(ត្បូងឃ្មុំ)៖ លោក ផារ៉ា មង្គល សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុកក្រូចឆ្មារ។

កិច្ចប្រជុំធ្វើឡើងនៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ប្រធាន អនុប្រធាន សមាជិក សមាជិកា សរុបប្រមាណ៩៦០រូប។

លោក ផារ៉ា មង្គល បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សមាជិក សមាជិកាទាំងអស់។ ទន្ទឹមនោះ លោកប្រធានក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ លោក ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលតែងតែគិតគូរ និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនទាំងអស់នៅក្នុងស្រុកក្រូចឆ្មារទាំងមូលផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍ លោក សយ ទូច ប្រធានគណៈកម្មាធិការគណបក្សស្រុកក្រូចឆ្មារ អំពីលទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងមក របស់ក្រុមការងារចុះមូលដ្ឋានស្រុក-ឃុំរួចមក លោក ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សស្រុក បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់កម្រិតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ធ្វើឱ្យមានប្រៀបខ្លាំងរបស់គណបក្សកាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរនៅគ្រប់ទីកន្លែង។

លោក ផារ៉ា មង្គល បានបន្តថា ស្របពេលថ្ងៃស្អែកនេះជាខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា ដោយគិតចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមការអនុវត្តនយោបាយឈ្នះ ឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃឲព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ បញ្ចប់ការបែកបាក់ជាតិ បញ្ចប់ការបែកបាក់ទឹកដី និងបានធ្វើឲ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ក្រោមម្លប់ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ ដែលប្រទេសកម្ពុជាមិនធ្លាប់មាន ក្នុងរយៈកាលជាង៥០០ឆ្នាំ ចុងក្រោយ នៃប្រវត្តិសាស្រ្តជាតិ។

លោកប្រធានក្រុមការងារ បានបន្តថា គណបក្សប្រជាជនកម្ពុជា តែងតែខិតខំអស់ពីកម្លាំងកាយចិត្តក្នុងកិច្ចការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន ព្រោះថាគណបក្ស ត្រូវបានបង្កើតឡើងដោយសារប្រជាជន ដើម្បីផលប្រយោជន៍ប្រជាជន។

បន្ថែមពីនេះ លោក ផារ៉ា មង្គល បានឯកភាព លើសេចក្តីព្រាងរបាយការណ៍ របស់គណៈកម្មាធិការគណបក្សស្រុកក្រូចឆ្មារ ដោយបានដាក់ចេញផែនការ និងទិសដៅបន្ថែមចំនួន៤ចំណុច រួមមាន៖

ទី១. បន្តសកម្មភាពចុះមូលដ្ឋានឱ្យដូចភ្លៀងរលឹម ដើម្បីក្តាប់បាននូវសុខទុក្ខ បញ្ហា និងបង្កើតភាពស្និទ្ធស្នាល តាមរយៈយុទ្ធសាស្រ្ត «ស្នេហ៍មិនឈ្នះស្និទ្ធ» ហើយត្រូវគិតថា លើសពីវត្ថុកំដរដៃ អ្វីដែលប្រជាជនចង់បាននោះ គឺការរាប់អាន ភាពស្និទ្ធស្នាល និងភាពកក់ក្ដៅ។

ទី២. បន្តការកៀគរកសាងកម្លាំងបន្ថែម ដើម្បីធានាបានការពង្រីក និងពង្រឹងសមាជិកបក្ស ស្របតាមគោលការណ៍ រក្សាចាស់បង្កើនថ្មី។

ទី៣. បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឱ្យស្រុកក្រូចឆ្មារប្រែក្លាយទៅជាកន្លែងផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តបាន។ ជាភូមិសាស្ត្រមានបរិស្ថានស្អាត មានសណ្ដាបធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង និងគ្មានក្មេងទំនើង។

ទី៤. សូមក្រុមការងារគ្រប់លំដាប់ថ្នាក់ ពិនិត្យមើលលទ្ធភាពបង្កើតក្លឹប ឬកន្លែងហាត់គុនខ្មែរ ដើម្បីចូលរួមលើកកម្ពស់ និងថែរក្សាកីឡាជាតិ ឲ្យល្បីល្បាញលើកឆាកអន្តរជាតិ៕