(ស្ទឹងត្រែង)៖ គ្រួសារជាងឈើម្នាក់ដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលភាគីអ្នកបើករថយន្ដបង្កជាមន្ដ្រីមន្ទីរកិច្ចការនារី ខេត្តស្ទឹងត្រែង តាំងពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង រហូតមកដល់ពេលនេះ មិនទាន់ទទួលបានដំណោះស្រាយសមស្របណាមួយនោះទេ រហូតសំណុំរឿងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង។

ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ជាជនបង្គោលក្នុងគ្រួសារដែលជាអ្នកទទួលបន្ទុកមើលថែឪពុកម្ដាយ ប្អូនប្រុសស្រី និងក្មួយៗ ហើយជាជាងឈើដែលមានជំនាញម្នាក់នៅមូលដ្ឋាន។ ជនរងគ្រោះឈ្មោះ ហេង ចាន់រស្មី រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ ដោយឡែកអ្នកបើករថយន្ដបង្កឈ្មោះ ប៉ាន បញ្ចារ៉ា ភេទស្រី ជាអនុប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បើករថយន្ដម៉ាក Lexus RX300 ពាក់ផ្លាកលេខ ភ្នំពេញ 2AT-4199។

បើតាមការរៀបរាប់ពីក្រុមគ្រួសារ, ក្រោយពេលកើតហេតុ គ្រួសារជនរងគ្រោះបានជួបជាមួយតំណាងជនបង្ក ដើម្បីចចារទាមទាសំណងដោយសម្តែងពីមនោសញ្ចេតនា និងការយោគយល់តែតំណាងជនបង្ក ស្នើសុំផ្តល់សំណង ត្រឹម២,០០០ដុល្លារ ហើយបន្ថែមជាចុងក្រោយបានលទ្ធភាពត្រឹម២,៥០០ដុល្លារប៉ុណ្ណោះ ទើបក្រុមគ្រួសារជនរងគ្រោះមិនអាចទទួលយកបាន។

បន្ទាប់មកគ្រួសារជនរងគ្រោះបានសម្រេចចិត្តទៅប្តឹងទាមទាររកយុត្តិធម៌ និងសំណងជំងឺចិត្ត នៅសាលាដំបូងខេត្តស្ទឹងត្រែង ទាំងដែលតាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះ អ្នកបើកបររថយន្ដបង្កមិនត្រូវបានឃាត់ខ្លួននោះទេ ពោលនៅមានសេរីភាពធម្មតា។

ក្រោយមកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ គ្រួសារជនរងគ្រោះ បានទៅចរចារជាមួយភាគីជនបង្ក តាមដីកាកោះហៅរបស់សាលាដំបូងខេត្តស្ទឹងត្រែង។ ភាគីជនបង្ក និងតំណាងជនបង្ក បានចូលរួមក្នុងការចរចា តែការចរចារនេះមិនដាច់ស្រេចទេ។

ការជួបជជែកចរចានេះ នៅតែមិនទទួលបានលទ្ធផលដែលធ្វើឲ្យតុលាការបន្ដនីតិវិធីជាបន្ដបន្ទាប់ ហើយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ តុលាការបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនបង្កបណ្ដោះអាសន្ន ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្ដាលឲ្យអ្នកដទៃស្លាប់» ដាក់ពន្ធនាគាខេត្តជាបណ្ដោះអាសន្ន។ ប៉ុន្ដែក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានសំណងរដ្ឋប្បវេណីនៅឡើយទេ។

រហូតនៅពេលថ្មីៗនេះ ក្រុមគ្រួសារជនរងគ្រោះ បានដឹងដំណឹងថា ជនបង្កនៅក្រៅឃុំមានសេរីភាពធម្មតាវិញ ដែលជាហេតុនាំឲ្យមានការព្រួយបារម្ភចំពោះការអនុវត្តច្បាប់លើបុគ្គលជនបង្ក។ ក្នុងន័យនេះ គ្រួសារជនរងគ្រោះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានសាលាដំបូងខេត្តស្ទឹងត្រែង មេត្តាជួយពិនិត្យ និងយកចិត្តទុកដាក់រកយុត្តិធម៌ដល់គ្រួសារជនរងគ្រោះដើម្បីទទួលបានយុត្តិធម៌៕

ជនរងគ្រោះឈ្មោះ ហេង ចាន់រស្មី