(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានលើកឡើងថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដ៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលគេតែងតែហៅថាជា កំណើតទីពីរនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃនោះផងដែរ របបខ្មែរក្រហមដ៏ឃោរឃៅត្រូវបានផ្តួលរំលំ ដែលបង្ហាញពីការបញ្ចប់ជំពូកដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក ថុង ម៉េងដាវិត មកកាន់បណ្ដាញព័ត៌មាន Fresh News។
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ ខាងលើបានបន្តទៀតថា របបខ្មែរក្រហមដែលដណ្តើមអំណាចនៅខែមេសាឆ្នាំ១៩៧៥ និងបានកែប្រែកម្ពុជាទៅជារបបកុម្មុយនិស្តជ្រុលនិយម។ ក្នុងរយៈពេលត្រឹមតែបួនឆ្នាំប៉ុណ្ណោះ ប្រជាជនកម្ពុជាជិតពីរលាននាក់ ប្រហែលមួយភាគបួននៃចំនួនប្រជាជនត្រូវបានសំលាប់ដោយសារការប្រហារជីវិត ការអត់អាហារ ជំងឺរាតត្បាត និងការបង្ខំឱ្យធ្វើការលើសកម្លាំង។ របបខ្មែរក្រហមបានរុះរើស្ថាប័នទាំងអស់ លុបបំបាត់រូបិយបណ្ណជាតិនិងបរទេស បំផ្លាញប្រព័ន្ធសេដ្ឋកិច្ចជាតិ បិទទ្វារសាលារៀននិងវត្តអារាម និងប្រែក្លាយកម្ពុជាទៅជាសង្គមកសិកម្មគ្មានវណ្ណៈ ក្រុមគ្រួសារបែកបាក់គ្នា សាសនាត្រូវបានហាមឃាត់ ហើយការមិនយល់ប្រឆាំងណាមួយនឹងត្រូវខ្មែរក្រហមសម្លាប់ចោល។
លោក ថុង ម៉េងដាវិត បានបន្តថា ថ្ងៃទី៧ មករា បានដកជាប់ក្នុងមនសិការជាតិ និងក្រអៅបេះដូងរបស់ប្រជាជនខ្មែរ ដែលជាជ័យជំនះប្រវត្តិសាស្រ្ត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសឡើងវិញ។ រាជានិយម ដែលជានិមិត្តរូបនៃដួងព្រលឹង និងឯកភាពជាតិរបស់ប្រជាជនកម្ពុជា ក៏ត្រូវបានត្រលប់មកវិញ និងត្រូវបានគោរព និងប្រកាន់ខ្ជាប់រហូតដល់ពេលបច្ចុប្បន្ន។
ថ្ងៃទី៧ ខែមករា គឺជាការចាប់ផ្តើមនៃការរំដោះប្រទេសជាតិដោយកម្លាំងតស៊ូកម្ពុជាដែលគាំទ្រដោយកងទ័ពវៀតណាម បានដណ្តើមយកទីក្រុងភ្នំពេញ និងបណ្តេញខ្មែរក្រហម។ គណបក្សប្រជាជនកម្ពុជា ដែលគេស្គាល់ពេលនោះថាជាគណបក្សបដិវត្តន៍ប្រជាជនកម្ពុជា បានក្លាយជាកម្លាំងនយោបាយដែលត្រូវគ្រប់គ្រងប្រទេសដែលបាត់បង់គ្រប់យ៉ាងស្ទើរតែទាំងអស់។ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ក្នុងការប្រែក្លាយកម្ពុជាពីចំណុចក្តៅនៃជម្លោះ ទៅជាគំរូនៃស្ថិរភាព សន្តិភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងសមាហរណកម្មក្នុងតំបន់។ ការរួមចំណែកដ៏សំខាន់ និងដំបូងបំផុតមួយរបស់គណបក្សប្រជាជនកម្ពុជា គឺការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពសង្គម។ នេះគឺជាការបញ្ជាក់បន្ថែមពីអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ ខាងលើ។
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានបញ្ជាក់បន្ថែមទៀតថា កាត្វកិច្ចនៃការកសាងព្រះរាជាណាចក្រកម្ពុជាឡើងវិញចេញពីផេះនៃរបបខ្មែរក្រហម ត្រូវបានធ្លាក់មកលើឥស្សរជននយោបាយជាន់ខ្ពស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន សម្តេច ជាស៊ីម និងសម្តេច ហ៊ុន សែន ដែលត្រូវរ៉ាប់រ៉ង់កសាងឡើងវិញនូវប្រទេសដែលគ្មានស្ថាប័នដំណើរការ ប្រជាជនអត់ឃ្លាន និងសេដ្ឋកិច្ចដួលរលំ។ គ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមកម្ពុជាត្រូវការការកសាងឡើងវិញរាប់ចាប់តាំងពីការអប់រំ សុខុមាលភាពប្រជាជន ស្បៀងអាហារ សេដ្ឋកិច្ច រហូតដល់ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចសង្គម និងស្ថាប័នរដ្ឋ។
