(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឲ្យបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដៃគូពាណិជ្ជកម្ម ដែលមានសក្ដានុពល តាមរយៈកិច្ចសហប្រតិបត្ដិការ និងសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម នៅក្នុងតំបន់ និងសកលលោក។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ចម និម្មល អញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅអនុវត្ត ការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ នាទីស្ដីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រី ចម និម្មល បានបញ្ជាក់យ៉ាងដូច្នេះថា «ជំរុញកិច្ចសហប្រតិបត្ដិការ និងសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម នៅក្នុងតំបន់ និងសកលលោក តាមរយៈការចរាចរ បង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសដៃគូពាណិជ្ជកម្ម ដែលមានសក្ដានុពល តាមអភិក្រម រក្សា និងពង្រឹងទីផ្សារ ដែលមានស្រាប់ និងពង្រឹងទីផ្សារថ្មី»។
បន្ថែមពីនោះទៀត លោកស្រីរដ្ឋមន្ដ្រី បានឲ្យបន្ដ និងអភិវឌ្ឍន៍គោលនយោបាយ ផែនការយុទ្ធសាស្ដ្រ លិខិតបទដ្ឋានគតិយុត្ដ សម្រាប់គាំទ្រដល់វិស័យពាណិជ្ជកម្ម សំដៅលើការ ពង្រឹងសមត្ថភាព ប្រកួតប្រជែង ធ្វើពិពិធកម្មទីផ្សារ ពង្រឹងគុណភាពទំនិញ ដែលមានសក្ដានុពល ឲ្យមានឧត្ដមភាព និងភាពប្រកួតប្រជែង នៅលើទីផ្សារអន្ដរជាតិ ព្រមទាំងលើកកម្ពស់កម្មសិទ្ធបញ្ញា។
លោកស្រី ចម និម្មល បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ចំនួន៥០.៤៥ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៥.៩៥% ក្នុងនោះ ការនាំចេញសម្រេចបាន ទឹកប្រាក់ចំនួន ២៤.៣៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៤.៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦.១០ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៧.៤៨%។
បើតាមរដ្ឋមន្ដ្រីពាណិជ្ជកម្ម, មុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញ រួមមាន៖ សម្លៀកបំពាក់ ៨.៩៤ប៊ីលានដុល្លារ កើនឡើង២៥.៨៤%, សម្ភារធ្វើដំណើរ១.៧៨ប៊ីលានដុល្លារ កើនឡើង២១.៥០%, ស្បែកជើង១.៥០ប៊ីលានដុល្លារ កើនឡើង២៤.៣០% និងស្រូវ ១.៥០លានដុល្លារ កើនឡើង ១៦.៤២% និងផលិតផលផ្សេងៗទៀត។
ដោយឡែក ទំនិញសំខាន់ៗនាំចូល រួមមាន៖ វាយនភ័ណ្ឌ ៥.៧០ប៊ីលានដុល្លារអាមេរិក កើនឡើង២៣.៥២%, គ្រឿងអេឡិកត្រូនិក ៣.៣២ប៊ីលានដុល្លារអាមេរិក កើនឡើង២៩.១៤%, សម្ភារសំណង់ ១.៤៧ប៊ីលានដុល្លារអាមេរិក កើនឡើង២២.៣៥%, ប្រេងម៉ាស៊ូត ១.៣០ប៊ីលានដុល្លារអាមេរិក កើនឡើង១០.១៦% និងរថយន្ដ ៩០៧.៧៩លានដុល្លារអាមេរិក កើនឡើង៧.២១%។
ថ្លែងក្នុងពិធីនេះ លោកស្រី ចម និម្មល ក៏បានផ្តល់ឱកាស ដល់មន្ត្រីមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម រាយការណ៍អំពី សកម្មភាពការងារ បញ្ហាប្រឈម ក៏ដូចជាលើកអនុសាសន៍នានា ដាក់ជូនអង្គសន្និបាតធ្វើការពិភាក្សាគ្នា ដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កាន់តែរីកចម្រើនទៅមុខបន្តទៀត។
បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥, ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងពាណិជ្ជកម្ម បានចូលរួមអនុវត្តយ៉ាងសកម្ម ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី
និងជំរុញឱ្យអស់សក្តានុពលនូវប្រភពបច្ចុប្បន្ន និងប្រភពថ្មីនៃកំណើន សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងគោលដៅបង្កើតនិងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់ និង ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់និងសកល តាមរយៈ៖
(១)៖ ការអភិវឌ្ឍគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងលិខិតបទដ្ឋាន គតិយុត្តវិស័យពាណិជ្ជកម្ម
(២)៖ ការជំរុញកិច្ចសហប្រតិបត្តិការ និងសមាហរណកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម តំបន់ និងសកល
(៣)៖ ការរក្សាស្ថិរភាពទីផ្សារ ពង្រឹងខ្សែច្រវាក់ ផ្គត់ផ្គង់ និងចូលរួមគ្រប់គ្រងសន្និធិទំនិញជាយុទ្ធសាស្ត្រនិងសន្តិសុខស្បៀង
(៤)៖ ការអភិវឌ្ឍ វិស័យឯកជន ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងការផ្តល់សេវា
(៥)៖ ការអភិវឌ្ឍនិង គ្រប់គ្រងវិស័យកម្មសិទ្ធិបញ្ញា និងជំរុញការធ្វើពាណិជួបនីយកម្មទ្រព្យកម្មសិទ្ធិបញ្ញា
(៦)៖ ការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបរិវត្តកម្មពាណិជ្ជកម្មឌីជីថល
(៧)៖ ការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
(៨)៖ ការធ្វើទំនើបកម្មស្ថាប័ន គ្រប់គ្រងប្រតិបត្តិការទូទៅ និងពង្រឹងយន្តការប្រមូលចំណូល
(៩)៖ ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍការស្រាវជ្រាវវិស័យ ពាណិជ្ជកម្ម។
កិច្ចការទាំងនេះ បានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលសម្រេចបានជាវិជ្ជមាន នៃការអនុវត្តការងារពាណិជ្ជកម្មឆ្នាំ២០២៤ ដោយមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ និងបានដាក់ចេញទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥ សំដៅរួមចំណែក ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានប្រកបដោយជោគជ័យ៕