(ភ្នំពេញ)៖ ប៉ុល ពត កើតនៅខែមករា ឆ្នាំ១៩២៥ ត្រូវនឹងឆ្នាំឆ្លូវ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ ប៉ុល ពត មានបងប្រុសឈ្មោះ សាឡុត សេង, បងស្រីឈ្មោះ សាឡុត រឿង និងប្អូនប្រុសឈ្មោះ សាឡុត ញឹប។ នៅពេលដែល ប៉ុល ពត មានអាយុ៦ឆ្នាំ គាត់បានទៅរស់នៅជាមួយបងប្រុសដែលធ្វើការនៅក្នុងព្រះបរមរាជវាំង។ នៅទីក្រុងភ្នំពេញ ប៉ុល ពត បានសិក្សារៀនសូត្រនៅតាមសាលាបារាំងជាច្រើន ហើយបានបួសជាលោកនេន។

នៅឆ្នាំ១៩៤៩ ប៉ុល ពត បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ប៉ុន្តែមិនបានទទួលសញ្ញាប័ត្រអ្វីទេ។ ក្នុងអំឡុងពេលរៀនសូត្រនៅទីក្រុង ប៉ារីស ប៉ុល ពត បានចូលជាសមាជិកបក្សកុម្មុនីស្តបារាំង ហើយបានចំណាយពេលយ៉ាងច្រើន ទៅលើសកម្មភាពនយោបាយ។

នៅឆ្នាំ១៩៥៣ ប៉ុល ពត បានត្រឡប់មកប្រទេសកម្ពុជាវិញ និងធ្វើជាគ្រូបង្រៀនប្រវត្តិវិទ្យា និងភូមិវិទ្យានៅសាលាឯកជន ព្រមទាំងបានចូលរួមជាមួយចលនាកុម្មុយនីស្តខុសច្បាប់មួយ។ ប៉ុល ពត បានរៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានៈទីបីនៅក្នុងបក្សពលករកម្ពុជា ហើយត្រូវបានតែងតាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១។ ពីឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៦៣ ប៉ុល ពត ត្រូវបានតែងតាំងជាលេខាបក្សកុម្មុយនីស្តកម្ពុជា។

ក្នុងពេលដែលអតីតរបបសង្គមរាស្ត្រនិយមរបស់សម្តេចព្រះនរោត្តម សីហនុ ត្រូវ បានផ្តួលរំលំដោយរដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០ បង្កឡើងដោយលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកក្រោមការជួយឧបត្ថម្ភពីអតីតរដ្ឋការសហរដ្ឋអាមេរិក, ប៉ុល ពត គឺជាមេដឹក នាំម្នាក់ក្នុងចំណោមក្រុមអ្នកតស៊ូទាំងឡាយ ក្នុងរង្វង់កងកម្លាំងខ្មែរក្រហមដែលធ្វើសង្រ្គាមប្រឆាំងជាមួយនឹងលោក លន់ នល់ និងដែលបង្កើតរបបសាធារណរដ្ឋខ្មែរ។ ថ្ងៃទី១៧មេសាឆ្នាំ ១៩៧៥ របបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ត្រូវបានដួលរំលំ។ ប៉ុល ពត ពេលនោះ បានក្លាយជាអគ្គលេខាបក្សដឹកនាំប្រទេស ដែលឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ក្នុងជំនាន់នោះ។

ក្រោយមករបបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃ ដែលធ្វើឱ្យមានមនុស្ស ស្លាប់ច្រើនលាននាក់ ត្រូវបានកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលសហការ ជាមួយនឹងកងកម្លាំងស្ម័គ្រចិត្តវៀតណាម បានចូលមកជួយរំដោះប្រទេស និងប្រជាជនកម្ពុជា ទទួលបានជ័យជំនះនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩។

ប៉ុល ពត និងបក្ខពួក បានរត់ចូលព្រៃតស៊ូ និងបានបង្កើតទីតាំងធំៗមួយចំនួន នាភាគ ពាយព្យ, បស្ចឹម និងនៅឧត្តរប្រទេសកម្ពុជា ក្នុងនោះរួមមានតំបន់សំឡូត, តំបន់ម៉ាឡៃ តំបន់ប៉ៃលិន និងតំបន់អន្លង់វែង ជាដើម។ ដំណើរចេញចូលលាក់ខ្លួនរបស់ប៉ុលពត ត្រូវ គេរាយការណ៍ថា មានពេលខ្លះ ថែមទាំងបានរត់ចូលទីរស់នៅក្នុងទឹកដីថៃផងទៀត។

ក្រោមយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ចាប់ផ្តើមពីថ្ងៃ១១កុម្ភៈឆ្នាំ១៩៩៦ ជាមួយនឹងឈ្នួនបំផ្ទុះដំបូងចេញពី តំបន់ឱរ៉ាល់ នៃអតីតកងកម្លាំងខ្មែរក្រហមលេខ១៧របស់លោកកែវ ពង្សនោះមក កម្លាំងដឹក នាំខ្មែរក្រហម ក៏ចាប់ផ្តើមបែកបាក់គ្នា។

អតីតតំបន់សំឡូត, ម៉ាឡៃ ប៉ៃលិន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកអៀង សារី ក៏បាន ផ្តាច់ខ្លួនចេញពីប៉ុលពត និងពួកគេបានធ្វើសមាហរណកម្មជាមួយកម្លាំងរាជរដ្ឋាភិបាលជា បន្ត បន្ទាប់ នៅក្នុងឆ្នាំ១៩៩៦។

ហើយជម្លោះរវាង ប៉ុល ពត និង តាម៉ុក ក៏បានចាប់ផ្តើម នៅពេលមានការផ្ដាច់ខ្លួនរបស់កម្លាំងឧទ្ទាមខ្មែរក្រហមនៅប៉ៃលិន និង ម៉ាឡៃ នោះមក។

នៅមុនការធ្វើសមាហរណកម្មរបស់កម្លាំងប៉ៃលិន និងម៉ាឡៃ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងឆ្នាំ១៩៩៦នោះ, ប៉ុល ពត បានព្យាយាមធ្វើការអូសទាញកម្លាំងក្រោមបង្គាប់លោកអៀង សារី មកវិញដែរ ប៉ុន្តែមិនអាចទទួលជោគជ័យបានឡើយ។

នៅថ្ងៃទី៦ដល់៧សីហាឆ្នាំ១៩៩៦ ការផ្ទុះអាវុធក្នុងតំបន់ម៉ាឡៃ វាយប្រហារគ្នារវាងកម្លាំងខ្មែរក្រហមតាម៉ុកនិងសុន សេន ជាមួយនឹងក្រុមខ្មែរក្រហមនៃកម្លាំងកងពលលេខ៤៥០របស់ លោកសុខភាព បានកើតឡើង។

