(ភ្នំពេញ)៖ លោក សុខ សប្បាយណា សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលស.ស.យ.ក. និងជាសមាជិកគណ:កម្មាការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានលើកឡើងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ ទីតាំងមុខព្រះបរមរាជវាំង គឺជាការសាទរគុណតម្លៃរួមគ្នា ដើម្បីបង្ហាញមោទនភាព ចំពោះសមិទ្ធផលនៃការអភិវឌ្ឍនសង្គមសេដ្ឋកិច្ចកម្ពុជា ជាមួយការរក្សាបាននូវអត្តសញ្ញាណនៃប្រជាជាតិ និងប្រជាជន ក៏ដូចជាការអបអរសាទរដល់ការរួមរស់ជាមួយមហាគ្រួសារខ្មែរតែមួយ។

ការលើកឡើងរបស់ លោក សុខ សប្បាយណា បានធ្វើឡើងក្នុងឱកាស អញ្ចើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាមជ្ឃមណ្ឌលម៉ានី។

លោក សុខ សប្បាយណា បានលើកឡើងយ៉ាងដូច្នេះថា « អ្វីទៅជាសាទរកម្ពុជា ខ្ញុំអាចនិយាយថាមានពាក្យចំនួន០៣ ជាពាក្យគន្លឹះ ទីមួយ គឺអត្តសញ្ញាណ ទីពីរ គឺមោទនភាព និងទីបី គឺអបអរសាទរ មានន័យថាជាព្រឹត្តិការណ៍មួយដើម្បីអបអរសាទរដល់សង្គមមួយដ៏រស់រវើក ដែលយើងកំពុងតែរស់នៅជាមួយនឹងអត្តសញ្ញាណដ៏វិសេស ជាមួយនឹងសមានចិត្តសោមនស្ស ជាមួយអ្វីដែលយើងបានឆ្លងកាត់នូវជ័យជំនះ បូកនឹងមោទនភាពក្នុងនាមជាប្រជាជាតិតែមួយរបស់យើង»។

ពាក់ព័ន្ធទៅនឹងបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឲ្យចំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ សប្បាយណា បានលើកឡើងថា ដោយសារតែ កើតចេញពីការស្រមៃថា នៅថ្ងៃណាមួយរូបភាពពីរាជធានីភ្នំពេញ នឹងមានវត្តមានប្រកួតប្រជែងជាមួយទីក្រុងដទៃទៀត នូវព្រឹត្តិការណ៍ដែលរៀបចំនូវវេលាឆ្លងឆ្នាំសកល ហើយដែលពិភពលោកនឹងស្គាល់ជាខេមរភាសារថា សាទរកម្ពុជា ឬ Celebrating cambodia ខណៈដែលប្រសិនបើយើងក្រឡេកមើលរូបភាពទាំងឡាយ ដែលមាននៅលើបណ្តាញសង្គម ឬសាព័ត៍មានស្តីពីពិធីឆ្លងឆ្នាំសកលនៅទូរទាំងពិភពលោក យើងនឹងឃើញរូបភាពស្អាតៗពីបណ្តាទីក្រុងល្បីៗរួមជាមួយភាពប្លែកៗគ្នានៃការរៀបចំព្រឹត្តិការណ៍។

លោកបានបញ្ចាក់ថា តាមរយៈព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាពេលខាងមុខនេះ ក៏ជាឱកាសមួយរបស់កម្ពុជាដែលអាចបង្ហាញអំពីសិល្បៈ វប្បធម៌ និងអរិយធម៌ បានយ៉ាងទូលំទូលាយ និងដើម្បីឲ្យបរទេសបានស្គាល់ផងដែរ។

លោកបានឲ្យដឹងទៀតថា នឹងមានការដង្ហែរក្បួនសាទរកម្ពុជា ដោយមានអ្នកចូលរួមជាង៣០០០នាក់ មានទាំងតួយក្សចំនួន ២០០នាក់ ទីងមោងជិត១០០ ស្គរទម្ងន់ ៣តោន គោមយក្ស និងតុក្កតាយក្ស ផងដែរ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។

ការសាទរកម្ពុជាជាមួយគ្នាក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។

ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំការសម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្តពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែរហូតដល់វេលាឆ្លងឆ្នាំសកល ខណៈដែលកម្មវិធីដ៏ពិសេសមួយដែលជានិមិត្តរូបនៃ ព្រឹត្តិការណ៍សាទរកម្ពុជា គឺ «ក្បួនដង្ហែទង់ជាតិកម្ពុជា»។

«ក្បួនដង្ហែទង់ជាតិកម្ពុជា» គឺជាការសម្រេចដល់គោលបំណងនៃព្រឹត្តិការណ៍ គឺជាការផ្តល់ឱកាសសម្រាប់បុគ្គល ក្រុម សហគមន៍ ឬជាសង្គមទាំងមូល បង្ហាញសក្តានុពលដើម្បីចូលរួមសាទរកម្ពុជា ក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួម សាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ។ លេីសពីនេះក៏មានការបង្ហាញនូវម្ហូបអាហារមកពី២៥ខេត្តក្រុង អ្វីដែលកាន់តែពិសេសក្នុងព្រឹិត្តិការណ៍នេះក៏មានការអញ្ជេីញចូលរួមពីសំណាក់តារាល្បីៗទូទាំងប្រទេសកម្ពុជាផងដែរ៕