(ពោធិ៍សាត់)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ព្រមទាំងពិនិត្យលើការងារអភិវឌ្ឍន៍កសាងលើគ្រប់វិស័យ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងជីវភាពរស់នៅរបស់អតីតយុទ្ធជន។

ពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីលោក ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ទីរអង្គភាពជាច្រើនរូបផងដែរ។

នាឱកាសនោះលោកទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានចូលរួមកសាងជីវភាពរបស់ខ្លួនឱ្យមានភាពល្អប្រសើរជាងមុន ក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចឱ្យរៀបចំបង្កើតជាភូមិជូនអតីតយុទ្ធជនដើម្បីឆ្លើយទៅនឹងការលះបង់ និងពលីរបស់ពួកគាត់។

លោកទេសរដ្ឋមន្រ្តី គន់ គីម សង្កេតឃើញថា ក្រោយពីមានការយកចិត្តទុកដាក់ និងការផ្តល់នូវអំណោយនានាជាបន្តបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើបធ្វើឱ្យភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង មានការអភិវឌ្ឍ ហើយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនមានភាពល្អប្រសើរតាមរយៈរបរទទួលទាន​ដោយការធ្វើ​កសិកម្មលក្ខណៈគ្រួសារ និងចិញ្ចឹមសត្វជាដើម។

ទន្ទឹមគ្នានេះលោកទេសរដ្ឋមន្រ្តី បានជំរុញឱ្យគ្រប់ផ្ទះគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវតែធ្វើការដាំដុះដំណាំបន្ថែមទៀត ដើម្បីបង្កើនជីវភាព ពោលពេលទទួលបានផ្ទះ និងដី ត្រូវតែមានដំណាំដាំដុះ។

លោកទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា ភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង គឺជាភូមិពិសេស ព្រោះភូមិនេះបង្កើតឡើងសម្រាប់អតីតយុទ្ធជន ក្រោមគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន ដោយបានចែកដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលសកម្មភាពទាំងអស់នេះបន្តរហូតដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ក្នុងនោះដែរ គ្រួសារអតីតយុទ្ធជនរស់នៅក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង សម្តែងការដឹងគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ដី និងផ្ទះដល់អតីតយុទ្ធជន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់ និងអភិវឌ្ឍន៍កសាងបន្ថែមជាបន្តបន្ទាប់។ ភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹងមានគ្រួសារអតីតយុទ្ធជន​សរុបប្រមាណ ៦២៨គ្រួសារ ខណៈថ្នាក់ដឹកនាំនៃសមាគមអតីតយុទ្ធជនកម្ពុជា គ្រោងនឹងពង្រីក១ពាន់គ្រួសារបន្ថែមទៀតសម្រាប់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត៕