(ព្រៃវែង)៖ លោក លួ រ៉ាបូ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំពោធិ៍រៀង ខេត្តព្រៃវែង បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព មានសុខសន្តិភាព ទើបមានសុខដុមនីយកម្មគ្រួសារ និងសាសនា។

ការអំណូមពរបែបនេះរបស់លោក លួ រ៉ាបូ នៅក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)  ដែលបានប្រារព្ធធ្វេីនៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ដោយមានការចូលរួមពីលោកអភិបាលស្រុក ព្រះសង្ឃ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ ឃុំ ក្រុមប្រឹក្សាឃុំ កិច្ចការនារីឃុំ ស្មៀន មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ មេភូមិ ប្រជាការពារ នាយកសាលា អាចារ្យ គណៈកម្មការវត្ត យុវជនកាយរិទ្ធ កាកបាទក្រហម ស.ស.យ.ក ប្រជាពលរដ្ឋគ្រប់ភូមិ និងអ្នកពាក់ព័ន្ធចំនួន ៤៨៣អង្គ/នាក់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងនាមក្រុមការងារ ក្នុងឱកាសនោះ លោក លួ រ៉ាបូ បានលើកឡើងថា ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ជាទុនឱ្យយើងអាចកសាងសន្តិភាពបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោក លួ រ៉ាបូ បានបន្តថា ថ្នាក់ដឹកនាំជំនាន់មុនបានតស៊ូធ្វើពលិកម្មគ្រប់បែបយ៉ាងជម្នះរាល់ឧបសគ្គនិងការលំបាករាប់ម៉ឺនជំពូកក្នុងបុព្វហេតុជាតិមាតុភូមិនាំប្រទេសជាតិចេញផុតទាំងស្រុងពីគ្រោះប្រល័យពូជសាសន៍ក្រោមនយោបាយឈ្នះឈ្នះ យើងបញ្ចប់សង្គ្រាមនាំមកនូវការ ឯកភាពជាតិ ឯកភាពទឹកដី បង្កើតបាននូវសន្តិភាព ពេញលេញ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានសន្តិភាព និរន្តភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ លោក លួ រ៉ាបូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តរក្សាបាននូវសុខសន្តិភាព «មានសន្តិភាពទើបមានការអភិវឌ្ឍ» ហើយអ្វីៗទាំងអស់រីកចម្រើនលូតលាស់ទៅបានគឺជាផ្លែផ្កានៃសុខសន្តិភាព មានវិបុលភាព មានសុខដុមនីយកម្មគ្រួសារ សុខដុមនីយ៍កម្មសាសនា ហើយបាននឹងកំពុងធ្វើដំណើរទៅមុខតាមទិសដៅមាគ៌ានយោបាយដ៏ត្រឹមត្រូវឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