(ភ្នំពេញ)៖ តាមរយៈនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវគោលនយោបាយ «ការលើកកម្ពស់កិច្ចគាំពារសង្គម និងសេវាសង្គម ដើម្បីលើកស្ទួយស្ថានភាពសង្គម-សេដ្ឋកិច្ច» ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព សមធម៌សេវាសង្គមកិច្ច និងកិច្ចគាំពារសង្គមសម្រាប់ គ្រួសារក្រីក្រ ជនរងគ្រោះ និងងាយរងគ្រោះ។ នេះជាការរួមចំណែកកិច្ចការរបស់ក្រសួង វិទ្យាស្ថានជាតិសង្គមកិច្ច បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់ឈាន ឆ្ពោះទៅរកការផ្តល់សេវាចាំបាច់នានា ជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងបានការបណ្តុះបណ្តាលមន្ត្រីគ្រប់ កម្រិត ក៏ដូចជាបុគ្គលិកអង្គការដៃគូនានា ដែលផ្តល់សេវាសង្គមកិច្ច។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងបែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាន់ទី ៧, ទី៨ និងទី៩ នៃវិទ្យាស្ថានជាតិសង្គមកិច្ច វិទ្យាស្ថានជាតិសង្គមកិច្ច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
លោកបានបន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព យុវជនយើងមានឱកាសច្រើនណាស់សម្រាប់ការសិក្សារៀនសូត្រ។ យើង មានគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលជាច្រើនទាំងរដ្ឋ និងឯកជន ឱកាសទៅបន្តការសិក្សានៅក្រៅប្រទេស ពិសេសចូលរួមប្រកួតប្រជែងជាអន្តរជាតិផងដែរ។
លោក ជា សុមេធី បានបញ្ជាក់ឲ្យដឹងថា សមិទ្ធផលអប់រំដែលវិទ្យាស្ថានសម្រេចបានក្នុងឆ្នាំសិក្សាកន្លងមក និងនាពេលនេះ គឺពិតជាអាស្រ័យ ដោយការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងគ្រប់ជំនាន់ លោកគ្រូ អ្នកគ្រូ ក្នុងការផ្ទេរចំណេះជំនាញ បទ ពិសោធន៍ និងការអប់រំក្រមសីលធម៌វិជ្ជាជីវៈដល់និស្សិត។
ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា លោកសូមគាំទ្រសកម្មភាពរបស់វិទ្យាស្ថានជាតិសង្គមកិច្ច ក្នុងការជំរុញឱ្យមានវគ្គ បណ្តុះបណ្តាលជាបន្តបន្ទាប់ទៀត ដើម្បីបង្កើននូវចំណេះដឹងទ្រឹស្តីជំនាញវិជ្ជាជីវៈជូនដល់និស្សិត ក៏ដូចជាថ្នាក់ ដឹកនាំនិងមន្ត្រីមុខងារបច្ចេកទេស គ្រប់លំដាប់ថ្នាក់ ធានាបាននូវប្រសិទ្ធភាពការងារ តាមគោលការណ៍កំណត់។
ជាមួយគ្នានោះ រដ្ឋមន្រ្តីសង្គមកិច្ច បានផ្តល់នូវអនុសាសន៍មួយចំនួនជូនវិទ្យាស្ថានជាតិសង្គមកិច្ច ដូចខាងក្រោម៖
១៖ ធ្វើទំនើបកម្មកម្មវិធីសិក្សាបន្ថែមទៀតតាមការចាំបាច់ ឱ្យសមស្របតាមការអភិវឌ្ឍវិស័យសង្គមកិច្ច និងពហុវិស័យផ្សេងៗទៀតនាពេលអនាគត ដូចជាការបង្រៀន ផ្នែកវិស្វកម្មឧបករណ៍សិប្បនិម្មិត និង រណបជាភាសារជាតិ ការថែទាំមនុស្សចាស់ ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងកិច្ច ការពារកុមារជាដើម។
២៖ ពង្រីកវិសាលភាពបណ្តុះបណ្តាល លើកកម្ពស់គុណភាពនិងសមត្ថភាពរបស់និស្សិត បង្កើនការ ផ្សព្វផ្សាយអំពីវិទ្យាស្ថានលើប្រព័ន្ធមេឌាឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកំណើនចំនួននិស្សិត ប្រចាំឆ្នាំ និងប្រែក្លាយធនធានទាំងនេះជាអ្នកសង្គមកិច្ចអាជីព។
៣៖ រៀបចំឱ្យមានការទទួលស្គាល់គុណវុឌ្ឍជាតិ ពង្រីកសកម្មភាពសិក្សាស្រាវជ្រាវបញ្ហាសង្គមឱ្យ ទូលំទូលាយបន្ថែមទៀត ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ជួយដល់ការរៀបចំ គោលនយោបាយសម្រាប់អភិវឌ្ឍវិស័យសង្គមកិច្ចស្របតាមវឌ្ឍនភាពគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ និងសកលលោក ។
៤៖ ជំរុញឱ្យមានវគ្គបណ្តុះបណ្តាលគរុកោសល្យពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលស្គាល់និង ផ្តល់ឋានៈដល់លោកគ្រូ អ្នកគ្រូ ស្របតាមកម្រិតជាអ្នកបណ្តុះបណ្តាលនៅឧត្តមសិក្សា ដូច គ្រឹះស្ថានសាធារណៈដទៃទៀត។
៥៖ សិក្សានិងរៀបចំបទដ្ឋានផ្លូវច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមខ្លួនប្រែក្លាយវិទ្យាស្ថានជាតិ សង្គមកិច្ច ឱ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីមានលទ្ធភាព ពង្រឹង និងពង្រីកខ្លួនឱ្យ កាន់តែប្រសើរនាពេលខាងមុខ។
ថ្លែងនៅក្នុងឱកាសនោះដែរ លោក សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានលើកឡើងថា និស្សិតដែលបានបញ្ជាប់ ការសិក្សានៅទីនេះ បាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការដៃគូនានា ដែលផ្តល់សេវាសង្គមកិច្ច ដូចជាសេវាកម្មគ្លីនិក វិស័យអប់រំ និងវិស័យផ្សេងៗ ដែលជាធនធានមនុស្សប្រកបដោយគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយបានតាមតម្រូវការ ទីផ្សារ ហើយថ្មីៗនេះ អង្គការដៃគូជាច្រើនបានឯកភាពទទួលយកនិស្សិតវិទ្យាស្ថានជាតិសង្គម ដើម្បីហាត់ការ និងឈានទៅជាបុគ្គលិកពេញសិទ្ធិផងដែរ។
គួរបញ្ជាក់ថា វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ មកដល់ពេលនេះបានដំណើរការរយៈពេល ១៣ឆ្នាំហើយ ដោយបានបណ្តុះបណ្តាលនិស្សិតបាន ៩ជំនាន់ សរុបចំនួន ៥៥២នាក់។ និស្សិតជាច្រើនដែលបានបញ្ចប់ការ សិក្សា បានចេញទៅរកការងារធ្វើតាមក្រសួង ស្ថាប័នរដ្ឋ ផ្នែកឯកជន និងអង្គការនានា៕