(ត្បូងឃ្មុំ)៖ លោក សេង សុមុនី រដ្ឋលេខាធិការប្រចាំការតំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២ នៅសាលាខេត្តត្បូងឃ្មុំ។
ក្នុងនោះ មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រះមន្ត្រីសង្ឃថ្នាក់ខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំសាសនា មន្ត្រីសង្ឃក្រុង ស្រុក, ព្រះគ្រូចៅអធិការ, អាចារ្យ, គណៈកម្មការវត្ត និងសាសនាផ្សេងៗទៀត ប្រមាណជិត១០០០អង្គ/នាក់ ដែលរៀបចំឡើងដោយសាលាគណ និងមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានជម្រាបជូនសង្ខេប អំពីសកម្មភាព និងលទ្ធផល នៃការអនុវត្តវិស័យសាសនានៅក្នុងខេត្ត ដោយរំលេចលើកឡើងថា បច្ចុប្បន្ននេះ នៅទូទាំងខេត្តត្បូងឃ្មុំ មានវត្តអារាមចំនួន២៥៥វត្ត ព្រះសង្ឃចំនួន៣,០៨១អង្គ មានសាលាពុទ្ធិកសិក្សាចំនួន១៤កន្លែង និងសមណសិស្សសរុបចំនួន១,៤១២អង្គ ដែលកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកបឋម អនុវិទ្យាល័យ និងវិទ្យាល័យ។
ថ្លែងក្នុងពិធី លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា វិស័យព្រះពុទ្ធសាសនាបច្ចុប្បន្ន មានភាពរីកចម្រើនជាខ្លាំង ប៉ុន្តែយើងក៏នៅមានការងារច្រើនទៀត ដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាពបន្ថែមទៀត ដែលជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន ជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព។
លោកអភិបាលខេត្តគូសបញ្ជាក់ថា ការពង្រឹងវិស័យសាសនា ត្រូវកែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃ និងព្រះសង្ឃនៅតាម ទីវត្តអារាមក្នុងខេត្ត ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌ និងធម្មវិជ្ជា ដល់កុលបុត្រ កុលធិតា ក្នុងស្ថាប័នអប់រំបង្កើតសាលាធម្មវិន័យ ពុទ្ធិកសិក្សា ពង្រឹងសាមគ្គីភាព ពិសេសវិស័យសង្ឃ ក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គម។
បន្ថែមពីនោះ លោក ប៉ែន កុសល្យ បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ សូមរៀបចំវត្តអារាម ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ និងជាទីកន្លែងគោរពបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។
លោក សេង សុមុនី បានផ្តល់អនុសាសន៍ដល់ព្រះគ្រូចៅអធិការ ត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀន ភិក្ខុ សាមណេរ នៅក្នុងទីវត្តអារាមរបស់ព្រះអង្គ។ ចំពោះ ព្រះមន្ត្រីសង្ឃទាំងអស់ ត្រូវយកចិត្តទុក លើវិស័យពុទ្ធិកសិក្សា ឲ្យស្របទៅនិងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី៧ របស់រាជរដ្ឋាភិបាល។
លោកបន្ថែមថា ទន្ទឹមគ្នានេះ វត្តអារាម អាចារ្យ គណៈកម្មការ ត្រូវសហការជាមួយព្រះគ្រូចៅអធិការ ឈរលើស្មារតីសាមគ្គីគ្នា ជៀសវាងមានជម្លោះផ្ទៃក្នុង ហើយរាល់ការកសាងសមិទ្ធិផលនានាក្នុងវត្តអារាម ត្រូវពិភាក្សាគ្នា ឲ្យបានត្រឹមត្រូវ កុំមានជម្លោះកើតមានឡើង ធ្វើឲ្យពុទ្ធបរិស័យបាត់បង់សទ្ធារបស់ប្រជាពលរដ្ឋ គ្រប់សាសនាទាំងអស់ ត្រូវរួមគ្នាដើម្បីបន្តសុខដុមនីយកម្មសាសនា ដើម្បីរួមគ្នាថែរក្សាសន្តិភាព ក្រោយការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង បន្តអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។
ចប់ប្រសាសន៍សំណេះសំណាល គណៈអធិបតី ក៏បានប្រគេន នៅប្រកាសនីយបត្រដល់ព្រះមន្ត្រីសង្ឃ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