(ភ្នំពេញ)៖ លោកស្រី Tania Meyer ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ចូលរួមលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រ មានន័យថាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច របស់សហគមន៍មូលដ្ឋានផង និងការពារបរិស្ថានឱ្យបានល្អផងដែរ។

ការលើកឡើងបែបនេះរបស់ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា បានធ្វើឡើងក្នុងពេលទទួលបានការអនុញ្ញាតជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

លោកស្រី Tania Meyer បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងការដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានជំរុញលើកទឹកចិត្តជាពិសេសសិស្សានុសិស្ស និងយុវជន ឱ្យចូលរួមយ៉ាងសកម្មដើម្បីភាពស្អាត និងភាពបៃតង។ លោកស្រីបានលើកឡើងពីការគាំទ្រដល់ការអភិវឌ្ឍគោលដៅលំហែបៃតង និងរបៀងទេសចរណ៍ធម្មជាតិ របស់សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍តំបន់ការពារធម្មជាតិ។

លោកស្រី Tania Meyer បានប្រកាសថា ធនាគារពិភពលោក ប្រកាសផ្តល់ទឹកប្រាក់ចំនួន ២លានដុល្លារ សម្រាប់គម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ក្នុងការឆ្លើយតបនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីតម្រង់ទិស និងចង្អុល បង្ហាញពីអាទិភាព ការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ក្នុងមុំចំនួនបី គឺ «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះទៅសម្រេច ការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានគាំទ្រដល់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលកំពុងដាក់ចេញយុទ្ធនាការ ជាជំហានៗយ៉ាងស្វាហាប់ លើការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានការចូលរួមយ៉ាងផុសផុល ជាពីប្រជាពលរដ្ឋចំនួន៩,៧លាននាក់ ក្នុងនោះសិស្សានុសិស្សទូទាំងប្រទេសមានចំនួនជាង៣,៦លាននាក់ បានចូលរួមប្តេជ្ញាចិត្ត យ៉ាងតិច១ថ្ងៃ និងឈានទី២ថ្ងៃ មិនប្រើថង់ប្លាស្ទិក និងបានកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។ បន្ទាប់មក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» សំដៅទៅលើតាមភូមិ ឃុំទូទាំងប្រទេសកម្ពុជារួមគ្នា គឺប្រជាពលរដ្ឋ ទាំងអស់សម្អាតជុំវិញផ្ទះ ជុំវិញសាលារៀន មន្ទីរពេទ្យ រោងចក្រ គ្រឹះស្ថាន វត្តអារាមនិងភូមិដ្ឋានឱ្យបានស្អាត។

នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម លោករដ្ឋមន្រ្តី បានលើកទឹកចិត្តធនាគារពិភពលោក ពង្រីកបន្ថែមលើគម្រោងជួយលើការអភិវឌ្ឍដោយចីរភាព ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹងសំរាម ការកាត់បន្ថយការបំពុលដោយប្លាស្ទិក និងការកសាងហេដ្ឋារចនាសម្ព័ន្ធទីលានទុកដាក់សំរាម ដើម្បីឆ្លើយតបនឹងការទប់ស្កាត់បំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ៕