(ភ្នំពេញ)៖ តាមលទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនប្រជាជនសរុប ១៧,២៨០,៥៤៣នាក់ ស្ត្រីមានប្រមាណ៥០.៩% ខណៈអាយុសង្ឃឹមរស់ទាំងពីរភេទគឺ ៧៦.៦ឆ្នាំ (ដែលបុរស ៧៤.៧ឆ្នាំ និងស្ត្រី ៧៨.៤ឆ្នាំ)។

លទ្ធផលនេះ បានបង្ហាញនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលបឋម អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ ក្រោមអធិបតីភាពលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។

តាមលទ្ធផលបឋម ទទួលបានពីអង្កេតនេះ គឺផ្តោតសំខាន់លើចំណុចធំៗដូចជា៖

ទី១៖ ទំហំប្រជាជន និងកំណើន៖

* ចំនួនប្រជាជនសរុប ១៧ ២៨០ ៥៤៣នាក់ ស្ត្រីមានប្រមាណ ៥០.៩%,
* កំណើនប្រជាជនមធ្យមប្រចាំឆ្នាំមានប្រមាណ ២.១%,
* ចំនួនគ្រួសារសរុបមាន ៣ ៧៣៥ ៦៥៩ ចំនួនសមាជិកគ្រួសារមធ្យមមាន ៤.៦នាក់,
* អត្រាលទ្ធភាពមានកូនសម្រាប់ស្ត្រីអាយុ ១៥-៤៩ឆ្នាំ ម្នាក់មាន ២.៥នាក់,
* អត្រាកំណើតដុលមាន ២០.៦នាក់
* ផលធៀបអាយុក្នុងបន្ទុកមាន ៥៨.៥%,
និង អាយុសង្ឃឹមរស់ទាំងពីរភេទគឺ ៧៦.៦ឆ្នាំ (ដែលបុរស ៧៤.៧ឆ្នាំ និងស្ត្រី ៧៨,៤ឆ្នាំ)។

ទី២៖ ការបែងចែកប្រជាជន៖

* រាជធានីភ្នំពេញ នៅតែជាទីតាំងប្រកបដោយសក្តានុពល ក្នុងចំណោម ២៥រាជធានី ខេត្ត មានប្រជាជនច្រើនរស់នៅប្រមាណ ២ ៣៥២ ៨៥១នាក់ ស្មើ ១៣.៦%

* តំបន់ទំនាបកណ្តាល មានប្រជាជនប្រមាណ ៨ ៦៤៦ ២០៣នាក់ ស្មើ ៥០.៣% រស់នៅច្រើនជាងតំបន់ផ្សេងៗទៀត ដូចជា តំបន់ទន្លេសាប តំបន់ឆ្នេរ និងសមុទ្រ និងតំបន់ខ្ពង់រាប និងភ្នំ

* អត្រាប្រជាជនរស់នៅទីប្រជុំជនមាន ៤១.៥% មានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក ប៊ិន ត្រឈៃ បានបញ្ជាក់ថា អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤នេះ គឺជាកិច្ចការធំទីពីរ បន្ទាប់ពីជំរឿនប្រជាជន ឆ្នាំ២០១៩ ដែលដឹកនាំអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ដែលមាននាយកដ្ឋានស្ថិតិប្រជាសាស្ត្រ ជំរឿន និងអង្កេត ជាអង្គភាពអនុវត្ត ប្រកបដោយភាពហ្មត់ចត់ និងទំនួលខុសត្រូវខ្ពស់។

គូសបញ្ជាក់ថា ការអង្កេតនេះ ជាអង្កេតលើកទី៣ ដែលបានអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យ ប្រជាសាស្ត្រពាក់កណ្តាលជំរឿន ប្រកបដោយជោគជ័យ នៅឆ្នាំ២០១៩ ក្រោមការដឹកនាំអនុវត្តដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ៕