ការផ្សាយតាមវិទ្យុរបស់ក្រុមខ្មែរក្រហមប៉ុលពត នៅអន្លង់វែងថ្ងៃទី៨សីហា បានផ្សាយចោទថាលោកអៀងសារី និងអ្នកក្រោមបង្គាប់ បានក្បត់នឹងពួកគេ ហើយបានមកចុះចូលជាមួយនឹងរដ្ឋាភិបាលកម្ពុជា។ ក្រោយមកនៅ ថ្ងៃទី១៥សីហាឆ្នាំ១៩៩៦ លោកអៀងសារី បានចេញសេចក្តីប្រកាសជាផ្លូវការ បញ្ជាក់ការផ្តាច់ខ្លួនចេញពីក្រុមដឹកនាំរបស់ប៉ុលពត។

ប៉ុន្តែប៉ុល ពត នៅតែគិតថា អៀង សារី, អ៊ី ឈាន និង សុខ ភាព អាចនឹងវិលត្រឡប់មកចូលរួមជាមួយចលនារបស់ខ្មែរក្រហមដូចដើមវិញ។ នៅដើមខែតុលា ឆ្នាំ១៩៩៦ ប៉ុល ពត បានបញ្ជាឱ្យ តាម៉ុក និង នួន ជា ទៅដោះស្រាយបញ្ហាផ្ដាច់ខ្លួននៅប៉ៃសិន និង ម៉ាឡៃ។

យោងតាមឯកសារស្រាវជ្រាវខ្លះ បានសរសេរថា នៅពេលទទួលបានបញ្ជាពី ប៉ុល ពត, តាម៉ុក និង នួន ជា បានធ្វើដំណើរទៅប៉ៃលិន ដោយពុំមានកងទ័ពទៅជាមួយឡើយ គឺមានតែអង្គរក្សពីរបីនាក់ប៉ុណ្ណោះដែលបានអមដំណើរ តាម៉ុក និង នួន ជា។ ប៉ុល ពត បានដឹងថា មេបញ្ជាការកងទ័ពរបស់ អៀង សារី បានកាន់កាប់សិទ្ធិកងទ័ពទាំងស្រុងនៅប៉ៃលិន។ ដូច្នេះ ប្រសិនបើជម្លោះកើតឡើង តាម៉ុក និង នួន ជា នឹងពិបាកក្នុងការវិលត្រឡប់មកវិញ។

ដំណើរតាម៉ុក និង នួន ជា ដើម្បីការបញ្ចុះបញ្ចូលគ្នានេះ មិនសម្រេចបានលទ្ធផលឡើយ ដែលបានធ្វើឱ្យ ប៉ុល ពត ខឹងសម្បារ។ តាម៉ុក និង នួន ជា មិនត្រឹមតែមិនអាចបញ្ចុះបញ្ចូលកម្លាំងខ្មែរក្រហមនៅប៉ៃលិន និង ម៉ាឡៃ ឱ្យវិលត្រឡប់មកវិញបាននោះទេ ថែមទាំងត្រូវបានបណ្តេញចេញពីតំបន់នោះថែមទៀតផង។ អ្នកទាំងពីរ បានរត់មកសំឡូត ហើយបានជួបជាមួយ សុន សេន។ បន្ទាប់ពីមានការបណ្តេញអ្នកទាំងបីចេញពីតំបន់សំឡូតថែមទៀត នោះ ពួកគេ បានធ្វើដំណើរត្រឡប់មកអន្លង់វែងជាមួយគ្នាតាមប្រទេសថៃ។ កាលនោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចព្រះ នរោត្តម រណឬទ្ធិ បានស្នើសុំទៅអាជ្ញាធរថៃឱ្យចាប់ខ្លួន តាម៉ុក នួន ជា និង សុន សេន។ ប៉ុន្ដែអាជ្ញាធរថៃមិនបានធ្វើតាមសំណើនេះ ហើយ តាម៉ុក នួន ជា និង សុន សេន បានធ្វើដំណើរត្រឡប់មកអន្លង់វែងវិញ។

នៅថ្ងៃទី៣០តុលាឆ្នាំ១៩៩៦ ក្រោយពេលរស់នៅក្នុងព្រៃចំនួន៣ខែ មេដឹកនាំខ្មែរក្រហមទាំងបី ដែលមានរូបកាយស្គមកំព្រឹង បានមកដល់អន្លង់វែងវិញ ប៉ុន្តែដំណើរវិលត្រឡប់របស់អ្នកទាំង៣មកដល់អន្លង់វែងវិញនោះ ត្រូវគេរក្សាការជាសម្ងាត់មិនអោយប្រជាជននៅទីនោះដឹងទេលើកលែងតែមនុស្សសំខាន់ៗតែ២ទៅបីនាក់តែប៉ុណ្ណោះ។

ប៉ុល ពត បានធ្វើដំណើរមកជួបជាមួយ តាម៉ុក នៅពេលដែល តាម៉ុក មកដល់ផ្ទះរបស់គាត់នៅពើយតារួន លើខ្នងភ្នំដងរែក។ មេដឹកនាំទាំងពីរ បានជួបគ្នាអស់រយៈពេលយ៉ាងយូរ និងបានឈ្លោះប្រកែកគ្នាខ្លាំងៗ។ ដើម្បីកាត់ផ្តាច់ឥទ្ធិពលរបស់តាម៉ុកនៅអន្លង់វែង ប៉ុល ពត បានព្យាយាមលាក់នូវដំណឹងការវិលត្រឡប់របស់តាម៉ុក នួនជា និង សុន សេន មិនឱ្យអ្នកភូមិ នៅអន្លង់វែងបានដឹងឡើយ។ លើសពីនោះ ប៉ុលពត បានរៀបចំបង្កើតកម្លាំងថ្មីរបស់ខ្លួន ជំនួសកម្លាំងចាស់របស់តាម៉ុក នៅក្នុងអន្លង់វែងនោះថែមទៀត។
នៅខែកុម្ភៈឆ្នាំ១៩៩៧ ប៉ុលពតបានធ្វើសមាជមួយនៅអន្លង់វែង។នៅក្នុងសមាជនោះមានមនុស្សប្រមាណ៤០០ នាក់បានចូលរួម ដែលភាគច្រើនគឺជាមេបញ្ជាការកងទ័ព។ បើតាម ឯកសាររបស់អតីតមេបញ្ជាការខ្មែរក្រហម លោកខឹម ងុន ដែលបានចូលរួមក្នុងពេលនោះ ដែរ បានសរសេរបញ្ជាក់ថាអ្នកចូលរួមមានចំនួនតែប្រមាណ២០០នាក់ប៉ុណ្ណោះ។

តាមពិត សមាជនោះគ្រោងធ្វើចំនួន៧ថ្ងៃ ប៉ុន្តែធ្វើបានតែបួនថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២៧កុម្ភៈរហូតដល់ថ្ងៃទី២មីនាឆ្នាំ១៩៩៧។

គោលបំណងនៃមហាសន្និបាតនេះ គឺការពិភាក្សាអំពីការផ្ទេរអំណាចពីមេដឹកនាំចាស់ៗទៅអ្នកជំនាន់ថ្មី។ ការផ្ទេរអំណាចនឹងធ្វើឡើងតាមរយៈការបោះឆ្នោត។ បេក្ខជន១០រូបត្រូវបានជ្រើសរើសឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតផ្ទេរអំណាចនេះ ហើយអ្នកដែលចូលរួមមានឈ្មោះ សូ សារឿន, មៀច សាន, ខឹម ងុន, ញាន, ហឿន និង ខន។

