(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោក មាស សុភា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កើតរបស់លោក។

តាមរយៈសារលិខិតរំលែកមរណៈទុក្ខ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំមានសេចក្តីក្រៀមក្រំក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹង មរណភាពរបស់ មហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កើតរបស់លោក កាលពីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០:៤០នាទីព្រឹក ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ»។

សម្តេចប្រធានរដ្ឋសភា បានបន្តថា មរណភាពរបស់ មហាឧបាសិកា គង់ លាន់ គឺជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ជា ទីគោរពស្រឡាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗ ដល់កូនចៅសាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ ឱ្យក្លាយជាធនធានដ៏មានតម្លៃ ក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសុខដុមរមនាសង្គមឱ្យបានរីកចម្រើនជារៀងរហូតមក។

សម្តេចបានបញ្ជាក់បន្ថែមថា ក្នុងវេលាប្រកបដោយសេចក្ដីក្ដុកក្ដួលរំជួលចិត្ត សោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ខ្ញុំសូមចូលរួម រំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និង ញាតិមិត្តជិតឆ្ងាយទាំងអស់នៃសព ដោយសេចក្តីសោកសង្វេគពេកពន់ប្រមាណ និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា គង់ លាន់ សូមបានទៅចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបី ឃ្លៀងឃ្លាតឡើយ៕