(កំពង់ធំ)៖ សាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ខេត្តកំពង់ធំ បានរៀបចំសន្និសីទស្តីពីការសិក្សានៅឧត្តមសិក្សា និងឱកាសការងារ ក្រោមអធិបតីភាពបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
លោក តាក កាក់នីកា នាយកសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជាខេត្តកំពង់ធំ បានលើកឡើងថា ការជ្រើសរើសជំនាញឯកទេសសិក្សានៅឧត្តមសិក្សា និងឱកាសទីផ្សារការងារ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់លាស់អំពីឯកទេសនីមួយៗ នៃមហាវិទ្យាល័យទាំង៥ ជ្រើសរើសឯកទេស ដើម្បីសិក្សាស្របតាមចំណង់ចំណូលចិត្ត និងទីផ្សារការងារ ស្វែងយល់អំពីគន្លឹះជោគជ័យសំខាន់ៗ សម្រាប់ត្រៀមលក្ខណៈសម្បត្តិរកការងារធ្វើ និងរក្សាការងារស្វែងយល់អំពីសេវាគាំពារផ្សេងៗរបស់សាកលវិទ្យាល័យ ស្វែងយល់ពីគន្លឹះសិក្សាជោគជ័យនៅថ្នាក់ឧត្ដមសិក្សា និងស្វែងយល់ពីវិសាលភាពនៃទីផ្សារការងារក្នុងខេត្ត និងប្រទេស។
លោកបន្តថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជាមានបទពិសោធន៍លើការបណ្តុះបណ្តាលជាង១៩ឆ្នាំ ប្រកបដោយភាពជោគជ័យ មានសាស្ត្រាចារ្យ បុគ្គលិកគ្រប់គ្រាន់ ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធន៍ជំនាញច្បាស់លាស់ និងបានធ្វើកិច្ចសហប្រតិបត្តិការព្រមទាំងចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេស។ បច្ចុប្បន្ន CUS មាន៩ទីតាំង គឺ៣ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងនៅតាមបណ្តាខេត្តមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សាចំនួនជិត៥០.០០០នាក់ និងនិស្សិតកំពុងសិក្សាចំនួនជិត២០.០០០នាក់ ដែលចំនួននេះមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយសាកលវិទ្យាល័យបានបណ្តុះបណ្តាលដោយផ្តោតទៅលើគុណភាពបង្រៀន រៀន អនុវត្ត ស្រាវជ្រាវ សេវាកម្ម សមត្ថភាពវិជ្ជាជីវៈ ចំណេះដឹង ចំណេះធ្វើ បុគ្គលិកលក្ខណសម្បត្តិល្អ ចរិយាសម្បត្តិ រូបសម្បត្តិ ភាពសកម្មការងារ និងសិល្បៈនៃការរស់នៅ។
លោកបណ្ឌិត កែវ ជា សាកលវិទ្យាធិការរង បានបញ្ជាក់ថា ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើ សាកលវិទ្យាល័យឯកទេសនៃកម្ពុជាបានចុះអនុស្សរណៈយោគយល់ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័នក្នុងស្រុកចំនួន៥៨៣នៅទូទាំងប្រទេស ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