ការធ្វើសមាជនោះ គឺរៀបចំឡើងដោយក្រុមរបស់ប៉ុលពត និងពួកគេបានលាក់រឿងនេះ មិនអោយតាម៉ុក នួនជា និង សុន សេន បានដឹងនោះឡើយ។
គួរបញ្ជាក់ថា ក្រោយពីតាម៉ុក នួនជា និងសុនសេនបានវិលត្រឡប់មកអន្លង់វែងវិញ…ការរៀបចំស្នាក់នៅថ្មីរបស់អ្នកទាំង៣ គឺស្រេចតែប៉ុលពតបានសម្រេច។ដូច្នេះប៉ុលពត មិនបានឱ្យអ្នកទាំង៣ បានស្នាក់នៅក្បែរអ្នកស្រុកនៅ អន្លង់វែងនោះទេ។ ផ្ទះរបស់អ្នកទាំង៣ ត្រូវប៉ុលពតបានធ្វើអោយនៅក្បែរគ្នា…ប៉ុន្តែឆ្ងាយពីភូមិអ្នកស្រុករស់នៅ។

ឯកសាររបស់ លោកខឹមងុន បានសរសេរថា ផ្ទះថ្មីរបស់អ្នកទាំង៣ គឺមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីភូមិអ្នកស្រុកនៅអន្លង់វែង។ ក្នុងសមាជដែលរៀបចំធ្វើនៅអន្លង់វែងពីថ្ងៃទី២៧កុម្ភៈរហូតដល់ថ្ងៃទី២មីនាឆ្នាំ១៩៩៧នោះ គឺប៉ុល ពត ក៏មិនបានចូលរួមដែ រប៉ុន្តែគាត់អោយមនុស្សជំនិតម្នាក់ ឈ្មោះ សូ សារឿនដើម្បីចាត់ចែងធ្វើការងារទាំងនោះ។ លោក សូ សារឿនតែងទៅរាយការណ៍ជូន ប៉ុល ពត រៀងរាល់ល្ងាចនូវសភាពការណ៍នានាដែលបានកើតឡើង។

សមាជបក្សដែលរៀបចំតែងតាំងមនុស្សថ្មី បានជ្រើសរើសមនុស្សក្នុងគណៈកម្មាធិការថ្មីដើម្បីដឹកនាំអន្លង់វែង ពីព្រោះកាលពីមុនសមាសភាពមនុស្សដឹកនាំអន្លង់វែងភាគច្រើនគឺជាមនុស្សរបស់តាម៉ុក។

នៅថ្ងៃធ្វើសមាជចុងក្រោយទី២មីនាឆ្នាំ១៩៩៧ ដែលជាថ្ងៃត្រូវបោះឆ្នោតជ្រើសរើសមនុស្សក្នុងគណៈកម្មាធិការថ្មីដឹកនាំអន្លង់វែង ឈ្មោះ សូ សារឿន ដែលជាមនុស្សជំនិតរបស់ប៉ុលពតបាននាំទាហានរបស់ខ្លួនចំនួនប្រមាណ៥០នាក់មកពីកងពលលេខ៨០១, ៩២០ និង៧០៩ដើម្បី ឱ្យទៅចូលរួមសមាជនិងចូលរួមការបោះឆ្នោតនោះ។

ការដែលនាំទាហានទៅចូលរួមនោះ គឺដើម្បីយកមនុស្សរបស់ប៉ុលពតដើម្បីទៅគាំទ្រមនុស្សជាបេក្ខជនដែលប៉ុលពតបានដាក់ដើម្បីគ្រប់គ្រងអន្លង់វែង។ ប៉ុន្តែនៅពេលបោះឆ្នោត ឈ្មោះសូ សារឿនបានត្រឹមតែជាប់លេខ២… ចំណែក ឈ្មោះ មៀច សាន បែរជាស្ថិត ក្នុង លំដាប់លេខ១ ចំណែកលោកខឹមងួន ស្ថិតក្នុងលំដាប់លេខ៣ និងម្នាក់ទៀតឈ្មោះប៉ុលយ៉ានក្នុងលំដាប់លេខ៤។លទ្ធផលមិនដូចបំណងបានគិតនោះ បានធ្វើអោយ សូ សារឿន និងប៉ុល ពត បានខឹងជាខ្លាំង។
ប៉ុន្តែ មៀច សាន ក្រោយមក បានសម្រេចចិត្តមិនប្រកួតប្រជែងជាមួយ សូ សារឿន ដែលជាអតីតមេបញ្ជាការរបស់គាត់ និងដែលបានចូលបម្រើបដិវត្តន៍មុនគាត់ឡើយ។ មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម បានពិភាក្សាគ្នាទៀត និងបានសម្រេចថា សូ សារឿន គឺជាមេដឹកនាំជំនាន់ថ្មីរបស់ចលនាខ្មែរក្រហម។ ប៉ុន្តែ តាម៉ុក ចង់ឱ្យ ខឹម ងុន ដែលជាមេបញ្ជាការស្និទ្ធនឹងគាត់ ធ្វើជាមេដឹកនាំវិញ។

ក្រោយសមាជរួច ប៉ុលពតបានហៅអ្នកជាប់ឆ្នោតថ្មីទៅជួប។ ឯកសារលោកខឹមងួនបានសរសេរបន្តថា «ប៉ុល ពត ក្រោយពីដឹងថាគាត់មិនអាចមានលទ្ធភាពចូលរួមក្នុងសង្គមជាតិបានហើយដឹងថា គ្មានប្រទេសណាមួយនឹងទទួលយកគាត់ ដូច្នេះប៉ុលពតបានរៀបយុទ្ធសាស្ត្រ ក្តោបអន្លង់វែងរហូតដល់ថ្ងៃចុងក្រោយរបស់គាត់»

យុទ្ធសាស្ត្រប៉ុលពតគឺទាត់តាម៉ុកចោលដោយមិនអោយគាត់គ្រប់គ្រងអន្លង់វែងបានទៀតនោះទេ។

បន្ទាប់ពីការបោះឆ្នោតនៅក្នុងមហាសន្និបាតរួចមក ប៉ុល ពត បានបង្កើតគណៈកម្មាធិការមួយដែលមានសមាជិក១០នាក់។ គណៈកម្មាធិការនោះមានឈ្មោះថា «គណៈកម្មាធិការ១៩» ដែលដឹកនាំដោយ សូ សារឿន ដែលបានក្លាយទៅជាអគ្គមេបញ្ជាការកងទ័ពនៅតំបន់អន្លង់វែង។ ទីបញ្ជាការរបស់ សូ សារឿន មានទីតាំងនៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ ចំណែកមេទ័ពខ្លាំងៗ ដែលស្និទ្ធនឹង តាម៉ុក ត្រូវបានដកហូតសិទ្ធិ និងកងទ័ព ហើយត្រូវបានតែងតាំងឱ្យកាន់ការងាររដ្ឋបាលជំនួសវិញ។ តាម៉ុក បានប្រឆាំងគំនិតផ្តួចផ្តើមនេះ។ តាម៉ុក យល់ឃើញថាកិច្ចការទាំងអស់នេះគឺជាយុទ្ធសាស្រ្តរបស់ ប៉ុល ពត ក្នុងការប្រមូលផ្តុំអំណាចនៅអន្លង់វែង។
ប៉ុលពតនៅបានតែងតាំងសមាជិកបន្ថែមចំនួន១២នាក់ទៀតដែលនាំអោយចំនួនគណៈកម្មាធិការថ្មីដែលត្រូវគ្រប់គ្រងអន្លង់វែងនោះមានចំនួនទាំងអស់២៣នាក់។

