(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានចូលរួមជាអធិបតី ក្នុងមិទ្ទិញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា(៧ មករា ១៩៧៩-៧ មករា ២០២៥)។
ពិធីនេះ ដោយចូលរួមពីសំណាក់ លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកសមាជិកាក្រុមប្រឹក្សាស្រុក ព្រមទាំងជួរថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, ក្រុមយុវជនទាំងបីប្រភេទ និងប្រជាពលរដ្ឋ ព្រះសង្ឃ ប្រមាណជាង១,០០០ អង្គ/នាក់។ ពិធីនេះ បានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅវិទ្យាល័យហ៊ុន សែនត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានថ្លែងសន្ទរកថា ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ដោយបានលើកឡើងថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។
៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យជា មូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឱនកាយវាចារចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិ ជាង៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នង ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសូមឧទ្ទិសបួងសួង សូមឱ្យអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដ៏រាប។
លោកអភិបាលស្រុក បន្តថា គិតមកដល់ពេលនេះ ៤៦ឆ្នាំហើយ ដែលកម្ពុជាយើង បាននឹងកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងភាពធ្វើជាម្ចាស់លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ឈានទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅមុខ ឆ្ពោះទៅរកត្រើយ នៃវិបុលភាពកាន់តែរុងរឿង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ បានដឹកនាំប្រទេសកម្ពុជា ឱ្យទទួលបានសន្តិភាពពេញលេញ មានការឯកភាពរួបរួមជាតិ អភិវឌ្ឍន៍ទឹកដី ក្នុងល្បឿនគួរឱ្យមោទនៈ ពិសេសក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ស្តែងចេញពីនេះ សម្តេចត្រូវបានទទួលការគាំទ្រយ៉ាងទូលំទូលាយ ពីប្រជាជន ដោយបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការគាំទ្រ មានទំនុកចិត្តលើការគ្រប់គ្រងដឹកនាំ និងបន្តដំណើរការ កែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដោយផ្អែកទៅលើសាមគ្គីភាព គតិបណ្ឌិត ទេព្យកោសល្យ ភាពអង់អាចក្លាហាន និងសេចក្តីព្យាយាម ដើម្បីជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងសង្គមជាតិ ឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់ ឱ្យកាន់តែល្អប្រសើរ។
លោក អ៉ឹម ច័ន្ទសោធន បន្តលើកឡើងទៀតថា រហូតមកដល់បច្ចុប្បន្ន ស្មារតី ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន៕