(សៀមរាប)៖ លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើររបស់ពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងត្រូវពង្រីក​តំបន់អេកូ​ទេសចរណ៍ចង្ក្រានរយ ឲ្យមានការរីកចម្រើនទទួលបាននូវលទ្ធផលជាផ្លែផ្កា ជូនប្រជាពលរដ្ឋនៅស្រុកអង្គរជុំ។

លោក ហែន ពុទ្ធី ជំរុញដូចនេះនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី៧ នៅស្រុកអង្គរជុំ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ស្ថិតនៅបរិវេណវត្តចារឈូក ឃុំដូនស្វា ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយមានការចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកាប្រមាណជា៤០០នាក់ចូលរួមផងដែរ។

លោក ហែន ពុទ្ធី បានកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកអង្គរជុំ ដែលបានលើកឡើងនូវសំណើរ និងសំណូមពរយ៉ាងផុសផុល ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពររប់ប្រជាពលរដ្ឋ។

លោក លី សំរិទ្ធ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។

លោកបន្តថា រាល់បញ្ហាដែលប្រជាពលរដ្ឋ បានផ្តល់មតិយោបល់សំណើ សំណូមពរ និងអនុសាសន៍ទាំងនេះ ជាយន្តការកែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ពិសេសការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ ព្រមទាំងបានជម្រុញដល់គណៈអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ ពន្លឿនក្នុងការដោះស្រាយវិវាទដីធ្លី ក្នុងពេលដែល បានកំពុងធ្វើការវាស់វែងជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ និងទ្រព្យរបស់រដ្ឋ ដើមី្បស្រាយឲ្យបាននូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងត្រូវរួមគ្នាបង្កើត​សហគមន៍កសិករ ដើមី្បធានានូវតម្លៃកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន។ 

ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាវិវាទដីធ្លី (ការប្តឹងទាមទាយកដីសាលាឃុំ) ,តម្លៃកសិផលចុះថោក (ស្រូវ ,ដំឡូង) ,សុំឲ្យដករបាំការពារផ្លូវចេញ សូមជួយមានវិធានការបញ្ជៀស​ទឹក​កុំឲ្យលិចសាលារៀន, ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅស្រុកអង្គរជុំ។ អាជ្ញាធរក៏បានធ្វើការបំភ្លឺ នូវសំណួរ សំណូមពរ និងក្តីកង្វល់ ដែលប្រជាពលរដ្ឋលើកជាក់ស្ដែងចំនួន៦ផង​ដែរ។

ដោយឡែក ចំពោះសំណួរសំណូមពរជាលាយលក្ខ័ណ៍អក្សរចំនួន១៦ នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្តនឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត និងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់សំណួរតាមមូលដ្ឋាន៕