ប៉ុលពតបានហាមគណៈកម្មាធិការថ្មីមិនអោយជួបតាម៉ុកនិងមិនអោយ និយាយរឿងនោះប្រាប់តាម៉ុកទេដោយប៉ុលពតនិយាយថាទុកអោយកិច្ចការនោះគាត់ជាអ្នកធ្វើ។ ប៉ុន្តែ៣ថ្ងៃក្រោយការតែងតាំងនោះរួច តាម៉ុកក៏បានដឹងអំពីរឿងនោះ។ នៅថ្ងៃទី៥មីនាឆ្នាំ១៩៩៧ លោកនូ, លោក ខឹមងួន, លោកប៉ុលយ៉ាន បាននាំគ្នាទៅជួបតាម៉ុក នួនជា និង សុន សេន ដោយមិនអោយប៉ុលពតបានដឹងឡើយ។

តាម៉ុកបាននិយាយថាការដែលលើកឈ្មោះ មៀច សាន ជាប្រធាន គាត់នឹងមិនថាអ្វីនោះទេប៉ុន្តែបើសិនជាលើកឈ្មោះ សូ សារឿន ធ្វើជាប្រធាន គាត់នឹងមិនទទួលស្គាល់នោះឡើយ។ នួនជា នាពេលនោះបានប្រាប់តាម៉ុក កុំអោយមានប្រតិកម្ម ដើម្បីកុំអោយមានការបែកបាក់។ តាម៉ុក បានជឿសម្តី នួន ជា អស់មួយរយៈពេលនាពេលនោះ។ ប៉ុន្តែរឿងដដែលនោះ នៅតែមិនអាចទប់កំហឹងតាម៉ុកបានឡើយ ដោយសារតែតាម៉ុកជាមនុស្សចិត្តខ្លាំង ហើយឆាប់ខឹងណាស់។ តាម៉ុកបានទុកពេលវេលានោះអោយដើរទៅមុខ រហូតដល់ពាក់កណ្តាលខែមេសាឆ្នាំ១៩៩៧ ទើបបានប្រាប់លោកខឹមងុន ថា គាត់មិនទទួលស្គាល់គណៈកម្មាធិការថ្មីនោះទេ។

ដើម្បីទប់ទល់នឹងនយោបាយរបស់ប៉ុលពត, តាម៉ុកបានប្រាប់អោយខឹមងុន នាំមនុស្សរបស់គាត់ម្តងម្នាក់ៗ ដើម្បី មកជួបគាត់ក្នុងបំណងអោយពួកគេរាយការណ៍អំពីសកម្មភាពរបស់ សូ សារឿន ដែលជាមនុស្សរបស់ប៉ុលពតនោះ។

នៅថ្ងៃទី១ឧសភាឆ្នាំ១៩៩៧ ក្នុងការទប់ទល់ជាមួយតាម៉ុកនោះវិញ សូ សារឿនបានបើកកិច្ចប្រជុំគណៈកម្មាធិការថ្មី។ ក្នុងពេលនោះ លោក ខឹម ងួន បានយកលេសថាឈឺដោយ មិនបានចូលរួមនោះទេ។

កិច្ចប្រជុំនោះ គឺដើម្បីដកមនុស្សដែលស្និទ្ធជាមួយតាម៉ុក ចេញពីគណៈកម្មាធិការ។ក្នុងកិច្ចប្រជុំនោះ សូ សារឿន បានបន្ទោសតាម៉ុកថា បានធ្វើអោយបាត់បង់មូលដ្ឋានខ្មែរក្រហមនៅភាគពាយព្យប្រទេស។ សូ សារឿន នៅបានបន្ទោសតាម៉ុក រឿងយកលុយធ្វើទំនប់ទឹក និងធ្វើផ្លូវថែម ទៀត។ សូ សារឿន ចោទថា ការធ្វើទំនប់ទឹក និងធ្វើផ្លូវ គឺមិនបានផ្តល់ប្រយោជន៍ដល់ប្រជាជនក្នុងអន្លង់វែងនោះទេ។ ការបន្ទោសរបស់ឈ្មោះ សូ សារឿន បានធ្វើអោយមានការឈ្លោះប្រកែកសម្តីគ្នា ដោយសារតែមានមនុស្សខ្លះ បាននិយាយកាន់ជើងតាម៉ុក។

លោកនូ ដែលស្ថិតក្នុងគណៈកម្មាធិការថ្មី បានជំទាស់នឹង សម្តីរបស់ សូ សារឿន នាពេលនោះ។ កិច្ចប្រជុំ បានចប់នៅថ្ងៃរសៀលដោយគ្មានលទ្ធផលអ្វីណាមួយនោះទេ។ក្រុមអ្នកគាំទ្រតាម៉ុកបាននាំគ្នាទៅជួប តាម៉ុក និងរាយការណ៍អំពីអ្វីដែលបានកើតឡើងក្នុងកិច្ចប្រជុំនោះ។ ចំណែកក្រុមគាំទ្រប៉ុលពត បាននាំគ្នារាយការណ៍ទៅឲ្យប៉ុលពត។

ការចោទប្រកាន់តាម៉ុកដោយចេញមុខ ក្នុងកិច្ចប្រជុំរៀបចំដោយឈ្មោះ សូ សារឿននោះ បានធ្វើឲ្យតាម៉ុកក្តៅក្រហាយជាខ្លាំង។ នួនជា និង សុន សេន បានព្យាយាមលួងលោមតាម៉ុកដើម្បីកុំអោយគាត់ខឹង ចំពោះ សារឿន នោះខ្លាំងពេក។ ប្រមាណ២ទៅ៣ថ្ងៃក្រោយមក តាម៉ុកបានជួបលោកខឹមងុន, លោកនូ, លោកយ៉ាន និងលោក សែម។ តាម៉ុកលែង ហៅប៉ុលពត ថាបងដូចមុនទៀតហើយ។ តាម៉ុកចោទថា ប៉ុលពតមានយុទ្ធសាស្ត្រកំទេចពួកគាត់ចោល។ តាម៉ុកបានចាប់ផ្តើមប្រមូលមនុស្សគាំទ្ររបស់គាត់ធ្វើការប្រឆាំងតបនឹងប៉ុលពតវិញ។

