(ដូហា, កាតា)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឱ្យកម្ពុជា និងកាតា ធ្វើកិច្ចព្រមព្រៀងចំនួនពីរ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងទាំងពីរនោះ គឺកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស។
សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ហ្វៃស៊ាល ប៊ីន ថានី អាល់ ថានី (Sheikh Faisal bin Thani bin Faisal Al Thani) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា (QIA) នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងដូហា ប្រទេសកាតា។
ក្នុងជំនួបនេះ សម្តេចតេជោ បានសម្តែងក្តីរីករាយក្នុងការទទួលជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា (QIA) បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីកាតា ដើម្បីបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនៃជំនួបនោះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានគូសរំលេច អំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេសស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសខ្ពស់ដល់វិនិយោគិនកាតាក្នុងការកែច្នៃដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោ ក៏បានលើកឡើងដែរថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា និងកាតាត្រូវចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ពីររួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងបានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរដែលសម្តេចបានលើកឡើង៕