(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងសុខាភិបាល រឹតបន្តឹងលើការផ្តល់អាជ្ញាបណ្ណដល់គ្រឹះស្ថានវិស័យឯកជន ទៅលើក្រមប្រតិបត្តិ និងការទទួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈធ្វើយ៉ាងម៉េចឱ្យស្របច្បាប់ ពីព្រោះសុខភាពមនុស្ស ជារឿងសំខាន់បំផុត ដូច្នេះត្រូវកំណត់ឱ្យបានច្បាស់លាស់។
ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យពិនិត្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ដោយយកអភិក្រមពង្រឹងមូលដ្ឋានពីក្រោមឡើងមកលើ ធ្វើទំនើបកម្មពីលើចុះមកខាងក្រោម ប៉ុន្តែ ពង្រឹងមូលដ្ឋាន គឺពីក្រោម ឡើងមកលើ មូលដ្ឋាននៃការ និងការផ្តល់ការពព្យាបាលជំងឺទូទៅ គឺពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។
ត្រង់ចំណុចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការគិតគូរពីសុខភាពមនុស្ស គឺជាកិច្ចការងារសំខាន់ ដោយត្រូវគិតពីបរិមាន និងគុណភាព ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្សលើវិស័យសុខាភិបាលនេះជាគោល ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ពង្រឹងក្រមប្រតិបត្តិជាពិសេសអ្នកផ្តល់សេខាសុខាភិបាលទាំងរដ្ឋ និងឯកជន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យក្រសួងសុខាភិបាល យកចិត្តទុកដាក់ទាំងមន្ទីរពេទ្យ ជាពិសេសវិស័យឯកជន ទៅលើក្រមប្រតិបត្តិ និងការទទួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការគ្រប់គ្រងអាជ្ញាបណ្ណឱ្យបានច្បាស់លាស់។ កន្លងទៅក្រសួងសុខាភិបាល បានធ្វើការត្រួតពិនិត្យទៅលើរឿងនេះ ហើយក៏បានបិទមួយចំនួន […] ត្រូវតែមើល ត្រូវតែជំរុញ ហើយធ្វើម៉េចត្រូវឱ្យមានភាពស្របច្បាប់ទាំងអស់គ្នា ពីព្រោះសុខភាពគឺជារឿងសំខាន់ ហើយត្រូវកំណត់ឱ្យបានច្បាស់»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកថា កាលពីថ្ងៃមុនសម្តេចបានបើកកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានសំណូមពរពីប្រជាពលរដ្ឋដោយស្នើសុំឱ្យក្រសួងសុខាភិបាលពន្យល់ឱ្យបានច្បាស់ថា តើកម្រិតណានៃការផ្តល់សេវាសុខាភិបាល នៅតាមផ្ទះ ពីព្រោះកន្លែងខ្លះគឺកម្រិតនៃការបើកអាជីវកម្ម ត្រឹមតែបន្ទប់ពិគ្រោះយោបល់ តែអត់មានលក្ខខណ្ឌតម្រូវឱ្យអ្នកជំងឺស្នាក់នៅ ប៉ុន្តែ បែរជាផ្តល់សេវាស្នាក់នៅ និងព្យាបាលជំងឺទៅវិញ។ ដូច្នេះ ត្រង់ចំណុចនេះសូមក្រសួងសុខាភិបាល ត្រូវកំណត់ឱ្យបានច្បាស់ និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យច្បាស់លាស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជុំវិញកន្លែងផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋាន គឺត្រូវតែពង្រឹងឱ្យបានច្បាស់លាស់ ពីព្រោះសុខភាពរបស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់ខ្លាំងណាស់ ដូច្នេះ ត្រូវតែព្យាបាល និងបង្ការតាមរយៈការពង្រឹងគ្រប់គ្រងថ្នាំសង្កូវ ចំណីអាហារ ឱ្យបានត្រឹមត្រូវតាមគុណភាព ដើម្បីឱ្យបានគុណភាពកុំឱ្យប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលកិច្ចការងាររបស់ក្រសួង ស្ថាប័នជាច្រើនបានគិតគូរប្រឹងប្រែងជាប់ប្រចាំផងដែរ។
ទន្ទឹមនឹងនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់លើការវិនិយោគថ្នាំព្យាបាល ដោយធានាទាំងបរិមាណ និងគុណភាពថ្នាំ សម្រាប់ការផ្គត់ផ្គង់ទៅតាមបណ្ដាមន្ទីរពេទ្យ និងរម្លឹកឱ្យក្រសួងសុខាភិបាលបន្តកចិត្តទុកដាក់ជំរុញ និងអនុវត្តឱ្យខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិសុខាភិបាល ពិសេសក្រមសីលធម៌ វិជ្ជាជីវៈ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យធ្វើទំនើបកម្មក្នុងការពិគ្រោះយោបល់ព្យាបាល ឬវះកាត់ប្រជាពលរដ្ឋ ដែលមានជំងឺនៅតាមបណ្ដាខេត្ត ឱ្យបានទាន់ពេលវេលា ក្នុងនោះក្រសួងសុខាភិបាលត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលដៅធ្វើយ៉ាងណាផ្ដល់សេវាល្អ ព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងស្នើឱ្យក្រសួងសុខាភិបាលត្រូវគិតគូរលើផ្នែកពាក់ព័ន្ធទាំងអស់ទើបការព្យាបាលមានប្រសិទ្ធភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹកវិស័យសុខាភិបាលត្រូវផ្ដោតលើការយកចិត្តទុកដាក់មុខព្រួញធំៗចំនួន៤គឺទី១៖ ហេដ្ឋារចនាសម្ព័ន្ធ, ទី២៖ ការបំពាក់ឧបករណ៍សម្ភារបរិក្ខារពេទ្យទំនើប, ទី៣៖ ថ្នាំសង្កូវ និងទី៤៖ គឺមនុស្ស។ ក្នុងន័យនេះសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ចង់ឃើញប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យនានាមានអគារមានថ្នាំសង្កូវ មានសម្ភារប្រើប្រាស់ និងមានគ្រូពេទ្យមានសមត្ថភាពខ្ពស់ ចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប៕