(ព្រៃវែង)៖ លោក ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ៧មករា ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច។

ការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ៧មករានេះ ដើម្បីបង្ហាញការចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុត របស់កម្មាភិបាលវីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបនេះ វិលត្រឡប់មកវិញ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៦ឆ្នាំ (០៧ មករា ១៩៧៩-០៧ មករា ២០២៥) ដែលប្រទេសកម្ពុជាយើងត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត។ ក្នុងរបបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើឲ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) លោក ហ៊ឺ បាវី បានលើកឡើងថា ថ្ងៃ៧ មករា១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយពីព្រោះបានកើតចេញពីការលះបង់សាច់ ស្រស់ឈាម ស្រស់និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។

លោកបានបន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ។ ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឱនកាយវាចារចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិជាង ៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នង ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសូមឧទ្ទិសបួងសួង សូមឱ្យអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដ៏រាប។

គួរជម្រាបថា គិតចាប់តាំងពីឆ្នាំ២០០០មក លោក ហ៊ឺ បាវី បានចាប់ផ្តើមជួយលើវិស័យកសិកម្ម នៅក្នុងស្រុកព្រះស្តេច ជាក់ស្តែងប្រព័ន្ធធារាសាស្ត្រ រាប់រយគីឡូម៉ែត្រ ទាំងប្រឡាយមេ និងប្រឡាយជើងក្អែប ត្រូវបានសាងសង់ឡើង ដោយមានការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការបណ្តុះបណ្តាលពីមន្ត្រីជំនាញ ដើម្បីជួយដល់ប្រជាកសិកម្ម ឱ្យមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការដាំដុះស្រូវ។

កន្លងមកកសិករក្នុងមូលដ្ឋាននេះ អាចធ្វើស្រែបានតែ១លើកប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយពេលខ្លះស្រូវស្កកទៅទៀត ដោយសារខ្វះទឹក ប៉ុន្តែមកទល់បច្ចុប្បន្ន ពួកគាត់អាចធ្វើស្រែបានដល់២លើកក្នុងមួយឆ្នាំ និងកន្លែងខ្លះរហូតដល់៣លើកក្នុងមួយឆ្នាំ ដោយសារមានទឹកគ្រប់គ្រាន់ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋ មានភាពធូរធារជាងមុន៕