(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសចូលកាន់មុខដំណែងមន្ត្រីរាជការ សាលាខេត្តព្រៃវែង ចំនួន១២រូប ដើម្បីបំពេញរចនាសម្ព័ន្ធ ដឹកនាំ គ្រប់គ្រង និងការទទួលខុសត្រូវក្នុងការឆ្លើយតបទៅនឹងការងារជាសេនាធិការរបស់រដ្ឋបាលខេត្ត។
យោងដីការបស់រដ្ឋបាលខេត្តព្រៃវែង ត្រូវបានទទួលការតែងតាំង ប្រគល់ និងផ្ទេរភារកិច្ចចំនួន១២រូបរួមមាន៖ នាយករងរដ្ឋបាល ចំនួន២រូប នាយកទីចាត់ការ ចំនួន១រូប ប្រធានអង្គភាព ចំនួន១រូប អនុប្រធានអង្គភាព ចំនួន១រូប ប្រធានការិយាល័យ ចំនួន២រូប និងអនុប្រធានការិយាល័យ ចំនួន ៥រូប។
ក្នុងឱកាសនោះលោក សួន សុម៉ាលីន អភិបាលខេត្ត បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការដែលទើបតែងតាំងថ្មី និងមន្រ្តីរាជការក្រោមឱវាទពាក់ព័ន្ធ ត្រូវគោរពទៅតាមឋានានុក្រម តួនាទីភារកិច្ច និងត្រូវសហការធ្វើការងារជាក្រុម ពេលបំពេញការងារជូនអង្គភាព។
លោកអភិបាលខេត្តបានបន្តទៀតថា ការប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការសាលាខេត្តនាពេលនេះ ស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តឲ្យកាន់តែ មានភាពឆ្លើយតប និងទាន់ពេលវេលា ក៏ដូចជាដើម្បីបំពេញនូវរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តព្រៃវែង ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។
លោកបានបន្ថែមថា ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍មូលដ្ឋាន ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រដ្ឋបាលខេត្តបានយកចិត្ត ទុកដាក់ អនុវត្តតួនាទីភារកិច្ច ស្របតាមច្បាប់ និងវិធានការនានា សំដៅឱ្យការអនុវត្តន៍របស់រដ្ឋបាលខេត្ត ធានាបាន នូវប្រសិទ្ធភាពការងារ និងធ្វើការឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រជាពលរដ្ឋនៅមូលដ្ឋានប្រកប ដោយភាពឆ្លើយតប។
បន្ថែមលើសពីនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់មន្ត្រីរាជការ ដែលទើបចូលកាន់មុខតំណែងនាថ្ងៃនេះ ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីរាជការក្រោមឱវាទ ដើម្បីឲ្យការអនុវត្តការងារ ប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ ត្រូវមានចក្ខុវិស័យ ទិសដៅ ផែនការសកម្មភាពច្បាស់លាស់លើវិស័យរបស់ខ្លួន៕