បន្ទាប់ពីថ្ងៃរំដោះ ៧មករា កម្ពុជាគឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អន្តរជាតិ ដោយមានជំនួយតិចតួចបំផុតពីប្រទេសលោកខាងលិច។ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនបានខិតខំប្រឹងប្រែងដោយមិនខ្វល់ពីការនឿយហត់ ដើម្បីផ្តល់សុវត្ថិភាព និងសន្តិសុខ ដោយធានាថាប្រជាជនអាចផ្លាស់ទីលំនៅត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញ ហើយចាប់ផ្តើមកសាងជីវិតរបស់ពួកគេសារជាថ្មី។ តាមរយៈការចរចា និងកិច្ចខិតខំប្រឹងប្រែងផ្នែកយោធា ឥទ្ធិពលរបស់ខ្មែរក្រហមត្រូវបានថយចុះបន្តិចម្តងៗដែលឈានដល់ការធ្វើសាមហរណកម្មនៅចុងឆ្នាំ១៩៩៨ ហើយកម្ពុជាក៏ទទួលបានសន្តិភាពពេញលេញ ក្រោមការដឹកនាំ និងបង្កើតយុទ្ធសាស្រ្ត និងគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលបានបន្តអនុវត្តគោលនយោបាយជាក់ស្តែងនៃការផ្សះផ្សាតាមរយៈការធ្វើសមាហរណកម្មជាតិរួមទាំងខ្មែរក្រហមទៅក្នុងប្រព័ន្ធនយោបាយ និងសង្គមជាតិ ដោយមិនមានការរើសអើស ឬការដាក់ទណ្ឌកម្មអ្វីឡើង និងមានការធានាសិទ្ធិសេរីភាពស្មើគ្នាក្នុងសង្គម។
កត្តាសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺការស្តារឡើងវិញនូវអត្តសញ្ញាណជាតិ តាមរយៈការទទួលយករបបរាជានិយម ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៩៣ ហើយព្រះរាជាណាចក្រកម្ពុជាបានចាប់កំណើត ជាផ្លូវការជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញតាមរយៈការបោះឆ្នោតសកល ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។
រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ក៏បានផ្តោតសំខាន់លើបញ្ហាសន្តិសុខស្បៀងតាមរយៈការអនុវត្តគោលនយោបាយធ្វើឱ្យសកម្មឡើងវិញផលិតកម្មស្រូវ ស្តារនិងកសាងប្រព័ន្ធធារាសាស្ត្រឡើងវិញ និងផ្តល់ដីដល់កសិករ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានវិវឌ្ឍទៅជាកំណែទម្រង់សេដ្ឋកិច្ចទូលំទូលាយ ដែលផ្លាស់ប្តូរកម្ពុជាទៅជាប្រទេសមានប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដែលបង្កភាពទាក់ទាញការវិនិយោគពីបរទេស និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណ និងបញ្ចកោណសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ។ ជាអាទិ៍សេដ្ឋកិច្ច និងផលិតផលជាតិសរុបសម្រាប់ប្រជាជនម្នាក់ៗបានកើនឡើងជាមធ្យម ៧% ប្រចាំឆ្នាំដោយកើនពី ២៤៤ដុល្លារ ក្នុងឆ្នាំ១៩៩៣ មក ១៨៨៦ដុល្លារក្នុងឆ្នាំ២០២៣។
តួនាទីរបស់គណបក្សប្រជាជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍនេះ គឺបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយគណបក្សប្រជាជនកម្ពុជាបានដើរតួនាទីផ្លាស់ប្តូរមួយនេះតាមរយៈការកសាងឡើងវិញនូវស្ថាប័នរដ្ឋ។ សាសនាដែលត្រូវបានហាមឃាត់ក្រោមរបបខ្មែរក្រហមត្រូវបានរស់ឡើងវិញដោយមានការកសាងបន្ថែមនូវព្រះវិហារ ហើយពុទ្ធសាសនាបានក្លាយជាសាសនារបស់រដ្ឋ ហើយវិស័យអប់រំដែលត្រូវបានលុបបំបាត់ទាំងស្រុងក្នុងរបបខ្មែរក្រហមត្រូវបានរស់ឡើងវិញ ដោយសាលារៀនត្រូវបានបើកឡើងវិញ គ្រូបង្រៀនត្រូវបានបណ្តុះបណ្តាល កម្មវិធីសិក្សា និងសាលារៀនជាច្រើនត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យយុវជនកម្ពុជានូវចំណេះដឹង និងជំនាញដែលត្រូវការសម្រាប់អនាគត។ គណបក្សប្រជាជនកម្ពុជាក៏បានដឹកនាំការកសាងសេដ្ឋកិច្ចឡើងវិញផងដែរ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះមួយទៀតនៃរបៀបវារៈកសាងជាតិរបស់គណបក្សប្រជាជនកម្ពុជា។
