(ព្រះសីហនុ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅរមណីយដ្ឋានម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» រយៈពេល ១១ ខែឆ្នាំ២០២៤។
ក្នុងរយៈពេល ១១ ខែនេះ, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទចំនួន ២១៣ គម្រោង ស្មើនឹង ២១៣% លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០ គម្រោង ដែលមានទុនវិនិយោគ ៦ ០២៦ លានដុល្លារអាម៉េរិក លើសសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១ ០០០ លានដុល្លារ និង ដែលប៉ាន់ស្មានអាចបង្កើតការងារ ឬត្រូវការកម្មករ និយោជិត ចំនួន ៣៩ ៥៧៨ កន្លែង លើសសូចនាករសមិទ្ធកម្ម ដែលកំណត់ត្រឹម ៥ ០០០ កន្លែង រួមមាន៖
* គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១០៣ គម្រោងស្មើនឹង ៤៨% មានទុនវិនិយោគសរុប ២៥១០ លានដុល្លារអាម៉េរិកដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤ ៥៥៨ កន្លែង
* គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៨៦ គម្រោងស្មើនឹង ៤០% មានទុនវិនិយោគសរុប ២ ៦៩៩ លានដុល្លារអាម៉េរិកដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៣០ ២៣១ កន្លែង
* ការពង្រីកគម្រោង ចំនួន ១៧ គម្រោង ស្មើនឹង ៨% មានទុនវិនិយោគសរុប ៧៦៨ លានដុល្លារអាម៉េរិក ដែលប៉ាន់ស្មាន អាចបង្កើតការងារចំនួន ៤ ៧៤៨ កន្លែង
* គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៧ គម្រោងស្មើនឹង ៣% មានទុនវិនិយោគសរុប ៣០ លានដុល្លារអាម៉េរិកដែលប៉ាន់ស្មានអាចបង្កើតការងារចំនួន ៤១ កន្លែង។
សូមគូសបញ្ជាក់ថា គម្រោងទាំងអស់ខាងលើ គ្របដណ្ដប់លើវិស័យសំខាន់ៗ រួមមាន អចលនទ្រព្យ (អគារពហុមុខងារ និង គម្រោងអភិវឌ្ឍលំនៅឋាន) មាន ៨៦ គម្រោង ស្មើនឹង ៤០% ដែលមានទុនវិនិយោគ ២១៥៥ លានដុល្លារអាម៉េរិក, ទេសចរណ៍ មាន ៦០ គម្រោង ស្មើនឹង ២៨% ដែលមានទុនវិនិយោគ ២ ១៨១ លានដុល្លារអាម៉េរិក, ឧស្សាហកម្ម មាន ៣៥គម្រោង ស្មើនឹង ១៦% ដែលមានទុនវិនិយោគ ១ ១៩០ លានដុល្លារអាម៉េរិក,និង វិស័យផ្សេងទៀត មាន ៣២ គម្រោង ដែលមានទុនវិនិយោគ ២៣៧ លានដុល្លារអាម៉េរិក។
ដោយឡែក, គិតត្រឹមខែតុលា ឆ្នាំ ២០២៤ ក្នុងចំណោម ១៦៥ គម្រោង ដែលបានទទួលគោល-ការណ៍លើកទឹកចិត្តពិសេស, គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់ មាន ២៨ គម្រោង ស្មើនឹង ២៣%, គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ៦៩ គម្រោង ស្មើនឹង ៤២% និង គម្រោងដែលមិនទាន់ចាប់ផ្ដើមដំណើរការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ៥៨ គម្រោងស្មើនឹង ៣៥% ។
ជាមួយនេះ, ក្រុមការងារបានសម្របសម្រួល ក្នុងការកសាងផ្លូវបេតុងដើម្បីតភ្ជាប់គម្រោងអគារស្នាក់នៅរួម, គម្រោងរមណីយដ្ឋាន, គម្រោងស្ទីម សូណា, និង គម្រោងសាលារៀនចំណេះទូទៅ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ និង ក្រុងកោះរ៉ុង, សម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៦ គម្រោង ហើយនឹងបន្តដោះស្រាយបន្ថែមទៀត ក្នុងពេលដ៏ខ្លីខាងមុខ, និង ចុះបញ្ជីសហគ្រាស ចំនួន ៧ គម្រោង ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ, ក្រសួងយុត្តិធម៌, ស្ថាប័នពាក់ព័ន្ធ និង ម្ចាស់គម្រោង ។
សូមជម្រាបជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៣១ ខែ មករា ឆ្នាំ ២០២៤, បានបង្កើតគំរូមួយសម្រាប់ជំរុញការវិនិយោគព្រោះកម្មវិធីពិសេសបានបង្កើតជំនឿទុកចិត្ត និង សម្រាលការលំបាកនានាក្នុងការអនុវត្តគម្រោង, លើកកម្ពស់បរិយាកាសវិនិយោគ ខណៈដែលអគារជាប់គាំង ត្រូវបានចាប់ផ្តើមសាងសង់ និង សកម្មភាពធុរកិច្ចមានការកើនឡើង ព្រមទាំងទាក់ទាញគម្រោងវិនិយោគសក្តានុពល ដូចជា រោងចក្រផលិតបន្ទះសូឡា, រោងចក្រផលិតស៊ុមអាលុយមីញូម, សួនកសិ-ឧស្សាហកម្ម, និង តំបន់សេដ្ឋកិច្ចពិសេស ជាដើម ព្រមទាំងបានជំរុញឱ្យមន្ត្រីរាជការពាក់ព័ន្ធ និង ថ្នាក់ដឹកនាំ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ យល់ និង ប្រកាន់របៀបធ្វើការដោយសកម្ម និង បុរេសកម្ម ក្នុងការផ្តល់សេវាឱ្យរហ័ស និង សម្រួលនីតិវិធីដល់វិស័យឯកជន។
ជាចុងបញ្ចប់, បណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួម, ការគាំទ្រ, ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និង អាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាពនិង ប្រសិទ្ធភាព ក្រោមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ជាមួយនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិនរួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស»នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣៕