(ឧត្តរមានជ័យ)៖ លោក លន់ មុនីរតនា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី បិទការផ្សព្វផ្សាយសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ​ទូទាំងប្រទេសលើកទី៣២ នៅខេត្តឧត្តរមានជ័យ និង​បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន។

ពិធីនេះក៏មានការរួមពីលោក ស៊ឹម វុទ្ធា អភិបាលរងខេត្តឧត្តរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត លោក ម៉ៅ សារាវុទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនា​ខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ថ្នាក់ដឹកនាំសាសនា ឥស្លាមសាសនា គ្រីស្ទសាសនា, មន្ត្រីសង្ឃក្រុង ស្រុក, ព្រះគ្រូចៅអធិការ, អាចារ្យ, គណៈកម្មការវត្ត និងសាសនាផ្សេងៗទៀត។

លោក លន់ មុនីរតនា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងធម្មការ និងសាសនា បានរៀបចំតួនាទីព្រះពុទ្ធសាសនាផ្សរភ្ជាប់នឹងសង្គម ដោយមានការនិមន្តធម្មកថិកល្បីៗ សម្តែងព្រះធម៌ទេសនា នៅទីស្តីការក្រសួងធម្មការ និងសាសនា ដើម្បីបញ្ជ្រាបការអប់រំជៀសផុតពីអបាយមុខ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស និងកុមារ អំពើហឹង្សាក្នុងគ្រួសារជាដើម។

លោកថា ក្រសួងបាននឹងកំពុងជំរុញឱ្យវត្តអារាមទូទាំងប្រទេស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំទីវត្តអារាមឱ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ មានការគ្រប់គ្រងល្អ បរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា សិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងភាពរិកចម្រើនក្នុងសង្គម តាមរយះព្រះពុទ្ធសាសនា។

លោករដ្ឋលេខាធិការបានថ្លែងថា តាមខ្លឹមសាសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ បានដាក់ចេញជាផ្លូវការបានផ្លាស់ប្តូរយោបល់យ៉ាងផុលផុស លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមក្នុងវិស័យព្រះពុទ្ធសាសនា ដោយខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផល នៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារនាពេលបច្ចុប្បន្ន ព្រមទាំងលើកទិសដៅអនុវត្តនាពេលអនាគត។

លោក លន់ មុនីរតនា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើរបាយការណ៍លោក ឆឹម តឿ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ ដែលបានលើកឡើងពីវឌ្ឍនភាពរីកចម្រើន គួរឱ្យកត់សម្គាល់ ដែលកើតឡើងពីកត្តាសាមគ្គីគ្នារវាងថ្នាក់ដឹកនាំសាសនា មន្ត្រីរាជការ មន្ត្រីសង្ឃ គ្រប់ថ្នាក់ដែលបានខិតខំបំពេញការងារក្នុងរយៈពេលកន្លងទៅ បម្រើវិស័យព្រះពុទ្ធសាសនា និងជាពិសេសបានរៀបចំផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២នាពេលនេះ។

ជាមួយគ្នានេះលោក លន់ មុនីរតនា ក៏បានថ្លែងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

*ទី១៖ សូមរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្លួន តាមបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់លិខិតបទដ្ឋានគតិយុត្តិនានាដែលមានស្រាប់។
*ទី២៖ គណៈសង្ឃគ្រប់ថ្នាក់ត្រូវប្រកាន់យកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរធម្មការនិងសាសនា រដ្ឋបាលខេត្ត ក្រុង ស្រុក អង្គភាពពាក់ព័ន្ធ ដើម្បីកិច្ចសហការឱ្យមានប្រសិទ្ធិភាពជំរុញការងារ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
*ទី៣៖ គណៈសង្ឃគ្រប់ថ្នាក់ត្រូវគោរពតាមឋានានុក្រម សហការផ្ទាល់ជាមួយមន្ទីរធម្មការនិងសាសនា ពង្រឹងអភិបាលកិច្ចដោះស្រាយអធិករណ៍គ្រប់ទម្រង់ឱ្យបញ្ចប់ក្នុងមូលដ្ឋាន ទទួលបានលទ្ធផលល្អប្រសើរ។
*ទី៤៖ ពង្រឹងការងាររៀបចំរចនាសម្ព័ន្ធគ្រប់គ្រងវត្តអារាម អនុវត្តតាមព្រះសង្ឃប្រកាស ប្រកាសរបស់ក្រសួងធម្មការនិងសាសនា។
*ទី៥៖ ជំរុញការគ្រប់គ្រងវត្តអារាម អនុវត្តតាមព្រះសង្ឃប្រកាស គណៈសង្ឃគ្រប់ថ្នាក់ តួនាទីភារកិច្ចអាចារ្យ គណៈកម្មការវត្ត។
*ទី៦៖ ពង្រឹងសុខដុមនីយកម្មព្រះពុទ្ធសាសនា និង៣ហិរសាសនា ៕