(សៀមរាប)៖ លោក សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិក្យូឆឺរប្រាយ បានលើកឡើងថា ក្រោមម្លប់នៃសន្តិភាព បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍប្រទេសនាពេលអនាគត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណាព្យាបាលត្រូវអប់រំកូនចៅនៅផ្ទះបន្ថែមទៀត ឱ្យគាត់យកចិត្តទុកដាក់លើការសិក្សា ដើម្បីទទួលចំណេះដឹង ជំនាញ និងបំណិនសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ។

ថ្លែងយ៉ាងដូច្នេះរបស់លោក សៀន សុវណ្ណា នៅក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិជូនសិស្សានុសិស្សជ័យលាភីឆ្នាំសិក្សា២០២៣-២០២៤ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកស្រី យូ សុធារី ស្ថាបនិក និងជាម្ចាស់សាលា អន្តរជាតិក្យូឆឺរប្រាយ និងលោក ស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការងារដល់យុវជនជាច្រើនកន្លែង ដើម្បីទទួលបានការងារធ្វើ កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដើម្បីមានឱកាសទទួលបានការងារពីរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយជីវភាព គ្រួរសារ កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោកបាន្តថា ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ ជាមួយគ្នានេះ វិស័យអប់រំឯកជន ត្រូវបានលើកទឹកចិត្តឱ្យចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតមតេយ្យសិក្សាដល់កម្រិតឧត្តមសិក្សា សំដៅរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លោកបន្ថែមថា ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា សាលាអន្តរជាតិក្យូឆឺរប្រាយបានកំណត់ ចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាព ដើម្បីដឹកនាំគ្រប់គ្រងការបណ្តុះបណ្តាលកម្មវិធីសិក្សា កម្រិតមត្តេយ្យសិក្សា កម្មវិធីសិក្សាចំណេះទូទៅគ្រប់កម្រិតសិក្សា និងកម្មវិធីសក្សាភាសាអង់គ្លេសរបស់ សាលា អន្តរជាតិក្យូឆឺរប្រាយ។

តាមការបញ្ជាក់របស់លោក ម៉ាន់ វុឌ្ឍី ប្រធាននាយកដ្ឋាន នៃសាលាអន្តរជាតិក្យូឆឺរប្រាយ បានលើកឡើងអំពីលទ្ធផលសិស្សដែលប្រឡងមធ្យមសិក្សាបឋមភូមិចំនួន ៩៣នាក់ ,ក្នុងនោះប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ចំនួន៨៥នាក់ និទ្ទេស A ១៩នាក់, និទ្ទេស B ២៧នាក់ និងនិទ្ទេស C ៣៩នាក់ផងដែរ។

លោកបន្តថា ដោយមានការប្តេជ្ញាចិត្តខ្ពស់របស់គណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ធ្វើឱ្យសាលាប្រែក្លាយជា គ្រឹះស្ថានសិក្សា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តសៀមរាប មានការទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ។

ជាមួយនេះដែរ លោកបណ្ឌិត សៀន សុវណ្ណា និងលោកស្រី ក៏បានផ្តល់ជូននូវកុំព្យូទ័រយួរដៃម្នាក់មួយដល់សិស្សជ័យលាភី ដែលបានប្រឡងជាប់និទ្ទេស Aទាំង១៩នាក់  ដើម្បីជាការលើកទឹកចិត្ត និងជំរុញដល់សិស្សានុសិស្សក្នុងការបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត និងបានប្រគល់វិញ្ញាបនបត្របណ្តោះអាសន្នដល់សិស្សឆ្នើមផងដែរ៕