ផ្លូវ ស្ពាន និងប្រឡាយប្រព័ន្ធធារាសាស្ត្រត្រូវបានសាងសង់ឡើងវិញ ដោយភ្ជាប់សហគមន៍ជនបទទៅនឹងទីប្រជុំជន និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមានការរីកចម្រើន។ ការផ្តោតសំខាន់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនលើហេដ្ឋារចនាសម្ព័ន្ធ នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ ដោយប្រទេសកម្ពុជាឥឡូវនេះ មានផ្លូវល្បឿនលឿន អាកាសយានដ្ឋានអន្តរជាតិនិងពហុកីឡាដ្ឋានទំនើប និងបង្កើនលទ្ធភាពទទួលបានអគ្គិសនី និងទឹកស្អាតសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។
ក្នុងរយៈពេល៤៦ឆ្នាំចុងក្រោយនេះ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ក្របខណ្ឌការកសាងសន្តិភាព និងសន្តិសុខជាមួយប្រទេសជិតខាង រួមជាមួយនឹងការទូតសកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទទួលស្គាល់ពីអន្តរជាតិ។ អ្វីដែលជាទីមោទនភាពទៀតនោះ គឺរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបាននូវសមិទ្ធផល និងកិត្យានុភាពយ៉ាងខ្លាំងលើឆាកអន្តរជាតិ ដោយសារតែកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១២ ក្នុងចំណោម ១៩៣ ប្រទេស ក្នុងបេសកកម្មថែររក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្នកម្ពុជាបានបញ្ចូនកងទ័ពមួកខៀវចំនួនជាង៩៥៧០នាក់ ទៅកាន់ប្រទេសចំនួន ១០ ដែលកំពុងញាំញីដោយសង្រ្គាម ហើយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាត្រូវជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មាធិការកសាងសន្តិភាព អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០២៥-២០២៦ ដែលនេះក៏ជាការបង្ហាញពីការទុកចិត្តពីសហគមន៍អន្តរជាតិលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការពង្រីកតួនាទីរបស់ខ្លួនក្នុងការទូតអន្តរជាតិ។
ដូច្នេះថ្ងៃទី៧ មករា គឺលើសពីថ្ងៃប្រវត្តិសាស្ត្រ តែវាក៏ជានិមិត្តរូបនៃការរស់រានមានជីវិតសារជាថ្មី
សម្រាប់ប្រជាជនកម្ពុជាទាំងមូល។ វាគឺថ្ងៃដែលប្រទេសកម្ពុជាត្រូវបានផ្តល់ឱកាសជាលើកទីពីរ ជាឱកាសដើម្បីផ្តល់លទ្ធភាពដើម្បីកសាង និងកំណត់ផ្លូវថ្មីសម្រាប់អនាគតប្រជាជនសារជាថ្មី។ ការរួមចំណែករបស់គណបក្សប្រជាជនកម្ពុជាក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រជាជាតិនេះ បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កសាងកម្ពុជាប្រកបដោយស្ថិរភាព វិបុលភាព ប្រជាជនមានចំណេះដឹងខ្ពង់ខ្ពស់ និងជំនាញច្បាស់លាស់។
ខណៈពេលដែលបញ្ហាប្រឈមនៅតែបន្តមាន សមិទ្ធផលនិងការរីកចម្រើនដែលសម្រេចបាននាពេលបច្ចុប្បន្ន គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងស្មារតីរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន និងបន្តវេនដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ថ្ងៃ ៧មករា គឺជាថ្ងៃរំលឹកដល់ការលះបង់ និងការតស៊ូរបស់វីរៈជនខ្មែរ និងជ័យជំនះដែលសម្រេចបាន វាក៏ជាថ្ងៃមួយដើម្បីជាការគោរពនូវភាពរឹងមាំរបស់ប្រជាជាតិមួយ និងដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជាសង្គមទំនើប និងសេដ្ឋកិច្ចខ្ពស់សម្រាប់ជំនាន់ក្រោយៗទៀត ក្រោមចក្ខុវិស័យ ២០៣០និង២០៥០៕