(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីបំភ្លឺមួយ ដោយបានប្រាប់មហាជន និងបណ្តាព័ត៌មានមួយចំនួន កុំឲ្យយករូបភាពការថតរឿង «និទាននៃព្រៃស្មសាន» នៅតំបន់កំពង់ភ្លុក ទៅផ្សព្វផ្សាយខុសពីការពិត។

ការហាមរបស់ក្រសួងវប្បធម៌ ដោយសារតែថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានបង្ហោះផ្សព្វផ្សាយរូបភាពសកម្មភាពក្រៅឆាកការថតភាពយន្តរបស់ផលិតករ មកពីប្រទេសចិន សហការជាមួយផលិតករក្នុងស្រុក ដែលកំពុងដំណើរការថតនៅតំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយនឹងការរិះគន់ចំពោះភាពខុសឆ្គង ក្នុងការប្រើប្រាស់សម្លៀកបំពាក់។

បើតាមក្រសួងវប្បធម៌ រូបភាពនៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយនិងរិះគន់ គឺជាឈុតមួយ ដែលរៀបរាប់អំពីដំណើររបស់ជនជាតិចិននៅតំបន់មួយ ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុងតំបន់នោះ ប្រជាជនមីយ៉ាន់ម៉ាស្លៀកពាក់តាមទម្រង់ ដែលផលិតករកំពុងរៀបចំថត ហើយផលិតករពុំបានកែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមួយសម្ភារៈបរទេសនោះទេ។ ជារួម នៅពេលដែលភាពយន្តនេះកាត់តដំឡើងរូបភាពសម្រេចនោះ ទស្សនិកជននឹងមើលឃើញច្បាស់ថា មិនមែនជាសាច់រឿងកើតនៅកម្ពុជាទេ ហើយក៏មិនផ្តល់ផលប៉ះពាល់ដល់ប្រពៃណីជាតិយើងដែរ។

ក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះ «ពាក់ព័ន្ធករណីនេះ យើងខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ផលិតកម្មរួមគ្នារវាង Palm Film Production របស់កម្ពុជា និង Benchmark Production របស់ប្រទេសចិន ទទួលបានសិទ្ធផលិតភាពយន្តរឿង «និទាននៃព្រៃស្មសាន» ដែលជាភាពយន្តបែបប្រឌិដ្ឋបរិយាយពីបុរសជនជាតិចិនម្នាក់ ធ្វើដំណើរចាកចេញពីប្រទេសចិន មកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើននៃសាច់រឿង គឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រសួងវប្បធម៌ បានបន្តថា «សូមសាធារណជន អ្នកសារព័ត៌មាន បណ្តាញសង្គមនានា មេត្តាជ្រាប និងកុំយករូបភាពនៃសកម្មភាពថតភាពយន្តមកផ្សព្វផ្សាយ និងបកស្រាយខុសពីទិដ្ឋភាពជាក់ស្តែង។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តែងតែពិនិត្យលម្អិតទៅលើសាច់រឿង មុននឹងផ្តល់ជូនផលិតករនូវលិខិតអនុញ្ញាតថត ដើម្បីជៀសវាងផលប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ»

ក្រសួងវប្បធម៌ បានថ្លែងអំណរគុណចំពោះសេចក្តីបារម្ភ មតិកែលម្អ និងទឹកចិត្តស្រលាញ់ វប្បធម៌ប្រពៃណីជាតិរបស់សាធារណជនគ្រប់មជ្ឈដ្ឋាន៕