(កំពង់ឆ្នាំង)៖ គ្រួសារអតីតយុទ្ធជន និងជាយោធិនពិការ ដែលមានវ័យចាស់ៗណាស់ទៅហើយចំនួន៣នាក់ មានទីលំនៅក្នុងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើដំណើរទៅដល់ផ្ទះជួបជុំកូនចៅហើយ ក្រោយតុលាការ ខេត្តកំពង់ឆ្នាំង បានសម្រេចដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ពួកគាត់ទាំង៣នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដីកាចាប់ដាក់ពន្ធនាគារកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ តាមបណ្ដឹងរបស់មនុស្សម្នាក់រស់នៅក្នុងឃុំជាមួយគ្នា។ ក្រុមគ្រួសារ រួមទាំងពលរដ្ឋ នៅក្នុងមូលដ្ឋានរំភើបរីករាយឥតឧបមាស្ទើររកអ្វីមកថ្លែងពុំបាននោះឡើយ ដោយសារបានឃើញពួកគាត់ បានចេញមកនៅក្រៅឃុំជួបជុំកូនចៅ ម្យ៉ាងពួកគាត់ចាស់ៗអស់ទៅហើយ និងមានជំងឺប្រចាំកាយទៀតផង ដោយត្រូវការ ព្យាបាលជារៀងរាល់ថ្ងៃ។

ជួបជាមួយលោក សាយ សន្យា អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងកូនខ្ទមដ៏តូចមួយរបស់លោកតាយាយដែលពួកគាត់ទើបតែបានចេញពីពន្ធនាគារ ពួកគាត់បានលើកដៃ សំពះថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសថ្លែងអំណរគុណចំពោះលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជីវ កេង ប្រធានតុលាការកំពូល, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក ឯក ស៊ុនរស្មី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានខ្នះខ្នែងយកចិត្តទុកដាក់គិតគូរទុក្ខលំបាក របស់គ្រួសារពួកគាត់ដែលជាអតីតយុទ្ធជន និងបានពន្លឿននីតិវិធីជួយសម្របសម្រួលឱ្យពួកគាត់ទាំង៣នាក់ បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនដែលត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំងគឺលោកពូ ព្រំ សាង អាយុ៥៩ឆ្នាំ អតីតកងទ័ពបានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ ក្នុងកងពលលេខ១៩៦ វរៈសេនាតូច លេខ៨០ និងរងរបួសដាច់ដៃម្ខាងនៅក្នុងសមរភូមិសំឡូតជាប់ព្រំដែនខ្មែរថៃ, អ្នកមីង ម៉ោញ ជន អាយុ៥៩ឆ្នាំ និងលោកយាយ ម៉ោញ សុន អាយុ៧០ឆ្នាំ ជាស្ត្រីមេម៉ាយកូនមួយ ត្រូវជាបងថ្លៃស្រី ពួកគាត់រស់នៅក្នុងភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ព្រំ សាង បានរៀបរាប់ប្រាប់ឲ្យដឹងថា ដីដែលត្រូវបានគេប្ដឹងផ្ដល់គាត់ទៅតុលាការខាងលើនេះ គឺជាដីកេរ្តិ៍ប្រពន្ធរបស់គាត់តាំងពីសង្គមចាស់ ហើយត្រូវបានឪពុកម្ដាយចែកឱ្យប្រពន្ធគាត់។ លុះក្រោយមកលោកមិនចាំថ្ងៃខែ ឈ្មោះ ជឹម ជា ភេទប្រុស ត្រូវជាឪពុករបស់ឈ្មោះ ខាត់ ចាន់ បច្ចុប្បន្នរស់នៅភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានមកខ្ចីដីរបស់គាត់រស់នៅជាបណ្ដោះអាសន្ន។

នៅពេលដែលឈ្មោះ ជឹម ជា បានរើផ្ទះចេញទៅរស់នៅកន្លែងផ្សេង គាត់ក៏បានជម្រាបលោកមេភូមិ និងមេឃុំ ដើម្បីចូលទៅគ្រប់គ្រងដីរបស់គាត់វិញ (មិនចាំខែឆ្នាំ)។ លុះនៅក្នុងអំឡុងឆ្នាំ២០១៧ ក៏ស្រាប់ឃើញមានឈ្មោះ ខាត់ ចាន់ នៅភូមិតាកាប ឃុំខ្លុងពពក បានប្ដឹងពួកគាត់ទៅនគរបាល និងប្ដឹងបន្តទៅកាន់តុលាការពីបទ «ធ្វើឲ្យខូចខាតដោយចេតនា (មានស្ថានទម្ងន់ទោស)» និងបានប្ដឹងទាមទារសំណងពីពួកគាត់ក្នុងម្នាក់ៗចំនួន ១០លានរៀល ទៀតផង។

លោកបានបញ្ជាក់ថា ការប្ដឹងចោទប្រកាន់ពួកគាត់ថា បានធ្វើឲ្យខូចខាតដោយចេតនានោះគឺ ១-ចោទថា ពួកគាត់បានកាប់ដើមដូង និងដើមគរ ដែលងាប់ និងពុកផុយអស់ទៅហើយ) និង២-បានប្ដឹងចោទថា ពួកគាត់ទាំង៣នាក់ រុះរបងគេអស់ប្រវែង២៥ម៉ែត្រ។

