(ភ្នំពេញ)៖ ឆ្លើយតបនឹងគោលនយោបាយអាទិភាពគន្លឹះ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ នឹងដាក់បន្ថែមសេវាលក់ផ្តាច់ អំណោយផ្តាច់ ហ៊ីប៉ូតែក និងបញ្ចាំតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្តល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿ ទុកចិត្ត។

ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ក្រសួងនឹងដាក់ឱ្យប្រើប្រាស់នូវសេវាសុរិយោដីចំនួន ៤មុខសេវា រួមមាន សេវាលក់ផ្តាច់ អំណោយផ្តាច់ ហ៊ីប៉ូតែក និងបញ្ចាំ តាមប្រព័ន្ធ អនឡាញ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥តទៅ ដែលសាធារណជនទាំងអស់អាចធ្វើការដាក់ពាក្យស្នើសុំតាមរយៈគេហទំព័រ https://mlmupc.gov.kh ឬគេហទំព័រ https://cadastral.mlmupc.gov.kh