(រតនគិរី)៖ ការសាងសង់សំណង់វិមានឯករាជ្យនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី ហាក់មានភាពយឺតយ៉ាវ ខណៈក្រុមការងារលទ្ធកម្មខេត្តដែលទទួលការងារសាងសង់នេះ ក៏មិនទាន់បញ្ជាក់ជូនសាធារណជន។

ជុំវិញករណីនេះនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ភ្នាក់ងារសារព័ត៌មាន Fresh News បានសួរនាំលោក ងិន ណែល អភិបាលរងខេត្តរតនគិរី ទទួលបន្ទុកការងារលទ្ធកម្ម តែមកដល់ពេលនេះហើយនៅមិនទាន់ការឆ្លើយតបនៅឡើយ។

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ប្រាប់ឲ្យដឹងថា សំណង់វិមានឯករាជ្យ ដែលស្ថិតចំកណ្តាលក្រុងបានលុង គឺត្រូវសាងសង់ឲ្យបានរួចរាល់ជាស្ថាពរនៅថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យជាតិ (៩ វិច្ឆកា ២០២៤) តែរហូតមកដល់ពេលនេះ នៅតែសាងសង់មិនទាន់រួចរាល់។

បើតាមគណៈកម្មការសាងសង់វិមានឯករាជ្យ ការសាងសង់វិមានឯករាជ្យនៅខេត្តរតនគិរីនេះ គ្រោងចំណាយថវិកាជាតិប្រមាណ៧០ម៉ឺនដុល្លារ តែមិនគ្រប់គ្រាន់ការចំណាយថែម ទើបមានការបន្ថែមរហូតដល់ ជាង១លានដុល្លារ ដោយចាប់ផ្តើមសាងសង់តាំងពីចុងឆ្នាំ២០២២ ក្នុងនោះមានគ្រឹះជុំវិញខាងក្រោមទំហំ៥៨ម៉ែត្រ មានកម្ពស់ជាង២៣ម៉ែត្រ កំណត់រយៈពេលសាងសង់ប្រមាណ១ឆ្នាំ៕