(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសច្រានចោលទាំងស្រុងជុំវិញការផ្សព្វផ្សាយមិនពិត របស់កាសែត THE CAMBODIA DAILY បានចុះផ្សាយព័ត៌មានតាមរយៈគេហទំព័រ និងFacebook page របស់ខ្លួន ស្តីអំពីភាពមិនប្រក្រតី នៃកិច្ចការលទ្ធកម្មកំណាត់ផ្លូវជាតិលេខ៤ ដោយបានចោទប្រកាន់ថា នាយកគម្រោង និងតំណាង ធនាគារពិភពលោកទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង ១លានដុល្លារ អាម៉េរិក ជាថ្នូរនឹងការទទួលបានគម្រោង។

នៅក្នុងសេចក្តីបំភ្លឺរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥នេះ ក្រសួងបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសូមប្រកាសបដិសេធ និងសូមបញ្ជាក់ជូនសាធារណជនជ្រាបថា៖ កំណាត់ផ្លូវជាតិលេខ៤ ប្រវែង ៤៣គីឡូម៉ែត្រ ចន្លោះ គ.ម១៤៣+០០០ ដល់ គ.ម១៨៦+០០០ ត្រូវបានប្រគល់ជា «កិច្ចសន្យាជួសជុលថែទាំ» ទៅឱ្យក្រុមហ៊ុនសំណង់បរទេសមួយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ដោយហេតុថាក្រុមហ៊ុននេះ មិនបានអនុវត្តការងារទៅតាមកាលវិភាគគ្រោងទុក មានការយឺតយ៉ាវ ហួសហេតុ ក្រសួងបានធ្វើការលុបកិច្ចសន្យាចោលហើយរឹបអូសយកប្រាក់កក់ចំនួន ៩៦៩,៨៥៧.១៩ ដុល្លារអាម៉េរិក ជាថវិកាផាកពិន័យចូលថវិការដ្ឋ។

គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនដែលបានធ្វើការចរចាណាមួយ ជាមួយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្តីពីការប្រគល់កំណាត់ផ្លូវ៤៣ គីឡូម៉ែត្រ ទៅឱ្យក្រុមហ៊ុននេះ ជាថ្នូរនឹងទឹកប្រាក់នោះទេ។

គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង បានធ្វើលទ្ធកម្មកំណាត់ផ្លូវនេះ ប្រកបដោយតម្លាភាព អនុលោមយ៉ាងហ្មត់ចត់ទៅតាមនីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក និងនីតិវិធីលទ្ធកម្មរបស់រាជរដ្ឋាភិបាល កម្ពុជា ដោយមានទីប្រឹក្សាលទ្ធកម្មអន្តរជាតិ ១រូបជាជំនាញការ និងមន្ត្រីលទ្ធកម្មធនាគារពិភពលោកធ្វើការ គ្រប់គ្រង និងណែនាំជាប្រចាំទៅតាមដំណាក់កាលនីមួយៗ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