(ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ ក្រោមវត្តមានលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានថ្លែងលើកឡើងពីសកម្មភាពការងាររបស់មន្ទីរនៅឆ្នាំ២០២៤ ដែលមន្ទីរបានលើកឡើងនូវផែនការសកម្មភាពសំខាន់ៗជាអាទិភាពចំនួន៦១ចំណុច ក្នុងនោះមន្ទីរអនុវត្តបានចំនួន៥៨ចំណុច ស្មើនឹង៩៦% ហើយនឹងធ្វើឱ្យសម្រេចបាន១០០%នៅពេលដ៏ខ្លីខាងមុខនេះ។ ដោយឡែកទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ខាងមុខនេះ មន្ទីរបានលើកផែនការសកម្មភាពចំនួន៥១ចំណុច ក្នុងនោះមានចំណុច សំខាន់ៗជាអាទិភាពចំនួន៣៤ផងដែរ។
លោក សំ លាងទ្រី បានថ្លែងលើកឡើងពីបញ្ហាប្រឈមមួយនាឆ្នាំ២០២៤រួមមាន៖ បញ្ហាយានយន្តល្មើសច្បាប់ចរាចរណ៍ ដឹកលើសទម្ងន់កំណត់ កែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង ការំលោភដឺចំណីផ្លូវ ការខ្វះខាតកម្មករជំនាញបើកគ្រឿងចក្រ ជាងជួសជុលគ្រឿងចក្រ ក៏ដូចជាខ្វះមន្ត្រីសម្រាប់បម្រើតាមការិយាល័យនីមួយៗ។
ជាមួយបញ្ហាប្រឈមដែលបានរៀបរាប់ខាងលើ លោកប្រធានមន្ទីរក៏បានលើកនូវសំណូមពរមួយចំនួនផងដែររួមមាន៖ សូមអភិបាលខេត្តព្រះវិហារ ជួយធ្វើអន្តរាគមន៍ទៅបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ចាត់វិធានការរុះរើសំណង់ សម្ភារផ្សេងៗដែលសាងសង់រំលោភលើចំណីផ្លូវ និងសំណូមពរទៅក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់ជញ្ជីងចល័ត ផ្តល់មន្ត្រីជាប់កិច្ចសន្យាគ្រប់គ្រាន់ សុំបញ្ចូលកម្មករជំនាញផ្នែកបើកបរគ្រឿងចក្រ និងជាងជួសជុលគ្រឿងចក្រ បានចូលក្នុងក្របខ័ណ្ឌរដ្ឋពេញសិទ្ធិ សុំប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ដើម្បីចូលបម្រើការងារនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបន្ថែមទៀត។
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ សូមកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារទាំងអស់ ដែលកន្លងមកបានបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសលើការងារថែទាំជួសជុលផ្លូវថ្នល់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាការងារសំខាន់ៗមួយចំនួនទៀត។
លោក អ៊ុក គឹមសាន បានថ្លែងថា លោកនឹងនាំយកនូវសំណូមពរការងារចាំបាច់មួយចំនួនរបស់មន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត និងរាយការណ៍ជូនលោកអភិបាលខេត្តព្រះវិហារ ដើម្បីឱ្យលោកបានជ្រាប និងមានវិធានការណែនាំចង្អុលបង្ហាញដល់មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងាររបស់មន្ទីរទទួលបានជោគជ័យ។
នៅក្នុងឱកាសនោះលោក អ៊ុក គឹមសាន និងលោក សំ លាងទ្រី ប្រធានមន្ទីរ បានប្រគល់នូវលិខិតតែងតាំងផ្លាស់ប្តូរតួនាទីភារកិច្ចមន្ត្រី ក៏ដូចជាលិខិតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ដែលមានស្នាដៃ។
ដើម្បីលើកទឹកចិត្តដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជាដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ ដែលនឹងឈានមកដល់នៅពេលដ៍ខ្លីខាងមុខនេះ លោក សំ លាងទ្រី ក៏បានរៀបចំពិធីជប់លៀងពិសាអារហារសាមគ្គី ដើម្បីបង្ករការសប្បាយរីករាយដល់មន្ត្រីផងដែរ៕