(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នៅឯមុខបរិវេណសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ៧ពាន់នាក់។
នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៦ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២៥) ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត។ ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។
លោក សុខ លូ បានថ្លែងសុន្ទរកថា ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ដោយបានលើកឡើងថា ថ្ងៃ៧ មករា១៩៧៩គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយពីព្រោះបានកើតចេញពីការលះបង់សាច់ ស្រស់ឈាម ស្រស់និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។
លោកបានបន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះក៏មានខេត្តបាត់ដំបងយើងផងដែរ ជាមូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឱនកាយវាចារចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិជាង ៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នង ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសូមឧទ្ទិសបួងសួង សូមឱ្យអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដ៏រាប។
លោកបានថ្លែងបញ្ជាក់ថា ពេលនេះខេត្តបាត់ដំបង បាននិងកំពុងប្រែមុខប្រែមាត់ កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង និងសមិទ្ធផលធំៗ បានកើនឡើងជាច្រើន នូវហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សក្តានុពលផ្នែក រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែឆ្នៃ រោងចក្រ សហគ្រាស សំណង់ប្រព័ន្ធធារាស្ត្រសម្រាប់ស្រោចស្រពដំណាំកសិកម្ម ក្រៅពីនោះនៅមានវិស័យសំខាន់ៗជាច្រើនទៀត ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈមានភាពល្អប្រសើរ។
បន្ទាប់មកតំណាងយុវជនខេត្ត បានឡើងធ្វើការប្តេជ្ញាចិត្ត និងមានការជូនកម្រងផ្កាផែនទាំង៧ ដល់គណ:អធិបតី និងបង្ហោះប៉េងប៉ោង ជាកិច្ចបញ្ចប់ពិធីផងដែ៕