(វ៉ាស៊ីនតោន)៖ ការដួលរលំនៃរបបដឹកនាំរបស់លោកប្រធានាធិបតីស៊ីរី Bashar al-Assad បានបង្កើតឱ្យមានភាពរីករាយនៅក្នុងប្រទេសស៊ីរី និងនៅតាមបណ្ដាប្រទេសលោកខាងលិចដែលចង់ឃើញរបបលោក Assad រលំរលាយ។ ប៉ុន្តែព្រមពេលជាមួយគ្នា ការដួលរលំនេះក៏បានធ្វើឱ្យស៊ីរីធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់យ៉ាងស៊ីជម្រៅមួយផងដែរ។ ពោលគឺសំណួរជាមូលដ្ឋានអំពីរដ្ឋាភិបាលថ្មី សន្តិសុខ និងសេដ្ឋកិច្ច របស់ស៊ីរី នៅតែត្រូវរង់ចាំចម្លើយនៅឡើយ។ ក្រុមអ្នកវិភាគខ្លះបាននិយាយថាការព្យាករពីអនាគតរបស់ស៊ីរី គឺជារឿងមួយដ៏ពិបាក នោះក៏ដោយសារតែការដួលរលំយ៉ាងទាន់ហន់ នៃរបបលោក Assad បានធ្វើឱ្យ មនុស្សជាច្រើនដែលបានតាមដានស្ថានការណ៍ស៊ីរីជាច្រើនឆ្នាំមកនេះភ្ញាក់ផ្អើលជាខ្លាំង។
«វាពិតជាពិបាកខ្លាំងណាស់នៅក្នុងការដំណើរការ និងការផ្ទេរអំណាចដោយរលូនប្រឈមមុខនឹងការប្រែប្រួលស្ថានការណ៍យ៉ាងលឿនរហ័សមួយបែបនេះ»។ នេះជាការយល់ឃើញរបស់លោកស្រី Sanam Vakil ជានាយកកម្មវិធីមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃវិទ្យាស្ថានស្រាវជ្រាវ Chatham House មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ លោកស្រីបន្តថា «ការប្រែប្រួលស្ថានការណ៍លឿនពេក និងភាពមិនច្បាស់លាស់បង្កជាហានិភ័យជាច្រើនចំពោះអ្វីដែលអាចនឹងកើតឡើងបន្ទាប់ គឺមានជាប់ពាក់ព័ន្ធនឹងគណនេយ្យភាព និងអភិបាលកិច្ចល្អ ដើម្បីការពារផលប្រយោជន៍របស់ប្រជាជនស៊ីរី»។ ស៊ីរីបានស្ថិតនៅក្រោមការគ្រប់គ្រងដោយ ត្រកូល Assad អស់រយៈពេលជាង៥០ឆ្នាំមកហើយ។ រីឯលោក Assad បានដឹកនាំប្រទេសជាង២៤ឆ្នាំ ហែលឆ្លងសង្រ្គាមស៊ីវិលចាប់តាំងពីឆ្នាំ២០១១មក ដែលបានផ្ទុះឡើងក្រោយរូបលោកប្រើកណ្ដាប់ដៃ បង្ក្រាបលើចលនាបាតុកម្មប្រឆាំងនឹងរបបរបស់លោក។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី នៅក្នុងសង្រ្គាមស៊ីវិលនេះមានជនជាតិស៊ីរីជាងកន្លះលាននាក់បានស្លាប់ ក្នុងនោះមានជនស៊ីវិល ២០០ ០០០នាក់ ហើយប្រជាជនស៊ីរីរាប់លាននាក់ផ្សេងទៀត រត់ភៀសខ្លួនចេញពីប្រទេស។
លោកស្រី Lahib Higel វិញ ជាអ្នកវិភាគជាន់ខ្ពស់មកពីវិទ្យាស្ថានស្រាវជ្រាវ International Crisis Group បានលើកឡើងថា «នេះជាពេលវេលាត្រូវអបអរសាទរ ហើយគេអាចយល់បាន ប្រសិនបើគេសម្លឹង ទៅ កាន់ភាពរីករាយរបស់ប្រជាជនស៊ីរី។ ប៉ុន្តែវាក៏មានផងដែរការព្រួយបារម្ភថាតើនឹងមានអ្វីកើតឡើងនៅស្អែក»។ បើតាមក្រុមអ្នកវិភាគ សំណួដែលគេត្រូវចោទសួរភ្លាមៗ នោះគឺថាតើក្រុមឧទ្ទាមអាចការពាររដ្ឋធានី ដាម៉ាសដោយសុវត្ថិភាព និងអាចរារាំងកុំឱ្យចលាចលផ្ទុះឡើងដោយរបៀបណា? ហើយថាតើអ្វីទៅជាផែនការរបស់ពួកគេ នៅបន្ទាប់ពីសម្រេចគោលដៅរបស់ខ្លួនក្នុងការផ្ដួលរំលំរបដឹកនាំរបស់ត្រកូល Assad? មិនតែប៉ុណ្ណោះ កាន់តែមិនច្បាស់ទៅទៀត នោះគឺថាតើក្រុមចម្រុះឧទ្ទាមអាចពង្រីកការគ្រប់គ្រងរបស់ពួកគេលើប្រទេសស៊ីរីទាំងមូលបានលឿនរហ័សកម្រិតណា និងដោយរបៀបណា? ពីព្រោះថាការបង្រួបបង្រួម ទឹកដីស៊ីរីជាកត្តាដ៏សំខាន់ដើម្បីនាំមកនូវស្ថិរភាព។ ម្យ៉ាងគេក៏ត្រូវរង់ចាំមើលសិនដែរថាតើក្រុមឧទ្ទាមក្នុងក្រុមចម្រុះដែលមានបក្ខពួក និងមេកើយរៀងៗខ្លួននឹងអាចសាមគ្គីគ្នាបានយូរប៉ុនណា ក្រោយបណ្ដេញលោក Assad ចេញពីអំណាច។
លើសពីនេះទៅទៀត វាក៏មិនច្បាស់ទៅទៀតថាតើរដ្ឋាភិបាលថ្មីណាមួយរបស់ស៊ីរី អាចរក្សាតុល្យាភាពផលប្រយោជន៍ជាមួយកងកម្លាំងផ្សេងទៀតដែលកំពុងគ្រប់គ្រងទឹកដីស៊ីរីដោយរបៀបណា ឬក៏ថាតើពួកគេអាច គ្រប់គ្រងដំណើរការផ្ទេរអំណាច ឬថាតើពួកគេអាចមានកញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីចំណាយលើសេវាសាធារណៈដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការដំណើរការនៃរដ្ឋមួយបាន ដែរឬក៏យ៉ាងណា? បើតាមលោកស្រី Higel ស្ថានភាពនៅស៊ីរីអាចប្រៀបធៀបជាមួយអ៉ីរ៉ាក់ កាលពីឆ្នាំ២០០៣ នៅបន្ទាប់ពីកងទ័ពអាមេរិកផ្ដួលរំលំរបបសាដាំ ហូសេន។ ក្រោយការដួលរលំរបបសាដាំ ហូសេន ភាពរីករាយ និងសុទិដ្ឋិនិយមអំពីការផ្ទេរ អំណាចដោយប្រជាធិបតេយ្យក៏បានកើតឡើងដែរ តែនៅទីបញ្ចប់ អ៉ីរ៉ាក់បានធ្លាក់ចូលក្នុងអសិ្ថរភាព និងអំពើហិង្សា រហូតនាំឱ្យកើតពួក ISIS និងបង្កទៅជាសង្រ្គាមស៊ីវិលបែងចែកបក្សពួកយ៉ាងសាហាវអស្ចារ្យ។ រឿងដូចគ្នានេះក៏ធ្លាប់បានកើតឡើងដែរនៅលីប៊ីកាលពីឆ្នាំ២០១១ ក្រោយអតីតមេដឹកនាំលោក Muammar Qaddafi ត្រូវបានគេផ្ដួលរំលំ និងបាញ់សម្លាប់ចោល។ តែទោះជាបែបនេះក្ដី សម្រាប់លោកស្រី Higel ក្រុមឧទ្ទាមស៊ីរីដែលបានបណ្ដេញលោក Assad ពីអំណាចអាចជំរុញប្រជាប្រិយភាពស្របច្បាប់របស់ពួកគេ។
លោក Abu Mohammad al-Jolani ជាមេដឹកនាំក្រុមឧទ្ទាម Hayat Tahrir al-Sham ហៅកាត់ថា HTS ដែលធ្លាប់មានទំនាក់ទំនងជាមួយអាល់កៃដា និងដែលបានដឹកនាំប្រតិបត្តិការវាយលុករបស់ក្រុមចម្រុះឧទ្ទាម ផ្ដួលរំលំរបបលោក Assad បានគ្រប់គ្រងទឹកដីមួយធំនៅក្នុងខេត្ត Idlib ស្ថិតនៅភាគពាយព្យប្រទេសស៊ីរី។ លោក Jolani