(ភ្នំពេញ)៖ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ ដោយមានការចូលរួមពីលោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រី ដែលជាសិក្ខាកាមមកពីអគ្គនាយកដ្ឋាន នាយកដ្ឋានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត ក្រោមឱវាទក្រសួង សរុបប្រមាណ ១៥០រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងពាក់ព័ន្ធទៅនឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ក៏ដូចជារបាយការណ៍សមិទ្ធកម្ម និងការរៀបចំសូចនាករគោលដៅ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានជាអាទិ៍ យន្តការនៃការអនុវត្ត និងផែនការសកម្មភាពលម្អិតដែលត្រូវបានកំណត់ជាទិសដៅការងារ និងសូចនាករគន្លឹះ(KPI) របស់កម្មវិធីកំណែទម្រង់នេះ។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលានេះលោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រថវិកា គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ (១)ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់ក្រសួង-ស្ថាប័ន និងគោលនយោបាយរួមរបស់រាជរដ្ឋាភិបាល, (២)បង្កើនវិចារណកម្មអាទិភាពចំណាយរបស់ក្រសួង-ស្ថាប័ន, (៣)ធានានិរន្តរភាពនៃការអនុវត្តកម្មវិធីរបស់ក្រសួង-ស្ថាប័ន, (៤)ជាមូលដ្ឋានសម្រាប់ការពន្យល់ និងការបង្ហាញសេចក្តីសំអាងអំពីតម្រូវការថវិកាសម្រាប់ការងារអាទិភាព និង (៥)ជាមូលដ្ឋានសម្រាប់ការរៀបចំនិងវិភាជថវិកាប្រចាំឆ្នាំឱ្យចំគោលដៅអាទិភាព៕