(ភ្នំពេញ)៖ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ និងទទួលបានប័ណ្ណកម្មសិទ្ធិជាម្ចាស់ដីពេញលក្ខណៈស្របច្បាប់ ហើយត្រូវបានការពារដោយច្បាប់នោះ មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន៣ នៃសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។
ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ មានរយៈពេល១៥ គឺចាប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋមកពិនិត្យមើល ទិន្នន័យក្បាលដី របស់ខ្លួនឲ្យបានច្បាស់លាស់ជៀសវាងខុស កម្មសិទ្ធិរួម ជារបស់ប្តី របស់ប្រពន្ធ ជារបស់ឪពុកម្តាយ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឬបាត់ទំហំដីជាដើម ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ធ្វើការកែតម្រូវឡើងវិញ ឲ្យបានត្រឹមត្រូវ មានតម្លាភាព សំដៅពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនពួកគាត់ឲ្យបានឆាប់រហ័ស។
ពិធីនោះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប៊ុន សុឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ និងមានការញ្ជើញចូលរួមដោយលោក គន់ ចាន់សុភារី អភិបាលរងខណ្ឌកំបូល លោកចៅសង្កាត់ភ្លើងឆេះរទេះ លោកមេភូមិ និងប្រជាពលរដ្ឋរស់ នៅក្នុងភូមិទាំង៣ខាងលើផងដែរ។
លោក គន់ ចាន់សុភារី អភិបាលរងខណ្ឌកំបូល បានថ្លែងទៅកាន់ប្រជាពលរដ្ឋទាំងអស់ថា នៅពេលទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី គឺជាភាពជោគជ័យមួយ ដែលបងប្អូនមានសិទ្ធិក្នុងការកាន់កាប់ដីដោយស្របច្បាប់ហើយ។ ដូច្នេះសូមឲ្យយកចិត្តទុកដាក់ថែរក្សាឲ្យបានល្អ កុំយកទៅណាផ្ដេសផ្ដាសទុកដាក់ឲ្យស្រួលកុំឲ្យកណ្ដុរ ក្រឡាតកាត់ ឬបាត់បង់ ព្រោះនេះគឺជាការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំដែលបានដុតដៃដុតជើងបញ្ជូនក្រុមការងារចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនដើម្បីកុំឲ្យមានបញ្ហាតទៅទៀត។ ពេលខ្លះត្រូវសាងសង់ផ្ទះ ឬសង់សំណង់ផ្សេងៗកុំឲ្យមានការប្ដឹងផ្ដល់គ្នា ធ្វើតែនៅក្នុងប្លង់ដីយើងរៀងខ្លួន ដូច្នេះបានសុខសាន្តទាំងអស់គ្នាហើយ។
លោក ប៊ុន សុឈី បានថ្លែងថា ទិន្ន័នយដែលបានបិទផ្សាយទាំង៣ភូមិនេះមានចំនួន២,៨៣០ក្បាលដី។ ចំណែកការចុះបញ្ជីមាន៥ដំណាក់កាលគឺទី១៖ ប្រកាសតំបន់វិនិច្ឆ័យ និងប្រកាសគណៈកម្មការរដ្ឋបាល, ទី២៖ ចុះវាស់វែងប្រមូលទិន្ន័នយក្បាលដី, ទី៣៖ បិទផ្សាយទិន្ន័នយជាសាធារណៈរយៈពេល១៥ថ្ងៃ, ទី៤៖ មានរបាយការណ៍បូកសរុបជូនគណៈកម្មការរដ្ឋបាល ក៏ដូចជាលោកអភិបាលរាជធានីភ្នំពេញ ដើម្បីសម្រេចលើឯកសារប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី និងទី៥៖ គឺការចែកប័ណ្ណកម្មសិទ្ធិ។
លោក ប៊ុន សុឈី បានបន្តទៀតថា ទិន្នន័យដែលបិទផ្សាយនៅថ្ងៃនេះមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះមិនត្រូវមើលទិន្នន័យឲ្យគ្នាទៅវិញទៅមកនោះទេប្រយ័ត្នខុស ព្រោះមិនអាចឲ្យនរណាម្នាក់មកមើលទិន្ន័យជំនួសបានឡើយ គឺមានតែសាមីខ្លួនមើលខ្លួនឯងទើបមិនខុស។ ទាក់ទិននិតិវិធីពិនិត្យមើលនោះដែរ សូមពិនិត្យបញ្ជីឈ្មោះម្ចាស់ដី លេខក្បាលដី ឈ្មោះកម្មសិទ្ធិករ សាវតាខែឆ្នាំ កំណើត ឈ្មោះឪពុកម្ដាយ ទីកន្លែងកំណើត ទំហំដី និងទីតាំងដីថាតើត្រឹមត្រូវឬអត់ ហើយបើឃើញថាខុសហើយ ត្រូវដាក់ពាក្យសុំកែតម្រូវ ដោយយោងទៅលើអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតឡើងវិញ៕