(កំពត)៖ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារបច្ចេកទេស​ចុះពិនិត្យលទ្ធផលការងារ​សាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន ដោយមានការចូលរួមអមដំណើរដោយលោកអនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។

ការចុះពិនិត្យលើវឌ្ឍនភាពការងារនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឈានទៅដំណាក់កាលនៃការប្រគល់-ទទួលបណ្តោះអាសន្ន មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់បានរួចរាល់ទាំងស្រុងហើយ ដោយមានការយកចិត្តទុកដាក់ពីលោករដ្ឋលេខាធិការ តែងបានចុះពិនិត្យផ្ទាល់ជាប្រចាំ តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាការអនុវត្តប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ សំដៅពង្រឹងគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

សូមបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ(PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។

គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលបាន ១០០% ដោយក្នុងនោះការងារអ៊ុតកៅស៊ូ AC បានបញ្ចប់១០០%ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់រួចរាល់មុនធ្វើការប្រគល់-ទទួល ជាបណ្តោះអាសន្នផងដែរ៕