(សៀមរាប)៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលា ស្តីពីការលុបបំបាត់សារធាតុគីមីគ្រោះថ្នាក់ នៅក្នុងខ្សែរច្រវាក់ផលិតកម្ម នៃវិស័យវាយនភណ្ឌនិងសំណង់ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ UNEP, UNDP, UNIDO, FAO និង GEF ដោយមានអ្នកចូលរួមចំនួន ៦០រូប មកពីប្រទេសអនុវត្តគម្រោងចំនួន៨ រួមមាន៖ កម្ពុជា កូស្តារីកា អេក្ខាដ័រ ឥណ្ឌា ម៉ុងហ្កោលី ប៉ាគីស្ថាន ប៉េរូ និងទ្រីណាដាត និងតូបាហ្គោ តំណាងស្ថាប័នរដ្ឋ វិស័យឯកជន វិទ្យាស្ថានសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះលោក សាបូ អូហ្សាណូ បានលើកឡើងថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានមុំសំខាន់៣ ភាពស្អាត ភាពបៃតង និងចីរភាព ជាត្រីវិស័យសម្រាប់ការពង្រឹងការការពារបរិស្ថាន និងការអភិរក្សជីវះចម្រុះអោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយគម្រោងលុបបំបាត់សារធាតុគ្រោះថ្នាក់ នៅក្នុងខ្សែច្រវាក់ផលិតកម្មវិស័យវាយនភ័ណ្ឌ និងសំណង់នឹងជំរុញការបង្កើតខ្សែច្រវាក់ផលិតកម្មមេត្រីភាពបរិស្ថាន និងប្រកបដោយចីរភាពសម្រាប់វិស័យវាយនភ័ណ្ឌ និងសំណង់ តាមៈរយកាត់បន្ថយការបំពុលបរិស្ថាន និងលើកម្ពស់ឧស្សាហកម្មបៃតង ដែលនឹងចូលរួមចំណែកយ៉ាងខ្លាំង នៅក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានជាពិសេសមុំទី១ ភាពស្អាត និងយុទ្ធសាស្រ្តរយៈពេលវែងរបស់កម្ពុជា សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ ។

លោករដ្ឋលេខាធិការបានបន្ថែមទៀតថា តាមរយៈការចូលរួមក្នុងការអនុវត្តគម្រោងនេះ មិនត្រឹមតែជួយពង្រឹងការការពារបរិស្ថាន និងសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ពង្រឹងការប្រកួតប្រជែងរបស់កម្ពុជាលើទីផ្សារអន្តរជាតិ ទាក់ទាញអ្នកវិនិយោគបរទេស និងបង្កើនឱកាសសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ការតៀមខ្លូនរបស់កម្ពុជា ក្នុងចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងឆ្នាំ២០២៩។

គួរបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់តាំងថ្ងៃ០៩ ដល់១០ ខែធ្នូ ឆ្នាំ២០២៤៕