(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ​ដោយមានការប្រុងប្រយ័ត្នខ្ពស់រាល់ពេលធ្វើនាវាចរណ៍ ឆ្លងកាត់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងខាងលិចស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម នៃភូមិសាស្ត្រខេត្តកណ្តាលចៀសវាងឧបទ្ទវហេតុ កើតឡើងជាយថាហេតុ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៨ ហើយនៅក្នុងអំឡុងពេលនៃការសាងសង់នេះ ផ្លូវនាវាចរណ៍នៅតំបន់ការដ្ឋាននឹងមានការរួមតូច​ដែលអាចរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។

ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

១៖ បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។

២៖ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។

៣៖ ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិក ការដ្ឋានសាងសង់ ។

៤៖ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់។

៥៖ នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់ ។

៦៖ ហាមបើកបរវ៉ាជែងគ្នា និងល្បឿនលឿនបណ្តាលឱ្យមានរលកខ្លាំង និងត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា ចម្ងាយ ៥០០ម៉ែត្រ ក្នុងករណីធ្វើនាវាចរណ៍បញ្ច្រាស់ចរន្តទឹកហូរ និង ១ ០០០ ម៉ែត្រ ក្នុងករណីធ្វើ នាវាចរណ៍ស្របតាមចរន្តទឹកហូរ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ៖