(កំពង់ស្ពឺ)៖ លោក លី សុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ លោក ដាវ អានសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រះស្រែ, និងលោក សុខ សយ ប្រធានគណៈកម្មាធិការបក្សក្រុងឧដុង្គម៉ែជ័យ និងលោក ទឹម សារូ ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រះស្រែ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនៃពិធីប្រកាសសមាសភាពគណៈកម្មាធិការសាខាគណបក្សភូមិទាំង១៨ និងគណៈកម្មាធិការសាខាគណបក្សជារចនាសម្ព័ន្ធ២បន្ថែមទៀត ដែលស្ថិតក្រោមគណៈកម្មាធិការគណបក្សសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ពិធីប្រកាសសេចក្តីសម្រេចកែសម្រួល និងតែងតាំងគណៈកម្មាធិការសាខាបក្សនៅថ្ងៃនេះ គឺស្របតាមគោលការណ៍ការងាររៀបចំអង្គការចាត់តាំងមូលដ្ឋានចំណុះគណបក្ស ដែលជាក់ស្តែងសមាជិកសមាជិកាគណបក្សនៅតាមភូមិនីមួយៗបន្តកើនឡើងជាលំដាប់។

ក្នុងឱកាសនេះ គណៈអធិបតីបានផ្តល់បទឧទ្ទេសនាមលើប្រធានបទសំខាន់ៗ ដើម្បីឱ្យមន្ត្រីគណបក្សទាំងអស់ បានយល់ជ្រាបអំពីរបៀបរបបការងារ, តួនាទីភារកិច្ច, ប្រវត្តិគណបក្ស, ទិដ្ឋភាពនយោបាយ សង្គម សេដ្ឋកិច្ច, ពលិកម្មគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំនិងឥស្សរជនរបស់គណបក្ស ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងបេសកកម្មរបស់គណបក្ស និងរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍតាមការគ្រោងទុក។

លោក ដាវ អានសាន ក៏បានផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈចលនាមហាជន កាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ និងទិសដៅការងារ២០២៥ ជាពិសេសបានផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដើម្បីឱ្យគណបក្សបន្តរក្សាប្រៀបឈ្នះ, រឹងមាំ និងមានសាមគ្គីភាពឯកភាពផ្ទៃក្នុង ជារៀងរហូត។

លោក លី សុន បានថ្លែងការកោតសរសើមន្ត្រី និងក្រុមការងារគណបក្សគ្រប់ថ្នាក់ដែលបានខិតខំកសាង និងពង្រីសមាជិកសមាជិកាគណបក្សប្រៀបដូចផ្ការីក ក្នុងសង្កាត់ព្រះស្រែ និងបានជំរុញឱ្យមន្ត្រីគណបក្សទាំងអស់ ប្រកាន់ខ្ជាប់នូវរាល់គោលការណ៍របស់គណបក្ស ដើម្បីឱ្យគណបក្សបន្តឈ្នះជារៀងរហូត៕