(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងចេញសេចក្ដីប្រកាសព័ត៌មានឆ្លើយតប ចំពោះការព្រួយបារម្ភលើការតាំងទីលំនៅថ្មីដោយបង្ខំ របស់ប្រជាជនរស់នៅតំបន់អង្គរ ដើម្បីកិច្ចអភិរក្ស ពីសំណាក់អ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។
ដោយនៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកជំនាញការខាងលើ អាជ្ញាធរជាតិអប្សរាសូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖
១៖ អាជ្ញាធរជាតិអប្សរា ជានិច្ចកាលរមែងបំពេញកិច្ចការងារក្នុងការលើកកម្ពស់ និងការគោរពសិទ្ធិមនុស្សស្រប តាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលកម្ពុជា។ ក្នុងរយៈកាល៣០ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរាតែងតែ យកចិត្តទុកដាក់ខ្ពស់លើកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាពសហគមន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន១១២ភូមិ ដែលរស់នៅយូរលង់ណាស់មកហើយ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្ន បុគ្គលិកចំនួន ៧៤% ដែលកំពុងបំពេញការងារនៅក្នុងអាជ្ញាធរជាតិអប្សរា គឺជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ។
២៖ ក្នុងនាមជាស្ថាប័នទទួលបន្ទុកកិច្ចការអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាជានិច្ចកាល មានកាតព្វកិច្ចគោរព និងអនុវត្តទៅតាមខ្លឹមសារចែងក្នុងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធកិច្ចការពារ បេតិកភណ្ឌវប្បធម៌ ជាពិសេសគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាស្តីពីបេតិកភណ្ឌពិភពលោក។
៣៖ អាជ្ញាធរជាតិអប្សរាមានការសោកស្តាយជាខ្លាំង ដោយអ្នករាយការណ៍ពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សបាន ទទួលនូវរបាយការណ៍មួយចំនួន ដែលមិនបានឆ្លុះបញ្ចាំង ក៏ដូចជាមិនបានស្វែងយល់ព័ត៌មានពិត និង សភាពជាក់ស្តែង នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ពាក់ព័ន្ធ។
៤៖ អាជ្ញាធរជាតិអប្សរា ស្របតាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាពិសេស ចំពោះប្រជាជន ដែលបានតាំងទីលំនៅមិនសមស្របមួយចំនួនក្នុងតំបន់ការពារ ហើយដែលបានស្ម័គ្រចិត្ត ទៅតាំងទីលំនៅថ្មី តាមរយៈការផ្តល់នូវកិច្ចគាំពារ ដូចជាគោលការណ៍ទទួលកម្មសិទ្ធិដីធ្លីស្របច្បាប់ គោល នយោបាយគាំពារសង្គមរយៈពេល១០ឆ្នាំ និងការគាំពារជាច្រើនផ្សេងទៀត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសង្គម ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
៥៖ ជាមួយគ្នានេះ បញ្ហាដែលបានលើកឡើង ត្រូវបានយកមកពិភាក្សាយ៉ាងលម្អិត ពីអ្នកជំនាញការជាតិ និង អន្តរជាតិក្នុងកិច្ចប្រជុំបច្ចេកទេសនាពេលកន្លងមក និងជាពិសេសក្នុងកិច្ចប្រជុំលើកទី៣៩ និងពេញអង្គលើក ទី៣១ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្រព្រឹត្តទៅពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីផ្តល់ធាតុចូលបន្ថែម លើការរក្សាតុល្យភាពរវាងកិច្ចអភិរក្ស និងការអភិវឌ្ឍន៍សហគមន៍ប្រជាជន៕