(ដូហា, កាតា)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានសភាកម្ពុជា និងលោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម (Hassan bin Abdullah Al Ghanim) ប្រធានសភាកាតា បានប្រកាសប្រឹប្រែងធ្វើការរួមគ្នា ដើម្បីជាចំណែកដល់សុខសន្តិភាពសកល។
ការប្រកាសនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោកប្រធានសភាកាតានាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីដូហា។
ក្នុងជំនួបនេះ លោកប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូនៅប្រទេសកាតា។ លោកប្រធានសភា បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេចតេជោ ពេលនេះជួយជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងប្រទេសទាំងពីរ។
លោកប្រធានសភា បានបន្តថា សភាកាតា មានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំទេ។ លោកប្រធានសភា លើកយោបល់ថា គួរមានការកិច្ចប្រជុំកំពូលសភា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង។ លោកសង្ឃឹមថា លោកនឹងធ្វើការជាមួយសម្តេចតេជោ លើកិច្ចការនេះ។ លោកប្រធានសភាកាតា បានបន្ថែមថា កាតាមានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្របសម្រួលដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និងអាហ្វានីស្ថានជាដើម។
លោកប្រធានសភាកាតា បានកោតសរសើរ ជំហរអព្យាក្រឹត្យរបស់កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន។ លោកបានបន្តថា កាតា បានខិតខំធ្វើការដើម្បីឱ្យមានបទឈប់បាញ់ក្នុងផលប្រយោជន៍សន្តិភាព និងប្រជាជន។ លោកប្រធានសភាយល់ថា បណ្តាសភាក្នុងសកលលោក ដែលស្រឡាញ់សន្តិភាព គួររួមដៃគ្នាធ្វើកិច្ចការនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកប្រធានសភាកាតា ចំពោះការអញ្ជើញ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។ សម្តេចតេជោ ក៏បានអរគុណលោកប្រធានសភាចំពោះ ការលើកឡើងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-កាតា និងតួនាទីរបស់សភា ក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។ សម្តេចតេជោ បានបង្ហាញក្តីរីករាយនឹងដំណើរទស្សនកិច្ចនៅរដ្ឋកាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា និងកាតាត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជកម្ម។ ប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។ សម្តេចតេជោ ចង់ឃើញវិនិយោគិនកាតា មកកម្ពុជា និងចង់ឃើញការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដោយសារសភាពការពិភពលោកស្មុគស្មាញ។
សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលស្គាល់ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់នូវតួនាទីរបស់កាតានៅលើឆាកអន្តរជាតិ ដូចជាការចរចាពាណិជ្ជកម្មពិភពលោកក្នុងក្របខ័ណ្ឌ Doha Round ជាដើម។ សម្តេចតេជោ បានគូសបញ្ជាក់ថា ជំហររបស់កាតា និងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់មិនខុសគ្នាទេ។ សម្តេចតេជោ បានលើកឡើងទៀតថា ទោះបីកម្ពុជា និងកាតា ជាប្រទេសតូចយ៉ាងណាក៏ដោយ តែប្រទេសទាំងពីរត្រូវចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិ។ កម្ពុជា បានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (អ.ស.ប) រហូតដល់ទៅ១០ប្រទេស នៅពេលបច្ចុប្បន្ននេះ។
ចំពោះការលើកឡើងពីកិច្ចប្រជុំអន្តរជាតិសភារបស់លោកប្រធានសភា សម្តេចតេជោ បានលើកឡើងថា កម្ពុជា បានរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាលពីពីរសប្តាហ៍កន្លងទៅនេះ និងបានអនុម័តធម្មនុញសន្តិភាពសកលលោក (Universal Peace Charter, UPC) ដែលបើកចំហរសម្រាប់សភាផ្សេងៗទៀត ចូលជាសមាជិក។
សម្តេចតេជោ បានបន្ថែមថា ក្នុងនាមសភាកាតា លោកប្រធានសភា អាចផ្តួចផ្តើមគំនិតបង្កើតកិច្ចប្រជុំសភាអាស៊ីមួយ ហើយកម្ពុជាពេញចិត្តចូលរួមដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល។ សម្តេចតេជោ បានបន្តថា សំឡេងរបស់សភារួមគ្នា អាចរួមសំឡេងជាមួយរាជរដ្ឋាភិបាល នៅអង្គការសហប្រជាជាតិ ទោះបីជាសំឡេងស្រាល តែប្រសើរជាងមិនបានធ្វើអ្វីទាំងអស់។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញលោកប្រធានសភាកាតា មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។
លោកប្រធានសភាកាតា យល់ស្របថា ធម្មនុញសន្តិភាពសកលលោកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពង្រីកទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព។ លោកប្រធានសភា ប្រកាសថា នឹងធ្វើការជាមួយកម្ពុជាដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម។
ក្នុងជំនួបនេះ សម្តេចតេជោ និងលោកប្រធានសភាកាតា ក៏បានផ្លាស់ប្តូរយោបល់គ្នាលើស្ថានការណ៍តំបន់ផងដែរ។
លោកប្រធានសភាកាតា បានទទួលយកការអញ្ជើញរបស់សម្តេចតេជោ ដោយក្តីរីករាយក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្រមខាងមុខ៕
</p