(ហ្វីលីពីន)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ ទៅចូលរួមកម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលូបនីយកម្មរដ្ឋាភិបាល នៅសាធារណរដ្ឋហ្វ៊ីលីពីន ដែលរៀបចំឡើងដោយក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋហ្វ៊ីលីពីន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងអ្នកជំនាញមកពីបណ្តាប្រទេសមួយចំនួន រួមមាន អេស្តូនី អេត្យូពី កាហ្សាក់ស្ថាន ម៉ាឡេស៊ី កូរ៉េខាងត្បូង ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំៗ ក្នុងគោលបំណងចែករំលែកបទពិសោធនិងស្វែងយល់ឱ្យបានស៊ីជម្រៅអំពី (១) ដំណើរបរិវត្តកម្មឌីជីថលរបស់សាធារណរដ្ឋហ្វ៊ីលីពីន (២) កិច្ច-សហប្រតិបត្តិការនិងភាពជាដៃគូនាពេលអនាគតពាក់ព័ន្ធនឹងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh (៣) វឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈពីបណ្តាប្រទេសដែលបានចូលរួម និង (៤) បទពិសោធនៃបរិវត្តកម្មឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលធំៗជាតិនិងអន្តរជាតិ។
ក្នុងកម្មវិធីនេះ លោករដ្ឋមន្រ្តីបានថ្លែងសុន្ទរកថា គន្លឹះបើកកម្មវិធី និងរំលេចអំពីសារៈសំខាន់នៃកម្មវិធីនេះដែលអនុញ្ញាតឱ្យបណ្តាប្រទេសចូលរួមចែករំលែកអំពីបទពិសោធជោគជ័យ បញ្ហាប្រឈម និងដំណោះស្រាយនានានៅក្នុងដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ខ្លួន ហើយក៏ជាវេទិកាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មរដ្ឋាភិបាលឌីជីថលផងដែរ។
បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏បានចែករំលែកអំពីមូលដ្ឋានគន្លឹះនៃដំណើរបរិវត្តកម្មឌីជីថលនេះ រួមមាន (១) ការរៀបចំក្របខណ្ឌគតិយុត្តដើម្បីធានាសុវត្ថិភាពនិងបង្កើនទំនុកចិត្តដល់ប្រព័ន្ធអេកូឡូស៊ីឌីជីថល (២) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់ ជាពិសេសនៅតំបន់ជនបទនិងដាច់ស្រយាល (៣) ការកំណត់អាទិភាពនៃការអភិវឌ្ឍធនធានមនុស្សលើជំនាញឌីជីថល ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យ និងការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និង (៤) នវានុវត្តន៍ឌីជីថល តាមរយៈការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ការជំរុញការសិក្សាស្រាវជ្រាវនិងនវានុវត្តន៍ និងការប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលជាដើម។
ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរបស់ ក.ប.ទ. ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov ជាមួយបណ្តាប្រទេសមួយចំនួន ដូចជា ឡាវនិងទីម័រខាងកើត និងការផ្លាស់ប្តូរបទពិសោធនៃការអភិវឌ្ឍកម្មវិធី eGovPH SuperApp របស់ហ្វ៊ីលីពីន ជាមួយនឹងកម្មវិធី DG SuperApp របស់កម្ពុជា ដែល ក.ប.ទ. បានអភិវឌ្ឍអស់រយៈពេលជាង ២ឆ្នាំរួចមកហើយ និងគ្រោងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនិងការស្នើសុំសេវារវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ ដោយផ្តល់ភាពកាន់តែងាយស្រួល កាត់បន្ថយពេលវេលា និងការចំណាយដែលឈានទៅធ្វើឱ្យកាន់តែប្រសើរនូវការផ្តល់សេវាសាធារណៈផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជានឹងជួយសាធារណរដ្ឋហ្វ៊ីលីពីន ក្នុងការរៀបចំដាក់ឱ្យដំណើរការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph ឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៥ ផងដែរ។
បន្ទាប់ពីពិធីបើកកម្មវិធីនេះ សមាជិកប្រតិភូកម្ពុជាក៏បានចូលរួមកិច្ចពិភាក្សាជាមួយបណ្តាប្រទេសចំនួន ៥ផ្សេងទៀត ដើម្បីចែករំលែកអំពីការអនុវត្ត បទពិសោធ បញ្ហាប្រឈម និងដំណោះស្រាយក្នុងដំណើរបរិវត្តកម្មឌីជីថលដែលប្រទេសនីមួយៗបានជួបប្រទះ។
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធនាគារពិភពលោក (World Bank) មូលនិធិ Co-Develop និងសម្ព័ន្ធភាពផលិតផលសាធារណៈឌីជីថល (Digital Public Goods Alliance) និងយុទ្ធនាការ 50-In-5 បានចាត់ទុកថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (DPI) ទី៤ របស់ពិភពលោក ហើយបានលើកទឹកចិត្តឱ្យប្រទេសផ្សេងៗពិចារណាប្រើប្រាស់ថ្នាលនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតម្លាភាពនៃការផ្តល់សេវាសាធារណៈដល់ធុរកិច្ចនិងប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើ ថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។
ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។
ចំណែកឯកម្មវិធី eGovPH SuperApp របស់ហ្វ៊ីលីពីន ជាកម្មវិធីដែលរួមបញ្ចូលថ្នាលនិងកម្មវិធីរដ្ឋាភិបាលពហុវិស័យតាមរយៈប្រព័ន្ធអនឡាញតែមួយ ដែលជួយសម្រួលដល់ប្រតិបត្តិការនិងការស្នើសុំសេវារវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ៕