តាម៉ុកបានហៅមនុស្សរបស់សារឿន ដែលរួមមានឈ្មោះសែន, សន និងឈ្មោះកែវ មកជួប ហើយនិយាយព្រមានប្រាប់អ្នកទាំងនោះថា គាត់នឹងចាប់ខ្លួន សូ សារឿនក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខនេះ។ ឈ្មោះសែន, សន និងកែវបានប្រញាប់មកប្រាប់ សារឿន អោយដឹងហេតុការណ៍។ សារឿន បានប្រញាប់រត់គេចខ្លួន ទៅត្រពាំងប្រាសាទដែលជាស្រុកមួយនៅក្បែរអន្លង់វែងនោះ។

នៅថ្ងៃទី៣មិថុនាឆ្នាំ១៩៩៧ ប៉ុលពតបានរៀបចំកិច្ចប្រជុំមួយនៅផ្ទះរបស់គាត់។ លោកសូ សារឿនដែលបានគេចខ្លួន ក្រោយតាម៉ុកបានគំរាមចាប់ខ្លួននោះ បានធ្វើដំណើររូតរះពីត្រពាំងប្រាសាទដើម្បីមកចូលរួម។ សារឿនមិនហ៊ានបើកឡានមកទេ ដោយសារតែផ្លូវនោះត្រូវបើកកាត់មុខផ្ទះតាម៉ុក។ កិច្ចប្រជុំ មានរយៈពេល៣ថ្ងៃ ដែលគ្រានោះ ប៉ុលពតមានជម្ងឺថែមទៀត។ប៉ុលពត ប្រើអុកស៊ីហ្សែន ដើម្បីជួយអោយខ្លួនគាត់មានកម្លាំង។ ប៉ុលពតបានហាមមិនអោយមានអ្នកណាម្នាក់ ចេញពីប្រជុំទេក្នុងរយៈពេល៣ថ្ងៃនេះ ប៉ុន្តែលោកនូ បានសុំចាកចេញ ដោយសារតែមានពាណិជ្ជករថៃបានមករកគាត់។

ប៉ុលពតប្រាប់អោយលោកនូ ត្រូវប្រញាប់វិលមកវិញ ក្រោយចប់ការងារ។ នៅក្នុងកិច្ចប្រជុំនៅផ្ទះនោះ ប៉ុលពតបានបញ្ជាអោយគេដាក់កាំភ្លើង១២ក្បៀស៧ នៅមុខផ្ទះដែលការដាក់នោះគឺជាលើកទី១ហើយដែលមានការដាក់កាំភ្លើងយន្តនៅមុខផ្ទះរបស់ប៉ុលពត។ ប៉ុលពត នៅបានបញ្ជាអោយទាហានការពារនៅជុំវិញផ្ទះរបស់គាត់ថែមទៀត។ លោកនូ នៅពេលឃើញសភាពការណ៍មិនស្រួល បានប្រាប់ទៅលោក ខឹម ងុន អំពីរឿងទាំងនោះ។ លោក ខឹម ងុន ត្រូវ គេដាស់តឿនអោយប្រុងប្រយ័ត្នសុវត្តិភាព នៅពេលទៅចូលរួមក្នុងកិច្ចប្រជុំ៣ថ្ងៃនៅនឹងផ្ទះ របស់ប៉ុលពតនោះ។

ទាំងមនុស្សរបស់តាម៉ុក និងមនុស្សរបស់ប៉ុលពតក្នុងគណៈកម្មាធិការគ្រប់គ្រងអន្លង់វែងត្រូវគេអញ្ជើញអោយទៅចូលរួមទាំងអស់។ នៅ២ថ្ងៃដំបូងនៃកិច្ចប្រជុំ ប៉ុលពតបាននិយាយតែអំពីរឿងនយោបាយនោះទេ។ នៅថ្ងៃចុង ក្រោយនៃកិច្ចប្រជុំដែលជាថ្ងៃសំខាន់បំផុត ប៉ុលពតបានមកដល់កន្លែងតាំងពីព្រឹកម៉ោង៩ព្រឹក។ តាម៉ុកបានធ្វើលិខិតមួយផ្ញើទៅអោយកិច្ចប្រជុំនោះផងដែរ។ នៅថ្ងៃចុងក្រោយនោះ ប៉ុលពតបាននិយាយអំពីរបៀបដំណើរការថ្មីរបស់វិធីដឹកនាំគណៈកម្មាធិការគ្រប់គ្រងអន្លង់វែងជាមួយនឹងការអានសំបុត្ររបស់តាម៉ុក។ សំបុត្រតាម៉ុកដែលមានពីរទំព័រ ត្រូវប៉ុលពតអាន និងបញ្ជាក់អោយដឹងថា តាម៉ុក មិនទទួលស្គាល់គណៈកម្មាធិការថ្មីនោះទេ។

ប៉ុលពតបានស្នើអោយគណៈកម្មាធិការ ពិភាក្សាអំពីបញ្ហា តាម៉ុក បដិសេធនោះ។ ស្ថានភាពមានលក្ខណៈតានតឹង។ ប៉ុលពត បានបញ្ជាអោយអ្នកចូលរួមសម្រាករហូតទល់ម៉ោង២រសៀល។ នៅពេលចូលមកវិញ, ប៉ុលពតបានសួរ ថាតើពួកគេត្រូវការគាំទ្រខ្លឹមសារសំបុត្រតាម៉ុក ឬត្រូវគាំទ្រគណៈកម្មាធិការថ្មី ដែលបានបោះឆ្នោតសម្រេចរួចមកហើយនោះ?

គ្មានអ្នកណាម្នាក់ហ៊ាននិយាយអារកាត់ឬសម្រេចថា ប្រឆាំងនឹងគណៈកម្មាធិការថ្មីនោះទេ។ក្រោយទទួលទានបាយពេលល្ងាចរួច ប៉ុលពតបានប្រាប់អោយគណៈកម្មាធិការថ្មីទៅជួបតាម៉ុកនៅនឹងផ្ទះ ដើម្បីជម្រាបអំពីអ្វីដែល គណៈកម្មាធិការថ្មីបានសម្រេច។

តាម៉ុកបានបន្តទាត់ចោលមិនទទួលស្គាល់គណៈកម្មាធិការថ្មីដោយនិយាយថា បើ គណៈកម្មាធិការថ្មីនៅក្រោម អំណាចលោកសាន គាត់នឹងទទួលយក ប៉ុន្តែបើគណៈកម្មាធិការថ្មីស្ថិតនៅ ក្រោម អំណាចរបស់លោកសារឿន ដែលជាមនុស្សជំនិតរបស់ប៉ុលពតនោះ តាម៉ុកបញ្ជាក់ថាគាត់មិនព្រមទេ។

តាម៉ុកបានហៅគណៈកម្មាធិការថ្មីមកជួបគាត់ម្តងទៀតនៅថ្ងៃបន្ទាប់ ប៉ុន្តែ សារឿន, មៀច សាន និង ឈ្មោះ សែន ដែលជាមនុស្សរបស់ប៉ុលពត មិនហ៊ានមកជួបតាម៉ុកឡើយ។ ដូច្នេះនៅថ្ងៃបន្ទាប់មកទៀតនោះ តាម៉ុកនៅតែរក្សាការប្រឆាំងរបស់គាត់ជាដដែល។