តាមពិតរបងនោះ គឺជារបងតាយាយជាអ្នកធ្វើ និងដើមឈើទាំងពីរដើមនោះ ក៏ដុះនៅក្នុងដីរបស់គាត់ដែរ តែត្រូវបានគេប្ដឹងថាជាដីរបស់គេ។ លោកតាបញ្ជាក់ទៀតថា ការប្តឹងចោទប្រកាន់របស់ឈ្មោះ ខាត់ ចាន់ ខាងលើនេះ គឺពុំពិតនោះទេ ព្រោះពួកគាត់ទាំង៣នាក់ ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។

លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលសមត្ថកិច្ច និងតុលាការកោះហៅពួកគាត់ទៅសួរនាំម្ដងៗ គឺសួរតែអំពីការកាប់ដើមគរ និងដើមដូងទាំង២ដើមនោះតែប៉ុណ្ណោះ ចំណែកការរុះរើរបងពុំដែលសួរនាំគាត់នោះឡើយ។ ចំពោះអ្នកដែលកាប់ដើមដូង និងដើមគរងាប់ទាំង២ដើមនោះដែរ ពួកគាត់ក៏បានឆ្លើយប្រាប់ចង្អុលបង្ហាញទៅតុលាការ និងសមត្ថកិច្ចនូវរៀងរាល់ពេលកោះហៅពួកគាត់ទៅសួរនាំម្ដងៗផងដែរថា គឺឈ្មោះ មែន សិក ដែលត្រូវជាក្មួ យថ្លៃរបស់គាត់ទេ ដែលជាអ្នកកាប់ព្រោះខ្លាចដើម ឈើងាប់ទាំងនោះបាក់សង្កត់លើបង្គន់របស់គេ។

ម្យ៉ាងទៀតក្រោយពីតុលាការសម្រេចឃុំខ្លួនពួកគាត់ទាំង៣នាក់ក្នុងពន្ធធនាគារ, ឈ្មោះ ខាត់ ចាន់ និងបក្ខពួក បានមកធ្វើរបងព័ទ្ធយកដីភូមិដែលបានប្ដឹងគាត់ខាងលើនេះ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើរបងព័ទ្ធយកទាំងដីស្រែ ចំនួន២ ដែលស្រែនោះកូនរបស់គាត់បានធ្វើស្រែជារៀងរាល់ឆ្នាំ ហើយពុំដែលមានទំនាស់ជាមួយនឹងឈ្មោះ​ ខាត់ ចាន់ នោះដែរ។ ពេលអាជ្ញាធរ និងមន្ត្រីភូមិបាល ចុះវាស់វែងដីនោះបានដាក់ឈ្មោះអ្នកផ្សេងទៀតផង ដែលមានលេខក្បាលដី៣៩៩។

ដោយឡែកលោក ម៉ែន សិក ដែលលោក ព្រំ សាង និងប្រពន្ធ បានចង្អុលបង្ហាញប្រាប់សមត្ថកិច្ច និងតុលាការថា ជាអ្នកកាប់ដើមគរ និងដើមដូងងាប់ទាំង២ដើមខាងលើ, គាត់បានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា គាត់ពុំដែលត្រូវ បានសមត្ថកិច្ច ឬតុលាការកោះហៅទៅសួរនាំពាក់ព័ន្ធនឹងការកាប់ដើមគរ និងដើមដូងងាប់២ដើមនោះទេ។ ចំពោះដើមគរ និងដើមដូងដែលងាប់ទាំង២ដើមនោះដែរ គឺកូន ប្រុសរបស់គាត់ជាអ្នកកាប់ ដោយខ្លាចរលំបាក់មកសង្កត់ លើបង្គន់ព្រោះទាំងពីរដើមនោះមានសភាពពុកផុយអស់ទៅហើយ។

ជុំវិញករណីខាងលើនេះ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ឆ្នាំង បានបើកសវនាការឡើងវិញ ជាលទ្ធផលដែលភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ទទួលបាន៖

*អង្គសាវនាការសម្រេចលុបចោលសាល ក្រមព្រហ្មទណ្ឌស្ថាពរលេខ៤ (ខ) ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
*ទទួលយកបណ្ដឹងជំទាស់របស់គ្រួសារអតីតយុទ្ធជនទាំង៣នាក់ និងបើកសវនាការនៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៤។
*ទទួលយកពាក្យស្នើសុំរបស់យាយតាទាំង៣នាក់ ដែលសុំនៅក្រៅឃុំ អង្គសាវនាការក៏សម្រេចឱ្យពួកគាត់ទាំង៣នាក់ បាននៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ជាចុងក្រោយក្រុមគ្រួសារអតីតយុទ្ធជនទាំង៣នាក់ គោរពស្នើសុំប្រធានតុលាការខេត្តកំពង់ឆ្នាំង, ព្រះរាជអាជ្ញាសូមមេត្តាផ្ដល់យុត្តិធម៌ជូនពួកគាត់នៅថ្ងៃសវនាការ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ដោយក្តីប្រណីមេត្តា ស្របទៅតាមភាពយុត្តិធម៌ និងសច្ចធម៌ដោយក្តីអនុគ្រោះ ព្រោះពួកគាត់ទាំងអស់គ្នាមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។

ជាមួយគ្នានេះពួកគាត់ទាំង៣នាក់ សូមអំពាវនាវដល់អភិបាលខេត្តកំពង់ឆ្នាំង ជួយស្វែងរកយុត្តិធម៌ និងចុះស្រាវជ្រាវរកការពិត ហើយប្រគល់ដីរបស់ពួកគាត់ត្រឡប់មកវិញ ដោយនៅពេលនេះឈ្មោះ ខាត់ ចាន់ និងបក្ខពួកបានធ្វើការឡោមព័ទ្ធរបងអស់ទៅហើយ៕