(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំ អភិបាលរងខេត្ត, ប្រធានមន្ទីរ អង្គភាព កម្លាំងសមត្ថកិច្ច, អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសមាជិក គណបក្សប្រជាជនខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ខេត្តកំពង់ធំ។

នាឱកាសនោះ លោក នួន ផារ័ត្ន បានអានសុន្ទរកថា ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អបអរសាទរខួប ៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីបានអានសុន្ទរកថា ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន រួច លោក នួន ផារ័ត្ន បានបង្ហាញសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមជាមួយព្រះតេជគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីមិទ្ធីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។

លោកបញ្ជាក់ថា ការប្រារព្ធពិធីមិទ្ធីញនេះ ស្របពេលដែលគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេស បាននឹងកំពុងប្រារព្ធពិធីនេះយ៉ាងអធិបអធម ពិសេសការរៀបចំប្រារព្ធមិទ្ទីញដ៏ធំ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា។

លោក នួន ផារ័ត្ន បញ្ជាក់ថា គោលបំណងនៃការរៀបចំទិវាជ័យជំនៈ ៧ មករា គឺដើម្បី៖

ទី១៖ ធ្វើឲ្យសមាជិក សមាជិកាគណបក្ស និងមហាជន បានយល់ច្បាស់អំពីប្រវត្តិ និងអត្ថន័យដ៏ថ្លៃថ្លាបំផុតនៃជ័យជំនះ ៧ មករា សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ លើមូលដ្ឋាននោះ ចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុងឧត្តមរបស់វីរយុទ្ធជន យុទ្ធនារី និងអ្នកសេ្នហាជាតិ ព្រមទាំងមិត្តភក្តិទាំងឡាយ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចបំផុត ក្នុងការប្រយុទ្ធដើម្បីផ្តួលរំលំ របបប្រល័យពូជសាសន៍ និង ការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។

ទី២៖ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អំពីសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តរបស់ជាតិដែលសម្រេចបានក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងមេរៀន បទពិសោធន៍ដ៏ថ្លៃថ្លារបស់ជាតិ ហើយប្តេជ្ញាថែរក្សា ពង្រឹង និងពង្រីកសមិទ្ធផលទាំងនេះ ឲ្យបានស្ថិរស្ថេរ គង់វង្ស និងរីកចម្រើនតទៅមុខទៀត។

ទី៣៖ ធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិ បានឃើញច្បាស់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ និងការប្រកាន់ខ្ជាប់នយោបាយ ការបរទេសឯករាជ្យ ដោយផ្អែក លើច្បាប់ ការពារដាច់ខាតនូវអធិបតេយ្យជាតិ។

ទី៤៖ ពង្រឹងកម្លាំងមហាសាមគ្គីភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សាសន្តិភាព ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រប់សរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឲ្យបានសម្រេចជោគជ័យ និងលុបបំបាត់នយោបាយជ្រុលនិយម គ្រប់រូបភាពឲ្យអស់ពីកម្ពុជា៕