នៅថ្ងៃទី៧មិថុនាឆ្នាំ១៩៩៧ តាម៉ុកបានធ្វើដំណើរទៅបង្ហាញមុខដើម្បីឱ្យអ្នកភូមិនៅអន្លង់វែងបានឃើញវត្តមានរបស់គាត់ដែលជាការបង្ហាញវត្តមានលើកដំបូងបំផុតចាប់តាំងពីគាត់បានវិលមកវិញនោះ។ នៅថ្ងៃទី៧មិថុនាដែលមានការបង្ហាញខ្លួនលើកដំបូងនោះ តាម៉ុកបានបបួលសុនសេនទៅជាមួយគាត់ ដែរប៉ុន្តែ សុនសេនមិនព្រមទៅជាមួយ។

អ្នកភូមិជាច្រើនបាននាំគ្នាចោមរោមសាកសួរសុខទុក្ខតាម៉ុកដែលគាត់នៅតែមានប្រជាប្រីយ៍ភាពដដែលទោះបីបានបាត់មុខជាយូរពីអ្នកភូមិអន្លង់វែងក៏ដោយ។

តាម៉ុកបានរៀបចំធ្វើកិច្ចប្រជុំមួយ ភ្លាមនៅថ្ងៃនោះ ដោយបានប្រើសម្តីវាយប្រហារ ប៉ុល ពត និង សារឿន។ នៅថ្ងៃ ទី៨មិថុនាឆ្នាំ១៩៩៧ តាម៉ុកបានប្រាប់លោកខឹមងុន ឱ្យហៅសុនសេនមកស្នាក់នៅជាមួយគាត់នៅក្នុងភូមិអន្លង់វែងដែលមានមនុស្សរស់នៅច្រើន ប៉ុន្តែ សុន សេនបានបដិសេធដោយនិយាយថា គាត់រស់នៅកន្លែងចាស់នេះ សុខសប្បាយហើយ។ លោក សុន សេន បានស្នាក់នៅជាមួយនឹងក្រុមគ្រួសារគាត់ ដែលមានមនុស្សទាំងអស់ ចំនួន១០នាក់រួមទាំងកូននិងចៅផងដែរ។

តាម៉ុក បានដឹងថា នឹងអាចមានរឿងមិនល្អកើតឡើង ទើបគាត់បបួល សុន សេន ដើម្បីឱ្យមកស្នាក់នៅជាមួយគាត់ក្នុងភូមិនៅកណ្តាលអន្លង់វែង ដោយសារនៅទីនោះ មានចម្ងាយឆ្ងាយនិងគ្មានអ្នកណា បានជួយការពារបានទេ។ ចំណែករឿងសន្តិសុខចំពោះនួនជាវិញ គឺតាម៉ុកដឹងថាប៉ុលពតមិនធ្វើអ្វីចំពោះនួនជានោះទេ ដោយសារតែនួនជា និងប៉ុលពតមិនដែលប្រឆាំងនឹងគ្នាឡើយ។

ទីបំផុតរឿងហេតុបានកើតឡើងចំពោះគ្រួសារលោក សុន សេន នៅពាក់កណ្តាលអាធ្រាត្រថ្ងៃទី៩មិថុនាឆ្នាំ១៩៩៧។ ប៉ុ លពតបានបញ្ជូនកម្លាំងចំនួន៣០នាក់ដឹកនាំដោយមនុស្សជំនិតរបស់គាត់គឺឈ្មោះ សារឿន…ឈ្មោះ នឿន និងឈ្មោះ វ៉ែន និងមនុស្ស២នាក់ទៀត ដោយធ្វើដំណើរតាមរថយន្តតូយ៉ូតា២គ្រឿង ទៅកាន់ផ្ទះ សុន សេន។

យោងតាមឯកសារលោក ខឹម ងុន ក្នុងហេតុការណ៍នោះ មានទាហានម្នាក់ដែលធ្លាប់តែតាមការពារប៉ុលពតឈ្មោះ ង៉ែត បានស្រែកហៅលោក សុន សេន ថា ប៉ុល ពត បានអញ្ជើញគាត់និងគ្រួសារឱ្យទៅប្រជុំ។ លោក សុន សេន ពេលនោះ បានស្រែកសួរវិញដោយសង្ស័យថាហេតុអ្វីបានជាត្រូវទៅប្រជុំនាពេលយប់ថ្មើរនេះ? សំនួរស្រែកសួររបស់ សុន សេន គ្មានអ្នកណាបានឆ្លើយតបមកវិញនោះទេ។ ដោយគ្មានចម្លើយ លោក សុន សេន បាន ស្រែកប្រាប់ទៅទៀតប្រាប់ពួកគេថា អញ្ចឹងចាំគាត់ស្លៀកពាក់អោយសមរម្យបន្តិចសិន។

ក្រុមគ្រួសារលោកសុនសេន បានស្លៀកពាក់ស្អាតបាត ហើយនៅពេលចាប់ផ្តើមចុះជណ្តើរស្រាប់តែគេចាប់ផ្តើមបាញ់សុនសេនមុនគេតែម្តង។ ក្រុមគ្រួសារសុនសេនទាំងអស់ត្រូវក្រុម ប៉ុលពតបាញ់សម្លាប់ចោល។ ចំណែកកូនស្រី (២នាក់) និងចៅរបស់ សុនសេន មុននឹងត្រូវ កូនចៅប៉ុលពតបានសម្លាប់ចោលនោះ ពួកគេបានបណ្តើរ អ្នកទាំងនោះ យកទៅឆ្ងាយប្រមាណមួយ គីឡូម៉ែត្រ និងបានរំលោភលើខ្លួនប្រាណ ហើយបាញ់សម្លាប់ចោលតែម្តង។ លោក ខឹម ងុន បានសរសេរក្នុងឯកសារ អោយដឹងថា ពួកក្រុមទាហានប៉ុលពតទាំងនោះថែម បានចាក់សាំងដុតសាកសពទាំងនោះចោល ប៉ុន្តែបានឆេះតែមួយផ្នែកតែប៉ុណ្ណោះ ហើយក្រោយមកសពដែលសេសសល់ត្រូវគេរកឃើញវិញ។ ក្រុមទាហានប៉ុលពតបានលួចយកលុយប្រមាណ៥ម៉ឺនដុល្លារ ពីផ្ទះ សុន សេន ក្នុងពេលនោះផងដែរ។

