(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានថ្លែងទៅកាន់យុវជនឲ្យចង់ចាំថ្ងៃ៧មករា ដែលជាថ្ងៃជ័យជម្នះរបស់កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដឹកនាំថ្នាក់​ដឹក​នាំ សមាជិក សមាជិកា​គណ​បក្សប្រជាជនកម្ពុជា ជិត៦,០០០នាក់ ប្រារព្ធពិធីអបអរសាទរ​ខួប​៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បាន​ចាត់​ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់​ប្រជាជន​កម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត បញ្ចប់​សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យ​ប្រជា​​ពល​រដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ លោកអះអាងថា ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើង​វិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព​សង្គម។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបុរសរដ្ឋដែលបាន​ធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិកម្ពុជា តែងបានគូសបញ្ជាក់ថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការ​បង្ហាញ​ស្មារតីចងចាំ​ជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃ​រណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែល​បានធ្វើការលះបង់យ៉ាងធំធេង​ក្នុងការ​ប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យ​ពូជ​សាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា៕