(តាកែវ)៖ លោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួងមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមនឹងមន្ត្រីបច្ចេកទេសចុះពិនិត្យវាយតម្លៃ និងប្រគល់ទទួលផ្លូវចំនួន៣ខ្សែ ដែលស្ថាបនាដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។
ផ្លូវទាំង៣ខ្សែនោះ ខ្សែទី១ ស្ថិតនៅក្នុងឃុំរនាម ស្រុកទ្រាំងមានប្រវែង ៥ ៤០០ម៉ែត្រ ជាប្រភេទកម្រាលល្បាយក្រួស ខ្សែទី២ ស្ថិតនៅឃុំស្រងែ និងឃុំធ្លក ស្រុកទ្រាំង មានប្រវែង ៦ ១១០០ម៉ែត្រ ជាប្រភេទកម្រាលល្បាយក្រួស និងខ្សែទី៣ ស្ថិតនៅឃុំគោកព្រិច ស្រុកគិរីវង់ និងឃុំសន្លុងស្រុក
ទ្រាំង មានប្រវែងជាង២គីឡូម៉ែត្រ។
លោក នួន ដាញ៉ិល បានថ្លែងថា សមិទ្ធផលដែលកើតឡើងនៅពេលនេះបានមកពីកត្តាសុខសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមទីជនបទនេះជាដើម។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ អាជ្ញាធរទាំងអស់ជួយថែរក្សាផ្លូវ ដោយចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់ និងជួយមើលឡានដឹកហួសទម្ងន់កំណត់ផង ខ្លាចស្រុតខូចផ្លូវ ដើម្បីរក្សាគុណភាពផ្លូវ និងប្រើប្រាស់បានយូរអង្វែង ព្រោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត រួមនិងលោករដ្ឋមន្ត្រី ឆាយ រិទ្ធីសែន តែងតែគិតគូរដល់សុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជាពលរដ្ឋនៅតាមជនបទជានិច្ច។ ជាក់ស្ដែងថ្ងៃនេះយើងមានផ្លូវល្អស្អាតងាយស្រួលដល់ការធ្វើដំណើរទៅមកមន្ទីរពេទ្យ កូនចៅទៅសាលារៀន ធ្វើការ និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗ ចំណេញទាំងពេលវេលា ថវិកាទៀតផង។
ក្រោយពីចុះពិនិត្យវាយតម្លៃលើកម្រិតគុណភាពនិងសោភ័ណភាពរួចមកលោកបណ្ឌិត នួន ដាញ៉ិល និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្រមទទួលយក១០០% ដោយផ្អែកទៅលើការស្ថាបនាការរបស់មន្ទីរអភិវឌ្ឍន៍ជនបទត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសដែលក្រសួងប្រគល់ជូនមន្ទីរអនុវត្តន៍៕