បានដឹកនាំរដ្ឋាភិបាលមួយនៅទីនោះជាមួយគំនិតអភិរក្សនិយម និងមនោគមន៍វិជ្ជាអ៉ីស្លាម និកាយស៊ុននីត។ ប៉ុន្តែ លោកស្រី Higel បានកត់សម្គាល់ថាលោក Jolani បានបង្ហាញពីភាពអត់ឱនខាងសាសនា និងដល់ជនជាតិដើមភាគតិចនៅតំបន់ដែលក្រុមរបស់លោកដណ្ដើមគ្រប់គ្រង។ «គ្រប់សញ្ញាទាំងអស់ នេះ បង្ហាញពីភាពវិជ្ជមាន ប៉ុន្តែតើពួកគេអាចប្រកាន់ខ្ជាប់បែបនេះដែរឬទេ?»។ នេះជាការបន្ថែមរបស់លោកស្រី Higel ជាមួយការសង្កត់ធ្ងន់ថាស៊ីរីសព្វថ្ងៃ គឺក្រីក្រជាងអ៉ីរ៉ាក់កាលពីឆ្នាំ២០០៣ទៅទៀត។ ដូច្នេះ សម្ពាធសង្គម និងសេដ្ឋកិច្ចក៏ធំសម្បើមដូចគ្នាដែរ។
ដោយឡែក អ្នកជំនាញមួយរូបទៀត គឺលោកស្រី Lina Khatib មកពីវិទ្យាស្ថាន Chatham House បាននិយាយថាដើម្បីអាចស្វែងយល់ពីអ្វីដែលនឹងកើតឡើងបន្ទាប់សម្រាប់ស៊ីរី វាជារឿងចាំបាច់មួយដែលគេត្រូវ ពិចារណាលើការគំាទ្រដ៏យូរអង្វែងរបស់អ៉ីរ៉ង់ចំពោះរបបលោក Assad ហើយថាតើអ៉ីរ៉ង់មានតួនាទីយ៉ាងណានៅស៊ីរី? លោក Assad ធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៉ីរ៉ង់ ប៉ុន្តែ រដ្ឋាភិបាលនៅទីក្រុងតេហេរ៉ង់ បានបោះបង់រូបលោកចោល ដែលប្រៀបដូចជាការបោះបង់ចោលស៊ីរីជាទីដែលអ៉ីរ៉ង់មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងពិភពអារ៉ាប់។ ណាមួយក្នុងពេលប៉ុន្មានឆ្នាំមកនេះ ទោះជាលោក Jolani បានប្រកាសជាសាធារណៈ ពីការផ្ដាច់ខ្លួនពីអាល់កៃដា និងក្រុម ISIS ក៏សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចផ្សេងទៀតនៅតែចាត់ទុក HTS ជាអង្គការភេវកម្មក្នុងឆ្នាំ២០១៨ ហើយអាមេរិកថែមទាំងប្រកាសផ្ដល់រង្វាន់ ១០លានដុល្លារ សម្រាប់ក្បាលរបស់លោកទៀតផង។ ម្លោះហើយក្រោយផ្ដួលរំលំរបបដឹកនាំរបស់លោក Assad ដែលមានរុស្ស៉ី និងអ៉ីរ៉ង់ជាខ្នងបង្អែក តើរដ្ឋាភិបាលថ្មីណាមួយរបស់ក្រុមឧទ្ទាមស៊ីរី នឹងត្រឡប់ទៅរករុស្ស៉ី ឬអ៉ីរ៉ង់វិញ ឬក៏ ត្រូវស្ដារទំនាក់ទំនងជាមួយលោកខាងលិចឡើងវិញ?
គួរបញ្ជាក់ថា លោក Assad បានភៀសខ្លួនចេញពីប្រទេសស៊ីរី ក្រោយក្រុមឧទ្ទាមវាយលុកលឿនដូចផ្លេកបន្ទោរចូលគ្រប់គ្រងរដ្ឋធានីដាម៉ាសកាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ដោយប្រើពេលត្រឹម ១១ថ្ងៃ ដើម្បីបិទបញ្ចប់ របបដឹកនាំដោយគ្រួសារលោក Assad អស់រយៈពេលជាង ៥០ឆ្នាំមកនេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក Assad និងក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៉ីយល់ព្រមផ្ដល់សិទ្ធិ ជ្រកកោន ក្រោមហេតុផលមនុស្សធម៌៕