នៅយប់នោះមិនមានការបំពានទៅលើគ្រួសាររបស់នួនជាដែលស្ថិតនៅឆ្ងាយពីគ្នាចំនួនប្រមាណ១៥ម៉ែត្រនោះទេ។លោក នួន ជា និងក្រុមគ្រួសារ ត្រូវគេរាយការណ៍ថា មានការភិតភ័យជាខ្លាំង ហើយបាននាំគ្នាភៀសខ្លួនទៅជ្រកស្នាក់នៅជាមួយផ្ទះលោកនូ រហូតទាល់តែព្រឹត្តិការណ៍ស្ងប់ ទើបបានវិលត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញសាកសព ទាំងឡាយដែលដុតមិនទាន់ឆេះអស់នោះ។ ប៉ុលពតបាននិយាយថា ចំណាត់ការរបស់គាត់មានតែទៅលើសុន សេនទេ ចំណែកអ្នកដទៃទៀតដូចជានួនជានោះជាដើម គឺជាយុទ្ធមិត្តរបស់គាត់ដែលមិនស្ថិតក្នុងការត្រូវធ្វើបាបឡើយ។

បន្ទាប់ពីទទួលដំណឹងអំពីការស្លាប់របស់ សុន សេន តាម៉ុក បានធ្វើការសន្និដ្ឋានថា ប៉ុល ពត មានបំណងចង់សម្លាប់គាត់នៅក្នុងការធ្វើបន្សុទ្ធកម្មរួម។ តាម៉ុក ខឹងនឹង ប៉ុល ពត និង សូ សារឿន យ៉ាងខ្លាំង និងបានកោះប្រជុំបន្ទាន់មួយជាមួយមេបញ្ជាការកងទ័ពនៅផ្ទះរបស់គាត់ក្បែរមាត់ទឹក។ តាម៉ុក បានប្រាប់ទៅមេទ័ពទាំងអស់ថា ប៉ុល ពត និង សូ សារឿន មានបំណងចង់សម្លាប់គាត់ និងចង់ធ្វើជាស្តេចនៅអន្លង់វែង។ តាម៉ុក ប្រាប់មេទ័ពរបស់គាត់ឱ្យត្រៀមខ្លួនធ្វើសង្រ្គាមជាមួយ ប៉ុល ពត។

នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩៧ តាម៉ុក បានបញ្ជាឱ្យប្រមូលផ្តុំកម្លាំងទាំងអស់ដើម្បីវាយដណ្តើមយកសាកសពរបស់ សុន សេន និងក្រុមគ្រួសារដែលក្រោយមករូបថតរបស់សាកសពទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ធ្វើការឃោសនា។ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ តាម៉ុក និងកងកម្លាំងរបស់គាត់បានផ្សព្វផ្សាយការសម្លាប់របស់ សុន សេន ជាសាធារណៈដើម្បីប្រមូលការគាំទ្រពីកងទ័ព និងប្រជាជន។ ជាមួយនឹងរូបថតសាកសពរបស់ សុន សេន ជាភ័ស្តុតាង តាម៉ុក បានអំពាវនាវដល់ប្រជាជនឱ្យចូលរួមជាមួយគាត់ ដើម្បីធ្វើការតស៊ូប្រឆាំងនឹង ប៉ុល ពត។

តាម៉ុក បានបញ្ជាឱ្យកងពល៩៨០ និងកងពល៩១២ ចាប់ខ្លួន ប៉ុល ពត និងបក្ខពួក។ ឡុង ទេម, សាន់ គង់, យឹម ផាន់ណា, យឹម ពឹម និង ម៉ុន ត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវក្នុងការដឹកនាំកម្លាំងរបស់ តាម៉ុក ប្រយុទ្ធជាមួយនឹងកម្លាំងរបស់ ប៉ុល ពត ដែលរួមមានកងពល៨០១ របស់ សូ សារឿន និងកងពល៩២០ របស់ មៀច សាន។

ប៉ុលពតនិងក្រុមទាហានរបស់គាត់ ក្រោយដឹងថាប្រជាជនក្នុងអន្លង់វែង បានខឹងនឹងអំពើព្រៃផ្សៃរបស់គាត់នោះ មក បានប្រញាប់រត់ចាកចេញពីអន្លង់វែងនៅរសៀលថ្ងៃទី១០ មិថុនាឆ្នាំ១៩៩៧ដោយធ្វើ ដំណើរឆ្ពោះទៅកាន់ភ្នំ មួយនៅខាងកើតអន្លង់វែង។ ប៉ុល ពត បានយកទាំងស្ថានីយ៍ផ្សាយព័ត៌មានចល័តរបស់ខ្មែរក្រហមរួមនឹងអ្នកធ្វើការដែលគាំទ្រ ទៅជាមួយថែមទៀត។ ដំណើរភៀសខ្លួនរបស់ប៉ុលពត បានធ្វើដំណើរជាមួយនឹងរថយន្តចំនួន១៥គ្រឿង។

ឆ្លើយតបទៅនឹងការឃោសនារបស់ តាម៉ុក, ប៉ុល ពត បានវាយប្រហារ តាម៉ុក តាមវិទ្យុចល័ត។ ប៉ុល ពត បានចោទប្រកាន់កងកម្លាំងរបស់ តាម៉ុក ថាក្បត់ជាតិ។ ខៀវ សំផន ក៏បានចូលរួមនៅក្នុងជម្លោះនោះដែរ។ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៧ ខៀវ សំផន បានអានសេចក្តីប្រកាសរបស់ ប៉ុល ពត តាមវិទ្យុដោយចោទ សុន សេន ថាជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ «រដ្ឋាភិបាលអាយ៉ងយួន» នៅទីក្រុងភ្នំពេញ។

ប៉ុលពតបានបន្តភៀសខ្លួនតាមព្រៃរហូតឆ្ពោះទៅប្រទេសថៃជាមួយ នឹងខៀវសំផន។ ខៀវ សំផនគឺជាមនុស្ស ដែលស្មោះត្រង់នឹងប៉ុលពត។ ក្នុងការរត់ភៀសខ្លួននោះ ខៀវសំផន បានធ្វើដំណើរទៅជាមួយនឹង ប៉ុលពត ដោយទុកអោយភរិយារបស់គាត់ធ្វើដំណើរជាមួយក្រុមផ្សេង។

បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃ ប៉ុល ពត បានបញ្ជាឱ្យ សូ សារឿន, មៀច សាន និងមេបញ្ជាការដែលស្មោះត្រង់នឹងខ្លួន ទម្លាក់អាវុធ ហើយចរចាជាមួយ តាម៉ុក។ ប៉ុល ពត មានបំណងបញ្ចុះបញ្ចូល តាម៉ុក ឱ្យបញ្ចប់ការប្រយុទ្ធគ្នា ដោយសារតែ ប៉ុល ពត យល់ឃើញថា បើនៅបន្តប្រយុទ្ធតទៅទៀត «សត្រូវនឹងទទួលបានផលប្រយោជន៍កាន់តែច្រើន»។ ម្យ៉ាងទៀត ទោះបី ប៉ុល ពត ទទួលបានភក្តីភាពពីមេទ័ពក៏ដោយ ក៏ ប៉ុល ពត ពុំមានធនធានសេដ្ឋកិច្ចគ្រប់គ្រាន់ក្នុងការបន្តប្រយុទ្ធបានដែរ។

