(ភ្នំពេញ)៖​ លោកឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងលោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ​ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៤ បានអញ្ជេីញជាអធិបតីបេីកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)​ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល បញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្ត-សញ្ញាណបុគ្គល ដែលសេវាចំនួន ៤ ក្នុងប្រកាសអន្តរក្រសួងនេះ កំពុងត្រូវបានប្រើប្រាស់សាកល្បងដោយស្ថាប័ន​រដ្ឋ និងវិស័យឯកជនជាសមាជិកនៃថ្នាល CamDX ។

សិក្ខាសាលានេះទទួលបានអ្នកចូលរួមប្រមាណជាង ២០០​ នាក់ មកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ដែលជាថ្នាក់​ដឹកនាំ​បច្ចេកទេស, ​មន្ត្រី​រាជការ និងពីវិស័យឯកជន ដែលជាតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងសមាគមធុរកិច្ច ។

បទបង្ហាញចំនួន ៤ ដែលត្រូវបានធ្វើឡើងដោយក្រុមការងារប្រតិបត្តិករនៃថ្នាល CamDX និង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ រួមមាន៖ (១) អំពីថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX), (២) ការស្នើសុំចូលជាសមាជិកថ្នាល CamDX និងស្នើសុំប្រើប្រាស់សេវា ដែលមាននៅលើថ្នាល CamDX, (៣) ការងារបច្ចេកទេសនៃការធ្វើសន្ធានកម្មជាមួយថ្នាល CamDX និង (៤) យន្តការនៃការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល, បញ្ជាក់អត្តសញ្ញាណបុគ្គល និង បញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។

សូមបញ្ជាក់ផងដែរថា សេវាផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយមិនគិតកម្រៃសេវាពីសមាជិកពីវិស័យឯកជននៃថ្នាល CamDX មានរយៈពេលជាង ២ឆ្នាំ​មកហើយ រហូតមកដល់ពេលបច្ចុប្បន្ន ដោយកិច្ចការនេះត្រូវបានចាត់ទុកថាជាការជួយសម្រួលដល់ការអនុវត្តការងារ និងធ្វើធុរកិច្ច ទាំងក្នុងវិស័យសាធារណៈ និង វិស័យ​ឯកជន។

ទោះជាយ៉ាងណា, មកដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបានពិនិត្យឃើញពីភាពចាំបាច់ក្នុងការយកកម្រៃសេវាលើការប្រើប្រាស់ APIs សម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញា​ណ​បុគ្គល តាមរយៈថ្នាល CamDX ដើម្បីផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នដែលជាម្ចាស់ APIs បន្តនិរន្តរភាពនៃការគ្រប់គ្រង ធ្វើបច្ចុប្បន្នភាព និង ថែទាំប្រព័ន្ធឱ្យកាន់តែប្រសើរ។ ជាស្ថិតិ, ក្នុងរយៈពេលជាង ២ឆ្នាំនេះ ប្រតិបត្តិការនៃការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គលមានចំនួន ជិត ២០លាន ប្រតិបត្តិការ ដោយក្នុងខែជាមធ្យមមានប្រតិបត្តិការប្រហែល ១លាន កំពុងស្នើសុំផ្ទៀងផ្ទាត់ជាមួយទិន្នន័យអត្តសញ្ញាណបុគ្គលរបស់ក្រសួងមហាផ្ទៃ ដោយសមាជិកពីវិស័យឯកជនចំនួន ៣៥ ។

សិក្ខាសាលានេះបានឆ្លុះបញ្ជាំងពីការធ្វើការជាតួអង្គតែមួយនៃស្ថាប័នរដ្ឋាភិបាល ក្នុងការផ្តល់សេវាផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ដល់សេវាសាធារណៈរបស់រដ្ឋ និងប្រព័ន្ធឌីជីថលរបស់វិស័យឯកជន តាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធិភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ, សមិទ្ធផលនេះក៏ជាគំរូដល់ក្រសួងស្ថាប័នដែលកំពុងគ្រប់គ្រងទិន្នន័យគោល ពិចារណាផ្តល់លទ្ធភាពបើកផ្ទៀងផ្ទាត់ទិន្នន័យ ក្នុងប្រព័ន្ធអេកូឡូស៊ីរួមតែមួយ៕