(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរ កីឡាករប្រដាល់សកលកម្ពុជា អាន់វ៉ា ណេស្រេឌីនូវ ដែលទទួលបានមេដាយសំរឹទ្ធ នៃការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤ (Asian Boxing Championship) នៅប្រទេសថៃ។
យោងតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានផ្ញើសារអបអរសាទរយ៉ាងដូច្នេះថា «អបអរសាទរ កីឡាករប្រដាល់សកលកម្ពុជា អាន់វ៉ា ណេស្រេឌីនូវ ដែលឈ្នះបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រដាល់សកលជើងឯកអាស៊ី «Asian Boxing Championship ឆ្នាំ២០២៤» ប្រភេទទម្ងន់ ៨០គីឡូក្រាម»។
តាមការបញ្ជាក់របស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រដាល់សកលជើងឯកអាស៊ី ឆ្នាំ២០២៤ បានចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី៣០-វិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ដោយកម្ពុជា បានបញ្ជូនកីឡាករម្នាក់ចូលរួម គឺកីឡាករ អាន់វ៉ា ណេស្រេឌីនូវ ដែលប្រកួតលើប្រភេទទម្ងន់ ៨០គីឡូក្រាម។
សម្រាប់លទ្ធផលការប្រកួតនៅក្នុងជុំដំបូង អាន់វ៉ា បានយកឈ្នះកីឡាករទួកមេនីស្ថាន ដោយបានផ្ដួលដៃគូឲ្យសន្លប់ត្រឹមទឹកទី១ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាករជើងខ្លាំងចិន តែសោកស្ដាយក្នុងវគ្គ ៤នាក់ចុងក្រោយនេះ កីឡាករកូនកាត់រូបនេះ បានរងបរាជ័យដោយពិន្ទុ ក្រោមថ្វីដៃកីឡាករចិន ដែលនាំឲ្យ អាន់វ៉ា ទទួលបានមេដាយសំរឹទ្ធតែម្ដង។
យ៉ាងណាលោកបានចាត់ទុកនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់កីឡាប្រដាល់សកលកម្ពុជា ដែលដណ្ដើមបានមេដាយជើងឯកអាស៊ីកម្រិតអត្តពលិកពេញវ័យលើកដំបូង បន្ទាប់ពីធ្លាប់ដណ្ដើមបានមេដាយប្រាក់ និងសំរឹទ្ធ កម្រិតយុវជនអាយុក្រោម ២២ឆ្នាំ កាលពីឆ្នាំ២០២៣ កន្លងទៅ៕