(ក្រចេះ)៖ បងប្អូនប្រជាកសិកររស់នៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងតែសប្បាយរីករាយក្នុងការប្រមូលទិន្នផលស្រូវ ក្រោយពីបានទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះក្នុងការស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ នាពេលចុងរដូវវស្សាកន្លងមកនេះ។
ជាក់ស្តែងនារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំបូសលាវ ដែលបានកំពុងទទួលផលដោយផ្ទាល់ពីពូជស្រូវផ្តល់ ជូនដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្ត។
ត្រង់ចំណុនេះលោករដ្ឋមន្ត្រី បានលើកឡើងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបនឹងការលំបាក ដូចជាគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរឡើងវិញ។
សម្រាប់លោកអ៊ុំ ណៃ ឃី មេឃុំបូសលាវ បានឱ្យដឹងថា នៅក្នុងឃុំរបស់លោក មានប្រជាពលរដ្ឋប្រមាណ ៦៣០គ្រួសារ បានទទួលពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុង១គ្រួសារទទួលពូជស្រូវ១០០គីឡូក្រាម តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្ត ហើយក្នុងឃុំមានផ្ទៃដាំស្រូវជាង៤០០ហិកតា នៅក្នុង១ហិកតា ទទួលបានទិន្នផលស្រូវចន្លោះ៥ ទៅ៦តោន។
លោកមេឃុំបូសលាវ បានឱ្យដឹងថា សម្រាប់ទិន្នផលស្រូវដែលទទួលពូជពីរាជរដ្ឋាភិបាល គឺទទួលបានផលល្អជាងឆ្នាំមុនៗ ពីព្រោះការអន្តរាគមន៍ផ្តល់ពូជស្រូវបានទាន់ពេលវេលា ក្នុងរដូវបង្កបង្កើនផល ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់មន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ពីស្ថានភាពបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាកុំឱ្យស្រូវជួបប្រទះនឹងគុណភាពមិនល្អជាដើម។
ក្នុងឱកាសនោះដែរ តំណាងប្រជាកសិករ ដែលទទួលបានគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាល និងទើបប្រមូលផលស្រូវរួចរាល់បានបញ្ជាក់ថា គ្រាប់ពូជស្រូវដែលទទួលបានកន្លងមកនេះ គឺបានដុះលូតលាស់បានល្អ និងមិនមានការបំផ្លាញពីសត្វល្អិតទេ ដែលបញ្ហានេះបានធ្វើឱ្យប្រជាកសិករមានសេចក្តីត្រេកអរ និងការជួយអន្តរាគមន៍ភ្លាមៗ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលក្រោយពីទឹកជំនន់ ដូចជា៖ ផ្តល់ពូជស្រូវ និងស្បៀងជាដើម ដើម្បីធ្វើការស្ដារការដាំដុះឡើងវិញបានទាន់ពេលវេលា នឹងអាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់បានមួយផ្នែកធំផងដែរ។
យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ បានបង្ហាញពីចំនួនគ្រួសារ ដែលទទួលបានគ្រាប់ពូជស្រូវពី រាជរដ្ឋាភិបាល ដើម្បីស្ដារឡើងវិញ នៅតាមបណ្ដាក្រុង ស្រុកក្នុងខេត្តក្រចេះ រួមមាន៖ ក្រុងក្រចេះ បានទទួល ១៨៣គ្រួសារ, ស្រុកឆ្លូង បានទទួល ១,៣២៥គ្រួសារ, ស្រុកព្រែកប្រសព្វ បានទទួល ២,០៨៨គ្រួសារ, ស្រុកចិត្របុរី បានទទួល ២,៣៦៩គ្រួសារ និងស្រុកសំបូរ បានទទួល ៩២គ្រួសារផងដែរ។
សម្រាប់ដំណាំស្រូវប្រចាំឆ្នាំ២០២៤ ក្នុងខេត្តក្រចេះអនុវត្តបាន ចំនួន ៧៤,៦៨៨ហិកតា ស្មើនឹង ១០២,៩២% នៃផែនការ ៧២,៥៧០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៧៤,១៩១ហិកតា ច្រើនជាងឆ្នាំមុនចំនួន ១៩,៥៣២ហិកតា ទិន្នផលមធ្យម ៣,២១១ គីឡូក្រាម/ ហិកតា តិចជាងឆ្នាំមុន ១០២គីឡូក្រាម/ហិកតា បរិមាណផល សរុបចំនួន ២៣៨,២៣៤តោន ច្រើនជាងឆ្នាំមុនចំនួន ៥៧,១៧០តោន៕