នំពេញ)៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួម និង ថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ឡាវ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ និងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
វេទិកាធុរកិច្ចនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និង ធុរជនទាំងពីរប្រទេស ជួបពិភាក្សាគ្នា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាផ្លាស់ប្តូរបទពិសោន៍ និងស្វែងរកកាលានុវត្តភាពធុរកិច្ច។
ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក អ៊ូឌេត សុវណ្ណវង្ស (Oudet Souvannavong) ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ បានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ និងបានលើកឡើងអំពីវិស័យសក្តានុពលសម្រាប់ជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគ។
លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញថ្លែង
សុន្ទរកថាគន្លឹះបើកវេទិកាធុរកិច្ចកម្ពុជាឡាវ និងបានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរបានលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូទៅជា ភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ដោយរាប់បញ្ចូលទាំង ផែនការកិច្ចសហប្រតិបត្តិការកម្ពុជាឡាវរយៈពេលប្រាំឆ្នាំផងដែរ (២០២៣-២០២៧)។
ក្នុងឱកាសនៃវេទិកានេះ ក៏មានបទអន្តរគមន៍ស្តីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជានិងឡាវផងដែរ ដែលធ្វើបទបង្ហាញដោយលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ភូវង្ស ផៅផុនសាវ៉ាត (Phouvong Phaophongsavath)ប្រធាននាយកដ្ឋាននៃក្រសួងផែនការ និង នាយកដ្ឋានជំរុញវិនិយោគប្រទេសឡាវ។
វេទិកាធុរកិច្ច បញ្ចប់ទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាស ភាតរភាព ដោយធុរជនប្រទេសទាំងពីរ បានជួបប្រាស្រ័យទាក់ទង និង ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការគ្នា។
ចំនុចសំខាន់ៗនៃវេទិកាធុរកិច្ចកម្ពុជា-ឡាវ រួមមាន៖
• វេទិកាធុរកិច្ច បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញា របស់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និង បង្កើនពាណិជ្ជកម្មទ្វេភាគី។
• វេទិកាធុរកិច្ច បានរំលេចនូវវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន៖ កសិកម្ម ថាមពល ទេសចរណ៍ និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាដើម។
• គេរំពឹងថា សកម្មភាពធុរកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នឹងកាន់តែសកម្មនិងរឹងមាំជាលំដាប់។
• វេទិកាធុរកិច្ចនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កសាងភាពជាដៃគូ និង ជំរុញកាលានុវត្តភាពវិនិយោគរវាងប្រទេសទាំងពីរ៕