តាម៉ុក បានចាប់ខ្លួន សូ សារឿន និងប្រពន្ធ, មៀច សាន និងកូនប្រុស មៀច សារ៉ាវុធ ព្រមទាំងមេបញ្ជាការកងទ័ពមួយចំនួនទៀតដូចជា ឃន, ងួន, សែន និង ខេមរា ដែលសុទ្ធតែជាអ្នកស្មោះត្រង់នឹង ប៉ុល ពត។ ពីរខែក្រោយមក សូ សារឿន និងប្រពន្ធ និង មៀច សាន ត្រូវបានកាត់ទោសប្រហារជីវិត។

ដោយឡែក ប៉ុល ពត, ខៀវ សំផន, នួន ជា, ជួន ជឿន, ចាន់ យូរ៉ាន់, ទេព ឃុនណាល់ ព្រមទាំងទីប្រឹក្សា និងអ្នកនៅក្រោមបង្គាប់មួយចំនួន បានរត់គេចពីកងទ័ពរបស់ តាម៉ុក ទៅលាក់ខ្លួននៅក្នុងរូងភ្នំនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

នៅទីបញ្ចប់ ប៉ុល ពត ត្រូវបានកងទ័ពរបស់ តាម៉ុក ចាប់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៧។ កងទ័ព បានយកអង្រឹងសែង ប៉ុល ពត ចំណែកមេដឹកនាំដទៃទៀតបានដើរត្រឡប់មកវិញ។ កងទ័ពរបស់ តាម៉ុក បានឃុំឃាំងមេដឹកនាំខ្មែរក្រហមនៅឃ្លាំងកណ្តាល ក្រោយមកបានបញ្ជូនទៅឃុំឃាំងនៅក្បែរច្រកព្រំដែនជាំសាងុំា។

ឯកសាររបស់លោក ខឹម ងុន បានសរសេរថា ប៉ុលពតនៅពេលបានចាកចេញពីអន្លង់វែងគាត់បានប្រមូលលុយដុល្លារបានចំនួន៣ការុង ព្រមទាំងមាស និងត្បូងមួយថង់ប្លាស្ទិក ប៉ុន្តែត្រូវពួកអង្គរក្សប៉ុលពតបានលួចយកទាំងអស់វិញ។ អង្គរក្សប៉ុលពតម្នាក់ឈ្មោះងួន បានលួចយកលុយមួយការ៉ុងរត់ទៅប្រទេសថៃ ប៉ុន្តែត្រូវទាហានថៃបានចាប់ខ្លួន និងរឹបអូសយកលុយទាំងអស់។

ឯកសាររបស់លោកខឹមងុនដដែល បានសរសេរទៀតថាទាហានថៃនៅពេលបានប្រគល់មនុស្សអន្លង់វែងអោយទៅតា ម៉ុកវិញ បានរឹបអូសលុយតែចំនួន៣ម៉ឺនដុល្លារ និងទាហានថៃបានប្រគល់លុយទាំងនោះឱ្យ តាម៉ុកវិញ។

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ ប៉ុល ពត ត្រូវបាននាំមកកាត់ទោសនៅចំពោះមុខ «តុលាការប្រជាជន» ដែលមានប្រជាជននៅអន្លង់វែងប្រមាណ៤០០ទៅ៥០០នាក់បានចូលរួម។ មេបញ្ជាការកងទ័ពជាន់ខ្ពស់ និងមេដឹកនាំស៊ីវិលចំនួនបួននាក់ ដែលស្មោះត្រង់នឹង តាម៉ុក ត្រូវបានជ្រើសរើសឱ្យធ្វើជាអង្គជំនុំជម្រះដែលរួមមានឈ្មោះ ខៀវ នៅ តំណាងឱ្យប្រជាជន, ខឹម ងុន តំណាងឱ្យកងកម្លាំងប្រដាប់អាវុធ, ម៉ក់ បេន និង ទេព ឃុនណាល់ តំណាងឱ្យបញ្ញវន្ត។ នៅទីបញ្ចប់ ខៀវ នៅ បានប្រកាសសាលក្រម ដោយបានដាក់ទោស ប៉ុល ពត ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋ «សម្លាប់ សុន សេន ការប៉ុនប៉ងសម្លាប់ តាម៉ុក និងការបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិ»។

ប៉ុល ពត ត្រូវបានឃុំឃាំងរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ ទើបស្លាប់ដោយសារជំងឺបេះដូង នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨។

មានហេតុផលជាច្រើនសម្រាប់ការបែកបាក់ និងជម្លោះជាយថាហេតុដែលកើតឡើងនៅក្នុងថ្ងៃចុងក្រោយនៃចលនាខ្មែរក្រហម។ ការសម្រេចចិត្តថាតើត្រូវចូលរួមក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ បានបង្កើតភាពតានតឹងក្នុងចំណោមមេដឹកនាំខ្មែរក្រហម។ ប៉ុល ពត ប្រកាន់ខ្ជាប់នូវជំនឿថា កងកម្លាំង និងចារកម្មវៀតណាមបានចូលកាន់កាប់ក្នុងជួរនៃការគ្រប់គ្រងរដ្ឋកម្ពុជា។ លើសពីនេះ ប៉ុល ពត បានបន្តមានជំនឿថា ខ្មែរក្រហមអាចយកឈ្នះប្រទេសកម្ពុជាម្ដងទៀត។ ទស្សនៈរបស់ ប៉ុល ពត មិនអាចលើសពីការពិតបានទេ។ ស្ទើរតែភ្លាមៗនៅពេលដែលវៀតណាមបានបញ្ចប់ការដកទ័ពចុងក្រោយពីកម្ពុជា ក្នុងឆ្នាំ១៩៨៩នោះ ទីតាំងយុទ្ធសាស្ត្រនៅសមរភូមិ (ឬចំណុចកណ្តាលនៃការស្រូបទាញ) លើអនាគតរបស់កម្ពុជាបានផ្លាស់ប្តូរពីកងទ័ពទៅកាន់ឆាកនយោបាយ ដែលសម្តេចតេជោ ហ៊ុន សែន បានយល់យ៉ាងច្បាស់អំពីសភាពការណ៍នេះ។

ឯកសារយោងនៅក្នុងអត្ថបទនេះ
* ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង៖ តំបន់កាន់ចុងក្រោយរបស់ចលនាខ្មែរក្រហម បោះពុម្ពដោយមជ្ឈ មណ្ឌលឯកសារកម្ពុជា សហការជាមួយក្រសួងទេសចរណ៍ ឆ្នាំ២០១៤
* ផ្ទាំងពិព័រណ៍ ប៉ុល ពត និងបក្ខពួក បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០១៩
* ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០
* សំណេរស្រាវជ្រាវរបស់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២៤
* ឯកសារសំណេរផ្ទាល់ដៃរបស់លោក ខឹម ងុន

អត្ថបទផ្សាយនេះ បញ្ជួនដោយលោក សោម ប៊ុនថន និងកែសម្រូលបំពេញបន្ថែមដោយ លោកម៉ារ យ៉ារិទ្ធិ អ្នករៀបរៀងសៀវភៅ «យុទ្ធសាស្ត្រ ឌីហ្វីដ តេជោសែននៃកម្ពុជា» និង បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់បណ្តាញព័ត៌មាន Fresh News