លោកបន្តថា សាកលវិទ្យាល័យបានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន៥៦ប្រទេស តាមរយៈកិច្ចសហប្រតិបត្តិការនេះសាកលវិទ្យាល័យបានបញ្ជូនសាស្ត្រាចារ្យ និងនិស្សិតទៅសិក្សាវគ្គវែង និងកម្មសិក្សាខ្លីៗ ព្រមទាំងបានទទួលនិស្សិតបរទេសមកផ្លាស់ប្តូរការសិក្សាជាមួយនិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាផងដែរ។
លោក ខៀវ វឿន ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ធំ បានបង្ហាញថា មជ្ឈមណ្ឌលការងារខេត្តបានបម្រើលើ៖
១. សេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ
២. ទទួលចុះឈ្មោះ ផ្គូរផ្គងការងារក្នុងប្រទេស ដោយឥតគិតថ្លៃ
៣. ផ្ដល់ការបណ្ដុះបណ្ដាលស្ដីពីវគ្គត្រៀមលក្ខណៈសម្បត្តិស្វែងរកការងារធ្វើ និងវគ្គបបណ្ដុះបណ្ដាលជំនាញទន់
៤. ប្រឹក្សាយោបល់ការងារ វិជ្ជាជីវៈ និងការជ្រើសជំនាញសិក្សា ។
ក្នុងនោះលោក សាំង រតនា នាយកសាខាធនាគារPPC Bankបានលើកឡើងពីគន្លឹះចំនួន៥សម្រាប់អ្នកត្រៀមស្វែងរកការងារធ្វើដំបូង គឺ
១. បង្កើតប្រវត្តិរូបសង្ខេប
២. បង្កើតលិខិតគម្របដ៏គួរឱ្យទាក់ទាញមួយធ្វើបដិរូបកម្មវា
៣. បណ្តាញប្រកបដោយប្រសិទ្ធភាព
៤. រៀបចំសម្រាប់ការសម្ភាសន៍ ស្រាវជ្រាវក្រុមហ៊ុន
៥. អត់ធ្មត់ និងតស៊ូ កុំបាក់ទឹកចិត្តចំពោះការបដិសេធ។
លោកមបណ្ឌិត មាស បូរ៉ា បានបង្ហាញអំពីវិធីសាស្រ្តក្នុងការសិក្សាស្រាវជ្រាវ ដែលមានវិធីជាច្រើន ក្នុងការទទួលបានចំណេះដឹង ដូចជាការអានសៀវភៅជំនាញជាដើម។ លោកបណ្ឌិតបានថ្លែងថា ជាទ្រឹស្តីជោគជ័យ និងការទទួលបានចំណូលខ្ពស់ វាចាប់ផ្តើមពីការសិក្សា និងស្រាវជ្រាវ ដែលចូលរួមក្នុងការអភិវឌ្ឍបុគ្គល និងសង្គម សិស្ស-និស្សិតត្រូវចាត់ទុកការសិក្សាស្រាវជ្រាវជាការងារអាទិភាពក្នុងអំឡុងជីវិតក្នុងសាកលវិទ្យាល័យ ដោយព្យាយាមចងក្រងឯកសារជំនាញ អាន ដកស្រង់ ធ្វើបទបង្ហាញ បោះពុម្ពផ្សាយស្នាដៃ ធ្វើខ្លួនឲ្យក្លាយជាមនុស្សពូកែគិតពិចារណា ក្លាយជាបុគ្គលមានជំនាញជាក់លាក់ ដើម្បីមានឧត្តមប្រកួតប្រជែងខ្ពស់ទទួលបានការងារល្អ។
លោកមបណ្ឌិតបន្តថា សាកលវិទ្យាល័យបានកំណត់ថា និស្សិតដែលបញ្ចប់ការសិក្សាត្រូវមានសមត្ថភាពវិជ្ជាជីវៈ បុគ្គលិកលក្ខណសម្បត្តិល្អ និស្សិតនឹងទទួលបានទ្រឹស្តីជំនាញ ចំណេះធ្វើ ដើម្បីសម្រេចទិសដៅនោះបាន សាកលវិទ្យាល័យ នឹងផ្តល់នូវសេវាកម្ម ការស្រាវជ្រាវ ការបង្រៀន និងរៀនប្រកបដោយគុណភាព ដែលទាំងអស់នេះពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងគុណភាពសរុប ដែលសាកលវិទ្យាល័យ បានធ្វើ និងកំពុងធ្វើប្រកបដោយឆន្ទះមោះមុត។ អាស្រ័យហេតុនេះ និស្សិតនិងអាណាព្យាបាល ត្រូវផ្តល់ការជឿទុកចិត្ត និងគាំទ្រដល់សាកលវិទ្យាល័យ៕